​ឡាន​ដឹកឈើ​ប្រណីត​ខុសច្បាប់​របស់​ឧកញ៉ា សឹង្ហ សំអុល ក្រឡាប់​នៅ​ស្រុក​ស្នួល​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 September, 2015 ក+ ក-

​ខេត្តក្រចេះ ៖​រថយន្ត​ភ្លៅ​៥​មួយគ្រឿង​ដឹកឈើ​ប្រណីត​ជាង​៧០​ម៉ែត្រ​គីប​ដែល​គេ​ស្គាល់​ថា ជា​កម្មសិទ្ធិ​របស់​ឈ្មួញ​ឈើ​ដ៏​ល្បី​ម្នា​ក់នៅ​ខេត្តក្រចេះ​គឺ​ឧកញ៉ា សឹង្ហ សំអុល បាន​ក្រឡាប់​ហើយ​ក្អួត​ចេញ​សុទ្ធតែ​ឈើ​ប្រណីត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ចុងខែ សីហា នៅត្រង់ចំណុច K3 ផ្លូវ​ចូល​ក្រុមហ៊ុន​៩៩៩៩ ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ពី​ផ្លូវ​លេខ​៧៦ ក្នុងភូមិ​ក្រញូង​សែន​ជ័យ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ។​

​ហេតុការណ៍​ក្រឡាប់​រថយន្ត​ហើយ​ក្អួត​ចេញ​ឈើ​ប្រណីត​ខុសច្បាប់​នោះបាន ធ្វើ ឲ្យ​កកស្ទះ ចរាចរណ៍​មួយ​រយះ​ទម្រាំ​ក្រុម​សមត្ថកិច្ច​ស្ទួ​ច​យក​រថយន្ត​នោះ​ចេញ​។ មូល​ហេតុដែល​បណ្តាល​ឲ្យ​ក្រឡាប់​ព្រោះតែ​រថយន្ត​ផ្ទុក​ឈើ​ប្រណីត​ច្រើនពេក​គ្រា​ដែល​ផ្លូវ​ទ្រុឌទ្រោម និង​រងទឹក​ភ្លៀង​ទន់ជ្រាយ​ធ្វើ​ឲ្យ​ផុង​កង់​រថយន្ត​ក្រឡាប់​តែម្តង ។​

​ក្រោយពេល​ក្រឡាប់​រថយន្ត​ផ្ទុក​ឈើ​ប្រណីត​ខុសច្បាប់​រាប់សិប​ម៉ែត្រ​គីប​នេះ គេ​ឃើញ​ក្រុម​អ្នកសារព័ត៌មាន​ចុះ​យក​ព័ត៌មាន និង​ថតរូប​យ៉ាងច្រើន​កុះករ​។ ប៉ុន្តែ​មិនមាន​សារព័ត៌មាន​ណា​បាន​ចុះផ្សាយ​នោះឡើយ ព្រោះតែ​មេកា​លោក​ឧកញ៉ា សឹង្ហ សំអុល បាន​ឈរ​កាង​នៅ​ទីនោះ រួមជាមួយ​ការសន្យា​ថា នឹង​ផ្តល់​លុយ​ឲ្យ​ដើម្បី​ជា​ថ្នូរ​កុំ​ឲ្យ​មានការ​ចុះផ្សាយ​។​

​យ៉ាងណាក៏ដោយ អ្នកឃើញ​ហេតុការណ៍​ខាងលើនេះ​បានលើកឡើង​ថា ករណី​ក្រឡាប់​រថយន្ត​ដឹកឈើ​នោះ​ជា​ភស្តុតាង​នៃ​អំពើពុករលួយ​និង​ឥត​ប្រកែក​បាន ដែល​បង្កឡើង​ដោយ​ក្រុម​ដៃជើង​សំខាន់ៗ​របស់​ឧកញ៉ា សឹង្ហ សំអុល  រួមទាំង​ឈើ​ដែល​ធ្លាក់​រាយប៉ាយ​គឺជា​ភស្តុតាង​សមល្មម​អាច​វែកមុខ​ឧក្រិដ្ឋជន​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គៀល​នៅ​ខេត្តក្រចេះ​បាន​ហើយ​។​

​គួរ​កត់សម្គាល់ថា រហូតមកដល់​ពេលនេះ​ពុំមាន​សារព័ត៌មាន​ណាមួយ​ចេញផ្សាយ​ព័ត៌មាន​ទាក់ទង​ការ​ក្រឡាប់​រថយន្ត​ដឹកឈើ​ប្រណីត​ល្មើសច្បាប់​របស់​ឧកញ៉ា សឹង្ហ សំអុល នោះទេ ព្រោះថា​ពួកគេ​ប្រហែលជា​រង់ចាំ​ការសន្យា​ផ្តល់​លុយ​ពេល​បំណាច់​ខែ​របស់​មេការ​ឧកញ៉ា អុល នោះ​ហើយ​។​

​តាម​ប្រភពព័ត៌មាន​ផ្សេងទៀត​ដែល មេគង្គ​ប៉ុស្តិ៍ ទទួលបាន​ចុងក្រោយ​បាន​ឲ្យ​ដឹងថា ឈើ​ដែល​ផ្ទុក​ក្នុង​រថយន្ត​ភ្លៅ​៥​ដែល​ក្រឡាប់​នោះ ជា​ឈើ​របស់លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ​ទៅវិញ ។ ប៉ុន្តែ​មូលហេតុ​ដែល​មេកា​លោក​ឧកញ៉ា សឹង្ហ សំអុល ចេញមុខ​ការពារ​នោះ ព្រោះថា​មេកា​លោក​ឧកញ៉ា សំអុល ឈ្មោះ ថុ​ន គឺជា​ជន​ពូកែ​ខាង​រត់ការ​កាង​រថយន្ត​ដឹកឈើ​ខុសច្បាប់​សូកប៉ាន់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​គ្រប់​ច្រកល្ហក​។ ដូច្នេះហើយ​ទើប​លោកស្នងការ​ខេត្ត​បានប្រគល់​សិទ្ធិ​ឲ្យ​មេការ​រូបនោះ​ឈរ​កាង និង​រត់ការ​បើកផ្លូវ​ឲ្យ​រថយន្ត​ដឹកឈើ​ប្រណីត​ខុសច្បាប់​ខាងលើនេះ​បានធ្វើ​ដំណើរ​ទៅដល់​គោលដៅ​។​

ពាក់ព័ន្ធ​ទៅនឹង​ព័ត៌មាន​ខាងលើ​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ​មិនអាច​ស្វែងរក​សុំ​ការបំភ្លឺ​បានទេ​។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​រិះគន់ថា អ្វីដែល​គេ​បាន និង​កំពុង​កត់សម្គាល់​នោះ​គឺ​ក្រុម​លោក​ឧកញ៉ា សំអុល មិនដែល​រកស៊ី​អ្វីដែល​ស្របច្បាប់​នោះទេ ជាពិសេស​ការកាប់បំផ្លាញ​និង​ជំនួញ​ឈើ​តែម្តង ។ ហេតុដូច្នេះ​ហើយ​ទើប​ឈ្មោះ​លោក​ឧកញ៉ា សឹង្ហ សំអុល ត្រូវបាន​គេ​ស្គាល់​ជាទូទៅ​ថា ជា​មេខ្លោង​រកស៊ី និង​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាងសកម្ម​នៅ​ខេត្តក្រចេះ និង​ខេត្ត​ជាប់​ព្រំប្រទល់​គ្នា​។ ប្រភព​បន្តថា មូលហេតុ​ដែល​លោក​ឧកញ៉ា សំអុល នៅតែ​ជួប​សំណាង​ល្អជា​ក្នុង​មុខ​ជំនួញ​ខុសច្បាប់​របស់ខ្លួន ព្រោះតែ​ក្រុម​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ សុទ្ធតែ​លូកដៃ​ទទួល​លុយ​លោក​ឧកញ៉ា សំអុល ជា​ថ្នូរ​នឹង​ការធ្វើ​មិនដឹងមិនឮ​ចំពោះ​បទល្មើស​ព្រៃឈើ​ដែល​បង្កឡើង​ដោយ​លោក សឹង្ហ សំអុល ។​

មជ្ឈដ្ឋាន​ដដែល​បាន​អំពាវនាវ​សូម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ​សើរើ​ការរកស៊ី​ឈើ​ខុសច្បាប់​របស់​ឧកញ៉ា សឹង្ហ សំអុល ក៏ដូចជា​ឧកញ៉ា ទ្រី ភាព ស្អី​នោះ​ផង មិនគួរ​បន្ត​ទុក​ឲ្យ​ពួកគេ​ប្រព្រឹត្ត​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការបំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គៀល​នោះ​ទៀតឡើយ​៕

ដោយ​៖ស៊ី​ណាត​

cfdxdd

vgbgfff

fdrggg