សមាជិក​IS​ជាង​២០០​នាក់​រត់ចោលជួរ ខណៈដែល​កាត់បន្ថយ​ប្រាក់ខែ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 September, 2015 ក+ ក-

អ៊ីរ៉ាក់​៖​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​IS​យ៉ាងហោចណាស់​ជាង​២០០​នាក់​បាន​បោះបង់​ជួរ និង​ដកថយ​ចេញពី​ភាគ​ខាងជើង​ប្រទេស​អ៊ីរ៉ាក់​ដើម្បី​ទៅ​ស្វែងរក​ក្រុម​ជ្រុលនិយម​ផ្ដាច់ខ្លួន​ផ្សេងទៀត​ដែលមាន​ប្រាក់ខែ​ប្រសើរ​ជាង​នេះ​នៅ​ប្រទេស​ស៊ី​រី​។​
​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ​សមាជិក​រដ្ឋ​ឥស្លាម​រាប់រយ​នាក់​បានចាប់ផ្ដើម​រត់ចោល​ជួរ​ក្រោយពី​ប្រាក់ខែ​របស់​ពួកគេ​ត្រូវបាន​កាត់​យ៉ាងគំហុក​។ សកម្មប្រយុទ្ធ​ម្នាក់​ទទួលបាន​ប្រាក់ខែ​ប្រមាណ​៣៩០​ដុល្លារ ប៉ុន្តែ​ពេលនេះ​ដោយសារ​មានការ​ខ្វះខាត​ថវិកា ទើបត្រូវ​បន្ថយ​ជិត​៤​ដង គឺ​នៅត្រឹម​៩៨​ដុល្លារ​ប៉ុណ្ណោះ​។​
​អ្នកទទួលបន្ទុក​ផ្នែក​គណនេយ្យករ IS បាន​កាត់បន្ថយ​ប្រាក់ខែ​នៅ​តំបន់​សង្គ្រាម​នេះ​ដោយសារ​ពួកគេ​កំពុង​ព្រួយបារម្ភ​ពី​ការវាយប្រហារ​តាម​អាកាស​របស់​គូសត្រូវ​មានការ​កើនឡើង​។ មេបញ្ជាការ IS ជាច្រើនរូប​កាន់តែ​មាន​ក្ដី​ព្រួយបារម្ភ​ថា ក្រុម​នេះ​អាច​ពង្វាត​ទី​កាន់កាប់​ធំ​ជ្រុល​រហូតដល់​អាហ្វ្រិក​ខាងជើង ដែល​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​មិនអាច​គ្រប់គ្រង​បាន​។​
​គួរ​បញ្ជាក់ថា រយៈពេល​ជាង ៣​ឆ្នាំ​កន្លង​ទៅហើយ​ក្រុម IS​បាន​ឲ្យ​ប្រាក់ខែ​សកម្មប្រយុទ្ធ​ពី​៥០០ ទៅ​៦០០​ដុល្លារ គឺ​ច្រើនជាង​ក្រុម​ភេរវ​ករ​អាល់​កៃ​ដា និង​ក្រុម​ឧទ្ទាម​ផ្សេងៗ​៕