ខេត្តរតនគិរីៈ ប្រជាពលរដ្ឋរិៈគន់ថៅកែដេប៉ូឈើមួយកន្លែងក្នុងក្រុងបានលុង ដែលមានទី តាំងស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ម្ចាស់ដេប៉ូឈើខាងលើនោះត្រូវគេស្គាល់ថាឈ្មោះ ងិន អូន ជាមន្ត្រីនគរបាលដែលមានឋានៈតួនាទីនាយរងកណ្តាលកាលរិយាល័យប្រឆាំងបទល្មើសស្នងការខេត្ត។
មន្ត្រីអាជ្ញាធរមួយរូបសុំមិនបញ្ចេញឈ្មោះបានខ្សឹបប្រាប់ឲ្យដឹងថា ឈើ ដែលដាក់លក់ក្នុងដេប៉ូឈើរបស់មន្ត្រីប៉ូលិសលោក ងិន អូន ក្នុងក្រុងបានលុងនោះ ជាឈើដែលដឹកមកពីស្រុកកូនមុំ ហើយជាឈើមិនស្របច្បាប់បន្លំដឹកចូលក្នុងដេប៉ូស្របច្បាប់ ។លោក ងិន អូន បានដាក់បណ្តាញកម្មករក្នុងស្រុកកូនមុំអោយកាប់ទន្ទ្រានយកឈើពីព្រៃសហគមន៍ និងដែនជំរកស្រុកកូនមុំ។ ទីតាំងដែលលោកងិន អូន អោយកម្មករចូលទៅអារយកឈើនោះនៅត្រង់ចំណុចភ្នំត្រងោល ទី២នៅចំណុចច្រកអាង ដែលមានទីតាំងស្ថិតនៅភូមិឆ្កែហត់ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។ ឈើខាងលើនេះមានប្រភេទឈើ សក្រំ កកោះ នាងនួន ពពេល ត្រាច ស្រឡៅ និងប្រភេទឈើល្អៗផ្សេងទៀត។
ប្រជាពលដ្ឋស្រុកកូនមុំដែលមានផ្ទះក្បែរកន្លែងដាក់ឈើនោះបានរាយ ការណ៍ឲ្យភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ៍ ដឹងថា មេឈ្មួញឈើដ៏ធំខាងលើនោះ បានដាក់កម្លាំងអោយចូលទៅកាប់បំផ្លាញយកឈើប្រណីតពីក្នុង តំបន់ហាមឃាត់អស់រយ:ពេលជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែមិនដែលឃើញមានសមត្ថកិច្ចជំនាញហ៊ានមកបង្ក្រាបទេ ។ ការមិនអើពើបង្ក្រាបបទល្មើសព្រៃឈើដែលបង្កឡើងដោយមន្ត្រីនគរបាលលោក ងិន អូន ខាងលើនេះ មិនដឹងថា បណ្តាលមកពីលោក ងិន អូន មានឋាន:ខ្ពស់ពេក ឬបណ្តាលមកពីលុយនោះទេ….?។
ប្រជាពលរដ្ឋបានបន្តថា លោក ងិន អូន ធ្លាប់បានកាប់បំផ្លាញឈើក្នុងដែនព្រៃសហគមន៍ប្រើកម្លាំងអារឈើ និងកាប់ឈើដឹកចេញពីព្រៃក្នុងតំបន់ខាងលើជិត២០ឆ្នាំមកហើយ មិនមែនជាជើងថ្មីក្នុងការរកស៊ីឈើខុសច្បាប់ ២-៣ឆ្នាំនេះទេ ឈើមួយចំនូនដឹកមកដាក់លក់ក្នុងដេប៉ូរបស់ ខ្លួន និងចែកចាយដល់ដេប៉ូផ្សេងទៀតក្នុងក្រុងបានលុង ឬបញ្ជូនទៅវៀតណាម ។គេជឿថា លោក ងិន អូន ប្រាកដជាបានរៀបចំបណ្តាញពុករលួយដើម្បីបិទបាំងបទល្មើសរបស់ខ្លួនជាមួយមន្ត្រីជំនាញគ្រប់ជាន់ ថ្នាក់ក្នុងខេត្តអស់ហើយ ទើបបានជាលោកអាចបន្តរកស៊ីបានយ៉ាងរលូនយូរឆ្នាំបែបនេះ។
គួរបញ្ជាក់ផងដែរថា ជាក់ស្តែងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ នេះភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ៍ បានសាកសួរបន្ទាប់ពីការប្រទះឃើញឈើដែលរៀបដាក់លើរថយន្តខ្លះៗ ហើយត្រូវតៃកុងរថយន្ត និងលោក ងិន អូន ទទួលស្គាល់ថា ពិតប្រាកដជាឈើរបស់ខ្លួន( ងិន អូន)ប្រាកដមែន។
លោក វង្ស សុក្រសិរី ប្រធានរដ្ឋបាលព្រៃឈើរតនគិរីបានប្រាប់ភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ៍ តាមទូរស័ព្ទថ្ងៃទី ១២ កញ្ញានេះថា លោកកំពុងនៅទីក្រុងភ្នំពេញ មេឃភ្លៀងខ្លាំងពេកស្តាប់ទូរស័ព្ទមិនច្បាស់ទេចាំដល់ថ្ងៃចូលធ្វើការចាំខលមកលោកម្តងទៀត។
ចំណែកលោកស្នងការនគរបាលខេត្តរតនគីរី ដែលជាមេកោយរបស់ លោក ងិន អូន មិនអាចទាក់ទងសុំការពន្យល់បានទេកាលពីរសៀលថ្ងៃទី១២ ខែកញ្ញា នេះ ពាក់ព័ន្ធនឹងករណីមន្ត្រីក្រោមឱវាទប្រើប្រាស់ឥទ្ធិពលកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋទៅរកស៊ីឈើខុសច្បាប់ដូចលោក ងិន អូន កំពុងធ្វើរាល់ថ្ងៃនេះ៕ដោយ:ឡុង សារ៉េត