ក្រសួងសុខាភិបាល​បញ្ជា​ឲ្យ​ចាត់វិធាន ការ​កន្លែង​លក់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 September, 2015 ក+ ក-

​ភ្នំពេញ​៖ជាថ្មី​ម្តងទៀត ក្រសួងសុខាភិបាល​បាន​បញ្ជា​ឲ្យ​ប្រធាន​លេខា ធិការដ្ឋាន​នៅតាម​រាជធានី​ខេត្ត​ទាំងអស់​ត្រូវ​ចាត់វិធានការ​ច្បាប់​ដោយ​សហការ​ជាមួយ​នគរបាល​យុត្តិធម៌​ក្នុងការ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចំពោះ​កន្លែង​លក់​ឱសថ​ក្លែងក្លាយ​និង​សេវា​សុខាភិបាល​ខុស ច្បាប់​។​

​លិខិត​ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃទី​៤ ខែកញ្ញា ដោយ​លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា កន្លងមក​មន្ទីរ​សុខាភិបាល​រាជធានី ខេត្ត បាន​សហការ​ជា មួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​ចាត់វិធានការ​លុបបំបាត់​កន្លែង​លក់​ឱសថ និង​សេវា​សុខាភិបាល​គ្មាន​ច្បាប់​បាន​យ៉ាង​ល្អប្រសើរ​។ លិខិត​បាន​យោង តាម​របាយការណ៍​ស​កម្ម​ភាព​របស់​គណៈកម្មកា​រលុប​បំបាត់​ឱសថ​ក្លែង ក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​ឆមាស​ទី​១ ឆ្នាំ​២០១៥ កន្លែង​លក់​ឱសថ និង​សេវា​សុខាភិបាល​គ្មាន​ច្បាប់​នៅតែមាន​សេសសល់​មួយចំនួន ទៀត “ ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ ” ។​

​តាម​ខ្លឹមសារ​នៃ​លិខិត​នេះ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​ប្រធាន​លេខាធិការដ្ឋាន​រាជធានី ខេត្ត​ទាំងអស់ ចាត់វិធានការ​កសាង​សំណុំរឿង​តាមរយៈ​មន្ត្រីនគរបាល​យុត្តិធម៌​ក្នុង​ដែន​សមត្ថកិច្ច​ដោយ​បញ្ជូន​ឈ្មោះ​កន្លែង​លក់​ឱសថ និង​សេវា​សុខាភិបាល​គ្មាន​ច្បាប់​ទាំងអស់​ទៅ​តុលាការ​។ រដ្ឋមន្ត្រី​ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា បើ​ប្រធាន​លេខាធិការ ដ្ឋាន​មិន​អនុវត្តតាម​ការណែនាំ​នេះ “​យើង​នឹងមាន​បញ្ហា​ប្រឈម​ដ៏​ច្រើន​ចំពោះ​សុខភាព​សាធារណៈ ដែល​យើង​ត្រូវ​ចៀសវាង​ឲ្យ​បាន រួមទាំង​ការ មិន​យកចិត្តទុកដាក់​អនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញលេញ​ត្រឹមត្រូវ​”​។

​សូម​រំលឹកថា កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០១៥ ក្រសួងសុខាភិបាល និង​ក្រសួងមហាផ្ទៃ បានប្រកាស​សហការគ្នា​ក្នុងការ​គ្រប់គ្រង​គុណភាព​សេវា កម្ម និង​ចាត់វិធានការ​ទប់ស្កាត់​ការធ្វើ​ចរាចរណ៍​ផលិតផល​សុខាភិបាល និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​សុខុ មាលភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​។​

​វិធានការ​ទប់ស្កាត់រ​បស់​ក្រសួងសុខាភិបាល​ក្នុង​ការធ្វើ​ចរាចរណ៍​ផលិត ផល​សុខាភិបាល​ខុសច្បាប់ និង​សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់​ជា​បន្តបន្ទាប់​នេះ បាន​ធ្វើឡើង​ក្រោយពី​មានការ​ផ្ទុះ​ការឆ្លង​មេរោគ​អេដស៍​កាលពី​ខែធ្នូ ឆ្នាំ​២០១៤ កន្លងមក ដល់​ប្រជាពលរដ្ឋ​ប្រមាណ​២៥០​នាក់​នៅ​ខេត្ដ​បាត់ដំបង ដោយ​គ្រូពេទ្យ​ភូមិ​ម្នាក់ ឈ្មោះ យ៉ែម ជ្រិ​ន ៕​ដោយ​៖ខេមរា​