ចៅសង្កាត់​ប៉ោយប៉ែត​ទើប​កាន់តំណែង​រង​ការ​ចោទថា ​ក្ដោប​ក្ដាប់​អំណាច​តែ ម្នាក់ឯង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2015 ក+ ក-

​ប៉ោយប៉ែ​តះ ចៅសង្កាត់រង​ទី​២ សង្កាត់​ប៉ោយប៉ែត មកពី​គណបក្ស សម រង្ស៊ី ចោទប្រកាន់​ចៅសង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថា​ក្ដោប​ក្ដាប់​អំណាច​តែម្នាក់ឯង មិន​ប្រគល់​ភារកិច្ច​មុខនាទី​ឲ្យ​គណបក្ស​ជាប់ឆ្នោត បាន​បំពេញការងារ​បម្រើ​ប្រជាពលរដ្ឋ​នោះទេ​។ ចៅសង្កាត់រង​បញ្ជាក់ថា ការក្ដោបក្ដាប់​អំណាច​នេះ បាន​រាំងស្ទះ​ជាខ្លាំង​ដល់​ការធ្វើ​លិខិតស្នាម​ជូន​ប្រជាពលរដ្ឋ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ អែ​អេ​ហ្វ​អេ បាន​រាយការណ៍​ថា ចៅសង្កាត់រង​ទី​២ សង្កាត់​ប៉ោយប៉ែត មកពី​គណបក្សប្រឆាំង និង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) អំពាវនាវ​ឲ្យ​អភិបាលខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ ចាត់វិធានការ​ទៅលើ​ចៅសង្កាត់​ប៉ោយប៉ែត ដែល​ទើប​កាន់តំណែង​ថ្មី ដើម្បី​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​។​

​ចៅសង្កាត់រង​ទី​២ សង្កាត់​ប៉ោយប៉ែត លោក សៅ វាសនា មានប្រសាសន៍​នៅ​ថ្ងៃទី​៥ តុលា ថា លោក​ជាប់ឆ្នោត​ជា​ចៅសង្កាត់រង​ទី​២ ប្រមាណ ៣​ឆ្នាំ​មកហើយ និង​បាន​ផ្លាស់ប្ដូរ​ចៅសង្កាត់​អស់​ចំនួន ៣​នាក់មក​ដែរ ប៉ុន្តែ​ចៅសង្កាត់​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ទាំងនោះ រួមទាំង​ចៅសង្កាត់​ដែល​ទើប​កាន់តំណែង​ថ្មី​ផង ពុំបាន​បែងចែក​ភារកិច្ច​ឲ្យ​លោក​បំពេញការងារ​ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ពេញលេញ​ដែល​ស្របតាម​ច្បាប់​នោះឡើយ​៖ «​បើទោះបីជា​ចៅសង្កាត់ និង​ចៅសង្កាត់រង​មកពី​គណបក្ស​ប្រជាជន​កម្ពុជា អវត្តមាន​ទាំងពីរ​នាក់​ក៏ដោយ ក៏​គេ​មិន​ប្រគល់​ការងារ​ឲ្យ​ខ្ញុំ​ធ្វើ​ជំនួស​ដែរ​»​។​

​ឆ្លើយតប​នឹង​ការចោទប្រកាន់​នេះ ចៅសង្កាត់​ប៉ោយប៉ែត លោក អាំង គី​ហេង មានប្រសាសន៍​ទទួលស្គាល់​ថា លោក​ពិតជា​ពុំទាន់​បែងចែក​ភារកិច្ច​ការងារ​ឲ្យ​បានច្បាស់លាស់ ឲ្យ​មន្ត្រីក្រោមឱវាទ​ប្រាកដ​មែន​។ លោក​អះអាងថា បញ្ហា​នេះ​ពុំមែន​លោក​ចង់​ក្ដោប​ក្ដាប់​អំណាច​តែម្នាក់ឯង​នោះទេ គឺ​ដោយហេតុថា លោក​ទើបតែ​ឡើងកាន់តំណែង​ថ្មីថ្មោង​ប្រមាណ​ពីរ​សប្ដាហ៍​ប៉ុណ្ណោះ​៖ «​ចៅ សង្កាត់​រង​ទី​២ គាត់​បានដឹង និង​ឯកភាពគ្នា​នៅក្នុង​ទីប្រជុំ​អស់ហើយ ពាក់ព័ន្ធ​នឹង​ការបែងចែក​អំណាច​យឺតយ៉ាវ​នេះ ហើយ​គាត់​មិនគួរ​និយាយ​មិនបាន​បែងចែក​ការងារ​ឲ្យ​ធ្វើបែបនេះ​សោះ​»​។​
​លោក អាំង គី​ហេង ឡើងកាន់តំណែង​ជា​ចៅសង្កាត់​ប៉ោយប៉ែត កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៥ ជំនួស លោក នុត លី ចៅសង្កាត់​ចាស់​ដែល​បាន​លាលែង​ពី​តំណែង​។​

ទោះ​យ៉ាងនេះ​ក្ដី មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទ​គា មានប្រសាសន៍ថា ចៅសង្កាត់​ប៉ោយប៉ែត មកពី​គណបក្ស​ប្រជាជន​កម្ពុជា ទាំង ៣​រូបនោះ ពុំបាន​បែងចែក​ភារកិច្ច​ការងារ​ឲ្យ​ទៅ​គណបក្ស​ជាប់ឆ្នោត​ឲ្យ​បាន​ស្មើ ភាព​គ្នា​នោះទេ​។ លោក​បញ្ជាក់ថា ការបែងចែក​អំណាច​នៅក្នុង​សង្កាត់​មិនបាន​ត្រឹមត្រូវ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ជាខ្លាំង​ដល់​ការធ្វើ​លិខិតស្នាម​របស់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​៖ «​ចៅសង្កាត់​ក្ដោប​ក្ដាប់​អំណាច​តែម្នាក់ឯង​នេះ សបញ្ជាក់​ឲ្យ​ឃើញថា រូបគាត់​ចង់​ទាញយក​ផលប្រយោជន៍​នៅក្នុង​តួនាទី​ឲ្យ​បាន​ច្រើន​»​។​

​របាយការណ៍​សង្កាត់​ប៉ោយប៉ែត បង្ហាញថា សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​ជិត ៥​ម៉ឺន​នាក់ (៤៩.២២៧​នាក់​) និង​មាន​ភូមិ​ចំនួន ១១​ភូមិ ព្រមទាំង​មាន​ក្រុមប្រឹក្សា​សង្កាត់​ចំនួន ១១​នាក់ មកពី​គណបក្ស​ប្រជាជន​កម្ពុជា ៩​នាក់ និង​គណបក្ស សម រង្ស៊ី ២​នាក់​៕