ភ្នំពេញៈរោងចក្រក្រោន បេ វេ រេដ ខេនស៍ ខេមបូឌាលីមីធីត (Crown Beverage Cans Cambodia LTD) ដែលស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅបានរងនូវការរិះគន់ឥតសំចៃពីសំណាក់ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅជិតរោងចក្រនោះ ដោយបានអំពាវនាវឲ្យស្ថាប័នជំនាញពាក់ព័ន្ធចាត់វិធានការឲ្យតឹងរ៉ឹង ឬផ្អាកបណ្តោះអាសន្ន ព្រោះក្លិនដ៏អសោច និងសំឡេងដែលលាន់ទ្រហឹងឥតឈប់បានបង្កផលប៉ះពាល់ដល់សុខភាព និងការរស់នៅយ៉ាងធ្ងន់ធ្ងរ។
មន្ត្រីអាជ្ញាធរមូលដ្ឋានមួយរូបសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅបុរីពិភពថ្មី២ ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិតរោងចក្រក្រោន បេ វេ រេដ ខេនស៍ ខេមបូឌាលីមីធីត (Crown Beverage Cans Cambodia LTD) ពិតជារងនូវសំឡេងរំខាន បំពុលរិស្ថានដោយក្លិននៃសារធាតុគីមីភាយចេញពីរោងចក្រ។ប្រភពបន្តថា តាមការឲ្យដឹងគឺរោងចក្រនេះ ជាកន្លែងផលិតសំបកកំប៉ុង។
បុរស ស្ត្រី ជាច្រើននាក់បាននិយាយដោយកំហឹងប្រាប់ មេគង្គប៉ុស្តិ៍ ថា រោងចក្រនេះបង្កការរំខានដល់ការរស់នៅរបស់បងប្អូនដែលរស់នៅក្នុងតំបន់នេះយូរឆ្នាំកន្លងមកហើយ គ្មានសមត្ថកិច្ចថ្នាក់ណាមួយចេញមុខមកជួយដោះស្រាយដល់ប្រជាពលរដ្ឋនោះទេ ហើយបើនិយាយពីមន្ត្រីអាជ្ញាធរមូលដ្ឋានវិញគឺបាត់មុខឲ្យឈឹងតែម្តង ។ពួកគាត់ថា ការបញ្ឆេះម៉ាស៊ីនភ្លើងទាំងថ្ងៃទាំងយប់គឺ 24ម៉ោងលើ24ម៉ោងលាន់ឮទ្រហឹងអឺងអាប់ បានប៉ះពាល់ដល់ការសម្រាក ការរៀនសូត្រ ជាយូរឆ្នាំមកហើយ ហេតុអីក៏ថៅកែរោងចក្រមិនយកត្រចៀកស្តាប់ មិនយកភ្នែកមើលផង ម្តេចក៏គិតតែផលប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ។
ពលរដ្ឋដដែលបន្តថា មិនតែប៉ុណ្ណោះ រោងចក្រមួយនេះ ក៏បង្កឲ្យមានផ្សែងធុំក្លិនឈ្ងៀម ប៉ះពាល់ដល់ការដកដង្ហើម ធុំក្លិនប្រេងប្រេងឥន្ធន:ថែមទៀតផង ជាពិសេស ប៉ះពាល់ដល់កូនចៅតូចៗរបស់ពួកគាត់ដែលកំពុងតែសិក្សា ថ្លង់នឹងសំលេងដ៏ទ្រហឹងដែលឮចេញពីរោងចក្រ រៀនមិនកើត សម្រាកមិនបាន ។
ប្រភពដដែលអះអាងទៀតថា ករណីនេះ មិនមែនទើបតែប៉ះពាល់ឥឡូវនេះទេ ពោលគឺប៉ះពាល់ជាច្រើនឆ្នាំមកហើយ មិនមានអាជ្ញាធរណាចេញមុខមកដោះស្រាយជូនពួកគាត់ទេ រីឯខាងរោងចក្រវិញ ក៏មិនអើពើចំពោះបញ្ហាដែលកំពុងតែកើតមានឡើងនេះទេ គឺគិតតែផលប្រយោជន៍អាជីវកម្មផ្ទាល់ខ្លួនមិនគិតពីផលប៉ះពាល់ដល់អ្នកដទៃនោះឡើយ។
ពួកគាត់បញ្ជាក់ថា មានប្រជាពលរដ្ឋខ្លះបានចាកចេញពីបុរីពិភពថ្មី២នេះ ទៅរស់នៅកន្លែងផ្សេងដោយសារទ្រាំមិនបាននូវសម្លេងរំខាន និងធុំក្លិនឈ្ងៀមចេញពីរោងចក្រក្រោននេះតែម្ដង ក៏ប៉ុន្តែក៏មានអ្នកខ្លះទៀតចេះតែទ្រាំរស់នៅទីនេះដដែល ដោយសារគ្មានជម្រើស ។គាត់ថា កន្លងមកពួកគាត់បានស្វះស្វែងរកអ្នកសារព័ត៌មាន ដើម្បីឲ្យជួយផ្សព្វផ្សាយដល់ភាគីខាងរោចក្រ ក៏ដូចជា អាជ្ញាធរពាក់ព័ន្ធដើម្បីរកវិធានការជួយដោះស្រាយដែរតែមិនទាក់ទងបាន។
ក្រុមអ្នកសារព័ត៌មានមិនអាចទទួលការបកស្រាយពីខាងរោងចក្រខាងលើបានទេ ដោយគេប្រាប់ថាជាប់រវល់ៗមិនអាចជួបបាន៕
ដោយ៖គ.បញ្ញា