ភ្នំពេញ ៖រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានបង្កើត ក្រុមអធិការកិច្ចដើម្បីស៊ើបអង្កេតជុំវិញការបាត់លុយ២៣ម៉ឺនដុល្លារនៅ អង្គភាពទូរគមនាគមន៍កម្ពុជា គ្រាដែលលោក ឡាយ ម៉ារីវ៉ូ កំពុងប្រឹងប្រែងរកវិធីទម្លាក់កំហុសទៅលើកូនចៅក្រោមឱវាទដោយខ្វះ ការទទួលខុសត្រូវ។
ប្រភពព័ត៌មានមួយបានទម្លាយឲ្យដឹងថា ខណៈនេះមានអ្នកមានអំណាចម្នាក់កំពុងតែរត់ការ ដើម្បីជួយលោក ម៉ារីវ៉ូ ឲ្យគេចផុតពីការទទួលខុសត្រូវ គ្រាដែលមន្ត្រីរាជការក្នុងអង្គភាពនេះសុទ្ធតែបានដឹងថា អ្នកទទួលខុស ត្រូវក្នុងការបាត់បង់ប្រាក់ដែលជាថវិកាជាតិដ៏សន្ធឹកសន្ធាប់នេះគឺមានលោក ម៉ា រីវ៉ូ តែម្នាក់គត់។
យ៉ាងណាក៏ដោយ លោក សែម សំអាង និងលោក ខឹម តេងអឿន ដែលជាមន្ត្រីជាប់ពាក់ព័ន្ធនឹងការបាត់លុយជាតិខាងលើដែរនោះ ធ្លាប់បានអះ អាងប្រាប់អ្នកសារព័ត៌មានថា លុយ២៣ម៉ឺនដុល្លារនោះពួកគេប្រគល់ឲ្យឈ្មោះ ណី សំកុល ប្រធាននាយកដ្ឋានហិរញ្ញកម្មទទួលបន្ទុកប្រមូលចំណូល និងបំណុលគ្រប់ចំនួនហើយគ្រាន់តែមិនបានធ្វើឯកសារប្រគល់ទទួលឲ្យបានត្រឹមត្រូវប៉ុណ្ណោះ ។ ទន្ទឹមនោះលោក សែម សំអាង និងលោក ខឹម តេងអឿន បានត្រៀមមេធាវីរួចជាស្រេច ដើម្បីការពារក្ដីទប់ទល់នឹងការចោទប្រកាន់របស់លោក ឡាយ ម៉ារីវ៉ូ។
ប្រភពពីមន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់ ថា បើផ្អែកទៅលើហេតុផលនិងរឿងរ៉ាវជាក់ស្ដែង គឺលោក ឡាយ ម៉ារីវ៉ូ អគ្គនាយកទូរគមនាគមន៍កម្ពុជា គឺជាអ្នកទទួលខុសត្រូវតែម្នាក់គត់ក្នុងរឿងបាត់លុយ២៣ម៉ឺនដុល្លារ។ មន្ត្រីក្រសួងប្រៃសណីយ៍បានឲ្យដឹងទៀតថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ គឺជាអ្នកលើកបន្តុបលោក ឡាយ ម៉ារីវ៉ូ ឲ្យកាន់តំណែងជាអគ្គនាយកទូរគមនាគមន៍កម្ពុជា និងបណ្ដោយឲ្យមន្ត្រីរូបនេះធ្វើអ្វីៗស្រេចតែអំពើចិត្ត។
មន្ត្រីរាជការអង្គភាពនេះក៏បានទាមទារឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតរឿងអាស្រូវពុករលួយនៅអង្គភាពទូរគមនាគមន៍កម្ពុជាជាបន្ទាន់ ព្រោះបើតាមការអះអាងរបស់លោក សែម សំអាង និងលោក ខឹម តេងអឿន បានបង្ហាញឲ្យឃើញថា លោក ឡាយ ម៉ារីវ៉ូ ជាអ្នកទទួល ខុសត្រូវធំជាងគេក្នុងរឿងបាត់ថវិកាជាតិ២៣ម៉ឺនដុល្លារនោះ ។
ដើម្បីផ្ទៀងផ្ទាត់នឹងព័ត៌មានខាងលើ មេគង្គប៉ុស្តិ៍ បានព្យាយាមទាក់ទងជួបលោក ឡាយ ម៉ារីវ៉ូ អគ្គនាយកទូរគមនាគមន៍កម្ពុជាប្រយោជន៍សុំការបកស្រាយដែរ ប៉ុន្តែទូរស័ព្ទមិន អាចភ្ជាប់ប្រព័ន្ធបានទេកាលពីព្រឹកម្សិលម៉ិញនេះ។
គួររំឭកថា កន្លងមកមន្ត្រីរាជការបុគ្គលិកអង្គភាពទូរគមនាគមន៍កម្ពុជា បានទម្លាយប្រាប់អ្នកកាសែតថា កន្លងទៅលោកប្រធាន ឡាយ ម៉ារីវ៉ូ តែងតែយកតួនាទីអំណាចរបស់ខ្លួនធ្វើការងារផ្តេសផ្តាសជាច្រើនរួមទាំង រឿងពុករលួយផងដែរ ប៉ុន្តែ ម៉ារីវ៉ូ មិនដែលរងនូវការដាក់វិន័យ ឬស្តី បន្ទោសពីថ្នាក់លើនោះឡើយ ។ ម្យ៉ាងទៀតចាប់តាំងពីលោកប្រធានមកកាន់អង្គភាពនេះ រឿងមិនប្រក្រតីជាច្រើនបានកើតឡើងបន្តបន្ទាប់ គ្រាដែលលោកប្រធានមិនយកចិត្តទុកដាក់ទទួលខុសត្រូវនោះទេ ទំនងជាគាត់គិតតែរឿងម្យ៉ាង គឺផ្គាប់ចិត្តថ្នាក់លើដើម្បីការពារកៅអី ខ្លាញ់របស់គាត់ប៉ុណ្ណោះ៕ ដោយ៖ភិរ៉ានុន្ទ្រ