តុលាការក្រុង​ភ្នំពេញ បើកសវនាការ​កាត់ទោស​អតីត​សមាជិក​ព្រឹទ្ធសភា លោក ហុង ​សុខ​ហួរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 October, 2015 ក+ ក-

​ភ្នំពេញ​: មនុស្ស​មួយក្រុម ដែល​គេ​ដឹងថា​ស្និទ្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​២ តុលា នេះ បានមក​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅមុខ​ស្ថាប័ន​តុលាការក្រុង​ភ្នំពេញ ខ​ណៈ​ដែល​អង្គចៅក្រម​នៃ​សាលាក្តី​នេះ​កំពុងដំណើរការ​សវនាកា​រ​ជំនុំជម្រះ​លើ​ស់ំណុំ​រឿងក្តី​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​តាម​នីតិវិធី នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា​នេះ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​ក្តី​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ពីបទ​ចោទប្រកាន់​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។

​គួររំឭកថា លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ចាប់ឃុំខ្លួន​នៅក្រោយ​ពេលដែល​លោក​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កនូវ​ឯកសារ​ក្លែង​ពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ឆ្នាំ​១៩៧៩ ត្រង់​មាត្រា​៤​។​

​ក្រុមអ្នកតវ៉ា​មួយក្រុម​នៅមុខ​ស្ថាប័ន​តុលាការ ក៏បាន​លើក​បដា និង​រូបថត​លោក ហុង សុខ​ហួរ អមដោយ​សម្រែក​បំពង​ឧ​គ្ឃោ​សន​ស័ព្ទ​ទាមទារ​ឲ្យ​ដោះលែង​លោក ហុង សុខ​ហួរ ផងដែរ​។​

​តុលាការ​បាន​ចោទប្រកាន់​លោក ហុង សុខ​ហួរ ចំនួន ៣ បទល្មើស​៖ ទី​១ បទ​ក្លែង​ឯកសារ​សាធារណៈ ទី​២.​បទ​ប្រើប្រាស់​ឯកសារ​ក្លែង​សាធារណៈ និង​ទី​៣.​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វ៉ឹ​ក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ សង្គម ដែល​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៦២៩ មាត្រា ៦៣០ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ ការចោទប្រកាន់ ៣​បទល្មើស​នេះ ដោយសារតែ​លោក ហុង សុខ​ហួរ បាន​ក្លែង​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម ឆ្នាំ​១៩៧៩ ត្រង់​មាត្រា​៤​។​

​សូមជម្រាបថា លោក ហុង សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៥​។ នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៥ តុលាការ​បានសម្រេច​ឃុំខ្លួន​លោក ហុង សុខ​ហួរ ដាក់ពន្ធនាគារ​ព្រៃ​ស​។

ទោះជាយ៉ាងនេះក្តី ក៏នៅព្រឹកថ្ងៃដដែលនេះ នៅមិនទាន់មានសេចក្តីរាយ ការណ៍ពិស្តាស្តីពីលទ្ធផលនៃអង្គជំនុំជម្រះនៅឡើយទេ៕ដោយ​៖ខេមរា​