កណ្តាល៖ យ៉ាងហោចណាស់ មនុស្ស៣នាក់បានស្លាប់ និង២នាក់ទៀតកំពុងជួយសង្គ្រោះបន្ទាន់កាលពីល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ម្សិលមិញនេះ បន្ទាប់ពីពួកគេផឹកស្រាត្រាំគ្រាប់ស្លែង ក្រោយពេលបញ្ចប់ពិធីបុណ្យនៅក្នុងវត្តស៊ីធរ ភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានប្រាប់ថា ជនរងគ្រោះទាំង៥នាក់រួមមាន៖ ទី១.ឈ្មោះ ជួន អឿន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិគន្ធា ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង (សន្លប់)។២.ឈ្មោះ យ៉ិន អូន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិផ្លូវរលួស ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង (ស្លាប់)។៣.ឈ្មោះ រួន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិឃុំមិនស្គាល់ ស្រុកបាភ្នំ ខេត្តព្រៃវែង (សន្លប់)។៤.ឈ្មោះ ម៉ី លាង ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិទួលទ្រា ឃុំរំចេច ស្រុកព្រះស្តេច ខេត្តព្រៃវែង(ស្លាប់) និងទី៥.ឈ្មោះ ជា ផាន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិព្រៃបាស្រី ឃុំជយ័កំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង(ស្លាប់)។
ប្រភពដដែលបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ ប្រជាពលរដ្ឋបានមកជួបជុំគ្នាមកធ្វើបុណ្យផ្កា នៅវត្តយ៉ាងច្រើនកុះករ ក្នុងនោះមានអ្នកខ្លះមកពីខេត្តព្រៃវែង ហើយនាំគ្នាស្នាក់ នៅក្នុងវត្តស៊ីធរមួយយប់។ លុះដលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ម៉ោង០៦:៥៥នាទី ជនរងគ្រោះទាំងនោះ បាននាំគ្នាផឺកស្រា ត្រាំគ្រាប់ស្លែង (ថ្នាំប្រើប្រាស់ផ្ទាល់ខ្លួន) របស់ព្រះសង្ឈ ព្រះនាម សេក ញ៉ាញ់ ព្រះជន្ម៦៩ វស្សា គង់នៅវត្តស៊ីធរ បណ្តាលឲ្យពុលស្លាប់៣នាក់ ពេលបញ្ជូនដល់មន្ទីរពេទ្យ បង្អែកស្រុកពារាំង ខេត្តព្រៃវែង។ដោយសារស្ថានភាពពុលខ្លាំងពេក ជនរងគ្រោះទាំង២នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់រាជធានីភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា សពជនរងគ្រោះត្រូវបានបញ្ជូនឲ្យក្រុមគ្រួសារដើម្បីនាំយកទៅរៀបចំពិធីបុណ្យតាមប្រពៃណីយ៍ ក្រោយពេលធ្វើកោសល្យវិច្ច័យរួចរាល់៕ដោយ ៖គឹម បញ្ញា