ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព)លោកទេស រដ្ឋមន្ត្រី ឱម យិនទៀង បានកោះហៅលោក រៀល ខេមរិន្ទ្រ តំណាង រាស្ដ្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្ត ស្វាយរៀង ឲ្យចូលបំភ្លឺជាថ្មីលើពាក្យចោទប្រកាន់ពាក់ព័ន្ធនឹងអំពើពុករលួយ។
យោងតាមលិខិតលេខ ៥៩៩/១៥ ល.ឆ.ត.ប.អ.ព ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ របស់អង្គភាពប្រឆាំងអំពើពុករលួយ លោក រៀល ខេមរិន្ទ្រ ត្រូវ បាន អ.ប.ព កោះហៅចូលបំភ្លឺម្តងរួចហើយ ចំពោះបណ្ដឹងចោទប្រកាន់លើរូបលោកដែលថា បានកេងប្រវ័ញ្ចទទួលយកប្រាក់ជាច្រើនម៉ឺនដុល្លារអាមេរិក ពីការរៀបចំដំណើរមើលបង្គោលព្រំដែនកម្ពុជា-វៀតណាម។
លិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលសារព័ត៌មានក្នុងស្រុកទទួលបាននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ នេះបានលើកឡើងថា ការ ចូលបំភ្លឺដោយលំៗ និងមិនមានឯកសារច្បាស់លាស់សម្រាប់បញ្ជាក់មកជាមួយទេនោះ គឺជាការលំបាកធ្វើឲ្យជឿជាក់លើភាពស្មោះត្រង់របស់ លោកណាស់។
ក្នុងលិខិតដដែលនេះក៏បានរំលឹកផងដែរថា ជាការងាយស្រួលទេ ប្រសិន បើលោកអាចភ្ជាប់មកឲ្យ អ.ប.ព បាននូវ ៖
– បញ្ជីឈ្មោះ និងទឹកប្រាក់ដែលម្នាក់ៗបានចូលរួមវិភាគទាន – លើមូលដ្ឋាននេះ ម្ចាស់អំណោយអាចផ្ទៀងផ្ទាត់ថា តើមានបាត់ឈ្មោះ និងទឹកប្រាក់ចំណាយរបស់គេម្នាក់ៗដែរ ឬទេ?
– បញ្ជីចំណាយទាំងអស់ដែលលោកបានចាយវាយជាមួយតារាងសម តុល្យផង។
– ឯកសារទទួល ការគ្រប់គ្រង ការចាត់ចែងថវិកាដែលលោកបានរៀបចំ។
ទោះជាយ៉ាងណាក្តី បច្ចុប្បន្ននេះ អ្នកតំណាងរាស្ដ្រមណ្ឌលស្វាយរៀងលោក រៀល ខេមរិន្ទ្រមិនមានវត្តមាននៅក្នុងប្រទេសកម្ពុជាទេ៕ ដោយ៖ខេមរា