ភ្នំពេញ៖ទីបំផុត សមាសភា នៃគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសមួយត្រូវបានបង្កើតឡើងដើម្បីស្វែងរកមុខឃាតកពិតដែលបានបាញ់សម្លាប់សកម្មជនដ៏ស្រួចស្រាវក្នុងការងារសហជីពនៅកម្ពុជាម្នាក់គឺលោក ជា វិជ្ជា និងថ្នាក់ដឹកនាំសហជីព២នាក់ផ្សេងទៀត។
កាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងមកនេះ ប្រមុខរាជរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចប្រកាសតែងតាំងសមាសភានៃគណៈកម្មការអន្តរក្រសួងស៊ើបអង្កេតពិសេសលើករណីឃាតកម្ម លោក ជា វិជ្ជា អតីតមេដឹកនាំសហជីពដ៏ល្បីល្បាញ និងមេ ដឹកនាំសហជីពពីរនាក់ទៀតដែលត្រូវបានគេសម្លាប់កាលពីជាង ១០ឆ្នាំមុន។
គួររំលឹកថា ក្រោយពេលមានអំពើឃាតកម្មលើមេដឹកនាំសហជីពលោក ជា វិជ្ជា សមត្ថកិច្ចក៏បានស៊ើបអង្កេតស្រាវជ្រាវរកមុខឃាតករយ៉ាងមមាញឹកដើម្បីនាំយកមកផ្តន្ទាទោសដែរ ប្រយោជន៍កុំឲ្យមតិជាតិ និងអន្តរជាតិដាក់ការសង្ស័យថារដ្ឋាភិបាលនៅពីក្រោយករណីឃាតកម្មនេះ ប៉ុន្តែចាប់ពីឆ្នាំ២០០៤រហូតមកដល់ពេលនេះ ដំណើរការស៊ើបអង្កេតរកឃាតករពិត និងអ្នកនៅពីក្រោយក្នុងអំពើឃាតកម្មនេះ បានទទួលបរាជ័យគ្មានពន្លឺបន្តិចណាសោះ។
មជ្ឈដ្ឋានទូទៅ ហាក់ភ្ញាក់ផ្អើលទៅនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលជាថ្មីស្តីពីការតែងតាំងសមាសភា នៃគណៈកម្មការអន្តរ ក្រសួងស៊ើបអង្កេតពិសេស លើករណីបណ្តឺងលេខ ២៣១៨ ស្តីពីឃាតកម្មលើ មេដឹកនាំសហជីព លោក ជា វិជ្ជា លោក ហ៊ី វុទ្ធី និង រលោក រស់ សុវណ្ណារ៉េត ដែលបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ កន្លងមកនេះ។
ដំណឹងនៃសេចក្តីសម្រេចដែល មេគង្គប៉ុស្តិ៍ ទើបទទួលបាននាព្រឹកថ្ងៃនេះបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានតែងតាំងមន្ត្រីជាន់ខ្ពស់ចំនួន១៤នាក់ មកពីស្ថាប័នចំនួន ៦ដូចជា ក្រសួងមហាផ្ទៃ ក្រសួងការងារ ក្រសួងយុតិ្តធម៌ ទីស្តីការគណៈរដ្ឋមន្ត្រី អគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងរាជអាវុធហត្ថ និងតំណាងអាជ្ញាធរពាក់ព័ន្ធ។
លោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃត្រូវបានតែងតាំងជាប្រធានគណៈ កម្មការ អន្តរក្រសួងពិសេសនេះ លោក ម៉ម វណ្ណៈ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងលោក ង៉ោ សុវណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានតែងតាំងជាអនុប្រធានគណៈកម្មការ និងតំណាងមកពីទីស្តីការគណៈរដ្ឋមន្ត្រី អគ្គស្នងការនគរបាលជាតិ អគ្គមេបញ្ជាការកងរាជអាវុធហត្ថ និងតំណាងអាជ្ញាធរពាក់ព័ន្ធត្រូវបានតែងតាំងជាសមាជិកគណៈកម្មការ។
ខ្លឹមសារនៃសេចក្តីសម្រេចបានលើកឡើងថា៖ «រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ដ្រីក្រសួងការងារ រដ្ឋមន្ត្រី ក្រសួងយុតិ្តធម៌ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមតួនាទីរៀងៗខ្លួន»៕ដោយ៖ខេមរា
លោក ជា វិជ្ជា ដែលត្រូវគេបាញ់សម្លាប់នៅក្បែរវត្តលង្ការ ក្នុងរាជធានីភ្នំពេញ
កាលពីឆ្នាំ ២០០៤