លោក មឹង វី​រិ​យ៉ា ប្រធាន​មន្ទីរ​ការងារ​ខេត្ដ​តាកែវ​រង​បណ្តឹងសុំ​ដកតំណែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2015 ក+ ក-

​ខេត្តតាកែវ​៖​មន្ដ្រីរាជការ​ជាង​២០​នាក់ ក្នុងចំណោម​ជាង ៣០​នាក់ នៃ​មន្ទីរ​ការងារ​ខេត្ត បាននាំគ្នា​ផ្ដិតមេដៃ​ប្ដឹងទៅ​លោក​រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ស្នើសុំ​ដក​លោក មឹង វី​រិ​យ៉ា ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ដ​តាកែវ​។​

​ការ​លិខិត​ទាមទារ​ដក​លោក មឹង វី​រិ​យ៉ា ពី​ចេញពី​តំណែង​នេះ បាន​សរសេរ​ចោទប្រកាន់ថា ប្រធាន​មន្ទីរ​រូបនោះ​ប្រើ​អំណាច​គំរាម​បំបែកបំបាក់​សាមគ្គី និង​ញុះញង់​ឱ្យ​មន្ដ្រី​ថ្នាក់ក្រោម ឈ្លោះ​គ្នា​រហូត​មានការ​ប្ដឹងផ្ដល់​ដល់​តុលាការ​ទៀតផង​។​

ខ្លឹមសារ​នៃ​លិខិត​បណ្តឹង​របស់​មន្ដ្រី​មន្ទីរ ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ខេត្ដ​តាកែវ ដែល​ផ្ញើជូន​លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួង​ការងារ បានលើកឡើង​ពី​សកម្មភាព​ការងារ​ដឹកនាំ​របស់លោក មឹង វី​រិ​យ៉ា ដោយ​ប្រើ​អំណាច​គំរាមកំហែង​ប្រមាថ​មន្ដ្រី​ថ្នាក់ក្រោម​ចំនួន ១០ ចំណុច​មាន​ដូចខាងក្រោម​នេះ ៖
១- ការ​ញុះញង់​មន្ដ្រី​ថ្នាក់ក្រោម ឱ្យ​ឈ្លោះ​គ្នា មិន​ទុក​ចិ​ត្ដ​គ្នា បំបែកបំបាក់ សាមគ្គី​របស់​មន្ដ្រី​រហូត ដល់​មាន​មន្ដ្រី​ខ្លះ បាន​ប្ដឹងផ្ដល់​គ្នា​ទៅ​តុលាការ ហើយ លោក មឹង វី​រិ​យ៉ា ប្រធាន​មន្ទីរ បាន​តាំង ខ្លួន​ធ្វើជា​សាក្សី​ឱ្យ​មន្ដ្រី​ដើមបណ្ដឹង​។​
២- បាន​គំរាម​មន្ដ្រី​ក្នុង​អង្គប្រជុំ​ថា គាត់​មាន​លុយ​ចំនួន ៥.០០០ ដុល្លារ អាមេរិក សម្រាប់​ប្ដឹង​មន្ដ្រី​ណា​ម្នាក់ ហ៊ាន​និយាយ​រឿង​ប៉ះពាល់​ដល់​កិ​ត្ដិ​- យស​របស់គាត់ គាត់​នឹង​ប្ដឹង​ឱ្យ​ជាប់គុក រយៈពេល ២​ខែ ទៅ ៣ ខែ មិន​តែ ប៉ុណ្ណោះ​ថែមទាំង​និយាយ​គំរាមថា គាត់ មាន​បងប្អូន​ជា​អ្នកធ្វើការ​ធំ និង​ជា​តុលា​-​ការ​សម្រាប់​ជួយ​គាត់​ផង​។​
៣- បាន​ហៅ​មន្ដ្រី​ថ្នាក់ក្រោម ទៅ​គំរាមថា ក្នុង​មន្ទីរ​ការងារ មាន​បី​បក្ខ បក្ខ​ដែលមាន​អំណាច​គឺ បក្ខពួក​របស់ គាត់ ដូច្នេះ​បើ​មន្ដ្រី​ណា​ចង់​រស់​បានយូរ ឬ​ចង់​មាន​លុយ​ចាយ ត្រូវ​ចូល​ជា​បក្ខពួក គាត់ បើ​មន្ដ្រី​ណា​មាន​បក្ខ​ផ្សេងៗ​ពី​គាត់ គាត់​ឱ្យ​ងាប់ គឺ​ត្រូវតែ​ងាប់​។​
៤- គាត់​បានប្រកាស​ក្នុង​អង្គ​- ប្រជុំ​ថា គាត់​បានជ្រើសរើស​មនុស្ស​ជំនិត របស់គាត់ ដែល​ហៅថា​សេនា​ដៃស្ដាំ និង​សេនា​ដៃ​ឆ្វេង និង​មាន​គិញ​ដាក់​គ្រប់ ការិយាល័យ​ទាំងអស់ ដូច្នេះ​បើ​មន្ដ្រី ម្នាក់​ណា​ធ្វើ​អ្វី​ក៏​គាត់​ដឹង​ដែរ សូម្បីតែ ចាប​មួយ​ក្បាល​ហើរ​ចូល​ក៏​គាត់​ដឹង​ដែរ​។​
៥- បាន​គំរាម​ដល់ មន្ដ្រី​ថ្នាក់ ក្រោម​ទាំងអស់​ថា បើ​អ្នកណាម្នាក់​ហ៊ាន ប៉ះពាល់​មនុស្ស​របស់គាត់ គឺ​គាត់​មិនឱ្យ អ្នកនោះ មាន​សេចក្ដីសុខ​ឡើយ​តែបើ ហ៊ាន ត្រូវ​ឆ្លងកាត់​គាត់​សិន​។​
៦- ការងារ​បក្ខពួកនិយម មន្ដ្រី ដែល​មិនមែនជា​បក្ខពួក​របស់​ពួកគាត់ គាត់​ចង់​ដក ឬ​ដាក់​តាម​អំពើ​ចិ​ត្ដ ហើយ ធ្វើ​អ្វី​តែងតែ ត្រូវបាន​ស្ដីបន្ទោស​និង​មិន ត្រូវបាន​យក​ចិ​ត្ដ​ទុកដាក់​ឡើយ​។​
៧- បាន​ប្រាប់​ទៅ​មន្ដ្រី សរុប របាយការណ៍​ថា បើ​ចង់បាន​របាយ ការណ៍​ពី​បក្ខពួក​គាត់​ចាំ​គាត់​សរសេរ ជំនួស​ឱ្យ​។​
៨- គាត់​នឹង​យក​មនុស្ស​ពី​ក្រៅ ឬ​ពី​ក្រសួង​មក​ធ្វើជា​អនុប្រធាន​មន្ទីរ ឬ​ប្រធានការិយាល័យ​។​
៩- គ្មាន​ទំនួល​ខុសត្រូវ ក្នុង នាម​ជា​អ្នកដឹកនាំ​បន្ដវេន​ការងារ​អនុវត្ដ ឆ្នាំ​ចាស់​នៅពេល​សវនកម្ម មក​ពិនិត្យ គាត់​បែរជា​និយាយថា ពីរ​នាក់​ហ្នឹង កុំ​តែ​គាត់​ជួយ កុំ​អី​ជាប់គុក​។​
១០- គាត់​បាន​និយាយ​អួតថា គាត់​មិន​ចង់​មក​ធ្វើ ជា​ប្រធាន​មន្ទីរ​ទេ តែ​ដោយមាន​គេ​បង្ខំ ចាញ់​នៅឯ​ភ្នំពេញ មួយខែ​គាត់​រកបាន ១.៨០០​ដុល្លារ អាមេរិក​។

លោក មឹង វី​រិ​យ៉ា​ បានបញ្ជាក់​តាម​ទូរស័ព្ទកាលពី​ព្រឹក​ថ្ងៃទី​០៥​តុលា​ ដោយ​ច្រាន​ចោល ការចោទប្រកាន់​របស់​មន្ដ្រី​ក្រោម​ឱវាទ​។ លោក​ថា ការ​ចោទប្រកាន់​ទាំងអស់​គឺជា​ការ មិនពិត​ទេ​ ហើយថា លោក​រង់ចាំ​ខាង​ក្រសួង​ដែលនឹងចុះមក​នៅ​រសៀល​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៥នេះ ដើម្បីពិភាក្សាគ្នាសិន៕​ដោ​យះ​រដ្ឋា​