ខេត្តរតនគិរី៖ ទីតាំងជីកត្បូងធម្មជាតិកំពុងសម្រុកជីកទាំងយប់ទាំងថ្ងៃគ្មានការរំខានពីសំណាក់សមត្ថកិច្ចមូលដ្ឋាន និងជំនាញពាក់ព័ន្ធនោះឡើយ ព្រោះត្រូវថៅកែទិញត្បូងនៅទីនោះផ្តល់លោភសក្ការះបិទមាត់អស់បាត់ទៅហើយ។
ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែកញ្ញ ឆ្នាំ២០១៥ អ្នកយកព័ត៌មានបានចុះទៅផ្តិតយករូបភាពនៅទីតាំងស្ថិតត្រង់ចំណុច ចំការកៅស៊ូឯកជន និងមួយកន្លែងទៀតចំការកៅស៊ូរបស់រដ្ឋក្នុងភូមិឡាមិញ ឃុំឡាមិញ ស្រុកបកែវ ឃើញជំរុំ និងហ្វូងកម្មករជាច្រើននាក់កំពុងសម្រុកជីករូងដីរកត្បូងយ៉ាងមមាញឹក មិនសូវចាប់អារម្មណ៍នឹងក្រុមអ្នកយកព័ត៌មានដែលចូលទៅដល់ទីនោះឡើយ។
បុរសជាថៅកែទិញត្បូងម្នាក់បាននិយាយថា កម្មករដែលមកជីកត្បូងនៅទីនេះ ភាគច្រើនមកពីតាមបណ្តាខេត្តឆ្ងាយៗដូចជា ខេត្តកំពង់ធំ ព្រៃវែង កំពត ព្រះវិហារ និងអ្នកខ្លះជាពលរដ្ឋដែលរស់នៅក្នុងខេត្តរតនគិរីយើងនេះ។ អ្នកទិញត្បូងថា ពិបាកក្នុងការកំណត់ចំនួនកម្មករព្រោះពួកគាត់ចេញចូលមកធ្វើកសរមិនទៀងទាត់ ប៉ុន្តែអាចមានចំនួនរាប់រយនាក់ ទាំងប្រុសទាំងស្រីក្មេងចាស់
ប្រភពបន្តថា កន្លងមកនេះមានកម្មករខ្លះ បានចូលជីកក្នុងចំការកៅស៊ូឯកជនដែលបានបង់ពន្ធជូនរដ្ឋ ហើយខ្លះទៀតបានចូលជីកក្នុងចំការកៅស៊ូរបស់រដ្ឋដោយមានការលួចលាក់ ច្រើនរាប់រយរណ្តៅ ហើយមានថៅកែទិញត្បូងនៅដេកចាំទទួលទិញដល់មាត់រណ្តៅដីតែម្តង។
ក្រុមអ្នកជីកត្បូងបានប្រាប់ឲ្យដឹងថា ថៅកែទិញត្បូងគ្រប់គ្នា បានបង់លុយឲ្យសមត្ថកិច្ចគ្រប់ជំនាញដែលគ្រប់គ្រងតំបន់នេះទើបអាចមកឈរជើងទិញត្បូងបានស្រួល។ រាល់ពេលជីកត្បូងបាន គឺលក់ឲ្យថៅកែទិញត្បូងទាំងនៅក្នុងចំការកៅស៊ូរដ្ឋ ឬក៏ឯកជនសុទ្ធសឹងត្រូវបានជញ្ជួក់ឈាមពីកម្មករជីកត្បូងទាំងអស់ ពីព្រោះបានតិចក្តី ច្រើនក្តី គឺកម្មករទទួលបានលុយចំនួនតែ២ម៉ឺនរៀល ខ្លះបាន១៥០០០រៀល ប៉ុណ្ណោះ ។បើកម្មករខ្លះជីកមិនបានគឺអត់១ថ្ងៃរកលុយទិញម្ហូបមិនបានផង។ក្រុមកម្មករដដែលបន្តថា ថៅកែទាំងនោះមានដូចជាឈ្មោះ ផល ភី និងឈ្មោះ ប្រុស រួមនិងថៅកែមួយចំនួនទៀតដែលមិនស្គាល់ឈ្មោះ។
អភិបាលស្រុកបកែវ លោក ហេង ប៊ុននី មិនអាចសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នេះ ដោយទូរស័ព្ទមិនអាចភ្ជាប់ប្រព័ន្ធបាន។ ដោយឡែកលោក ហ៊ុន ប៊ុនថាន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមិនអាចសុំការបំភ្លឺបានដោយទូរស័ព្ទ របស់លោកជាប់រវល់។
ចំពោះកម្មករជីកត្បូងចំការកៅស៊ូឯកជនដែលគេអះអាងថា មានច្បាប់ទម្លាប់ត្រឹមត្រូវ សូមអំពាវនាវឲ្យអាជ្ញាធរមេត្តាជួយចុះអន្តរាគមន៍ដល់កម្មករជីត្បូងនៅ ទីតាំងខាងលើនេះផងឲ្យមានភាពយុត្តិធម៌ផងអ្នកជីកបានត្រឹមតែ២ម៉ឺន រៀលប៉ុណ្ណោះ ហើយធ្លើយថាត្បូងមិនសូវល្អ តែបើត្បូងល្អក៏កម្មករមិនដឹងដែរ និយាយរួមគឺហុចតែលុយជាការស្រេច៕ដោយ៖ខេមរា(តាម ភីភីឌី)