ជើង​ខ្លាំង​៤​រូប​នឹង​ប្រជែង​គ្នា​ឡើង​វគ្គ​បន្ត​នៃ TIFFY SUPER FIGHT ថ្ងៃអាទិត្យ​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2015 ក+ ក-

​សម្រាប់​ការប្រកួត​លើក​ទី​២​វគ្គ​ជម្រុះ​ដំណាក់កាល​ទី​២​នៃ​ការប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក TIFFY SUPER FIGHT ទម្ងន់​៦០​គីឡូក្រាម លើស​ង្វៀន TV5 Arena នៅ​ថ្ងៃអាទិត្យ ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥ មាន​អ្នក​ប្រដាល់​៤​រូប​ឆ្លង​ផុតពី​ដំណាក់កាល​ទី​១​មក ដើម្បី​ប្រជែង​យក​កៅអី​សម្រាប់​ដំណាក់កាល​ទី​៣ ដែលជា​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​នោះ​។​
​នៅក្នុង​ការប្រកួត​ដំណាក់កាល​ទី​២​នេះ ក៏​ជាការ​ប្រកួត​ចាញ់​ធ្លាក់​ដែរ សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​២​រួមមាន ផា សុផាត​និល អ្នក​ប្រដាល់​ក្លឹប​ពន្លឺ​សាមគ្គី ខេត្តបាត់ដំបង នឹង​ជួប​ប្រកួត​ជាមួយ ស៊ឹម ប៊ុនឆៃ អ្នក​ប្រដាល់​ក្លឹប​ព្រៃទទឹង​ខេត្តបាត់ដំបង។ ការប្រកួត​ក្នុង​ដំណាក់​ទី​២​នេះក៏​ប្រកួត​តែ​៣​ទឹកដូច​ក្នុងដំណាក់កាល​ទី​១​ដែរ ហើយ​អ្នក​ដែល​ឈ្នះ​បាន​ឡើង និង​អ្នក​ដែល​ចាញ់​ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ ។
​រវាង ផា សុផាត​និល និង ស៊ឹម ប៊ុនឆៃ​ពួកគេ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ។ កាលពី​ក្នុងដំណាក់កាល​ទី​១ សុផាត​និល គេ​វាយ​ឈ្នះ ផាន់ សា​រ៉ែ​ម ក្លឹប​គុជ​សា​កីឡា​ដោយ​ពិន្ទុ រីឯ ស៊ឹម ប៊ុនឆៃ គេ​វាយ​ឈ្នះ ឆេង ពន្លក ក្លឹប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ​ដែរ​។​
​ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នា​រវាង យ៉​ន វិចិត្រ អ្នក​ប្រដាល់​ក្លឹប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង ញ៉េ​សិទ្ធ អ្នក​ប្រដាល់​ក្លឹប​អេ​ភូ​ថង​កីឡា​។ ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ ទោះជា​អ្នកណា​ឈ្នះ ក៏​ឈ្នះ​ដោយ​វេទនា​ដែរ​។ កាលពី​ប្រកួត​ក្នុងដំណាក់កាល​ទី​១​នោះ យ៉​ន វិចិត្រ បាន​វាយ​ឈ្នះ ពុទ្ធ សុជាតិ ក្លឹប​ពុទ្ធ​សេរី​វង្ស​កីឡា​ដោយ​ពិន្ទុ រីឯ ញ៉េ​សិទ្ធ វិញ​គេ​វាយ​ឈ្នះ ជុន សាវុធ ក្លឹប​ពោធិ៍​ជ័យ​កីឡា​ដោយ​ពិន្ទុ​ដែរ។
​សម្រាប់​ការប្រកួត​ក្រៅពី​គូ​ខ្សែក្រវាត់​នេះ គង់ សំបូរ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ នឹង​ឡើង​ប្រកួត​សាក​កណ្ដាប់ដៃ​ជាមួយ​ជើងចាស់ ជ័យ ស៊ី​នេ​ត អ្នក​ប្រដាល់​ក្លឹប​ឃ្លាំងមឿង​កីឡា ក្នុង​ទម្ងន់ ៦០​គីឡូក្រាម​។ កីឡាករ ឡូញ វ៉ាន់ឌី អ្នក​ប្រដាល់​ក្លឹប​ពន្លឺ​វិបុល​រិទ្ធី ត្រូវ​ជួប​ប្រកួត​ជាមួយ កុយ ចាន់តូ អ្នក​ប្រដាល់​ក្លឹប​គី​សែ​មាន​រិ​ទ្ធ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​៕

Pha-Sophatnil-Sim-Bunchhai [800x600]