ករណី​បុរស​អាមេរិក​ម្នាក់​ស្លាប់​ដោយ សារ​ធ្លាក់​ពីលើ​សណ្ឋាគារ សុខា ជ្រោយចង្វា នៅតែ​​អាថ៌កំបាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 October, 2015 ក+ ក-

​ភ្នំពេញ​: ករណី​បុរស​ចំណាស់​ជនជាតិ​អាមេរិក​ម្នាក់ ធ្លាក់​ពីលើ​អាគារ​នៃ​សណ្ឋាគារ​សុខា កម្ពស់​២០​ជាន់ នៅ​សង្កាត់​ជ្រោយចង្វា របស់លោក​ឧកញ៉ា​ផ សុខ គង់ រហូតមកដល់​រសៀល​ថ្ងៃទី​៦ តុលា នេះ សមត្ថកិច្ច​នៅតែ​មិនទាន់​បង្ហាញ​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការធ្លាក់​ស្លាប់​នោះ​នៅឡើយ​។​

​ក្រោយពេល​មាន​ហេតុការណ៍​ធ្លាក់​ពីលើ​អាគារ​ស្លាប់​ភ្លាមៗ គេ​ឃើញ​មាន​អ្នកកាសែត ទូរទស្សន៍​ជាង ១០ ស្ថាប័ន​ទៅដល់​ទីនោះ ប៉ុន្តែ​ត្រូវបាន​មេការ និង​សមត្ថកិច្ច​ហាមឃាត់ មិនឱ្យ​ចូល​យក​ព័ត៌មាន​នៅក្នុង​បរិវេណ​សណ្ឋាគារ​សុខា របស់លោក​ឧកញ៉ា សុខ គង់ នៅ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​នោះឡើយ​។​

​គួររំឭកថា នេះ​ជា​លើក​ទី​៤​ហើយ ដែល​សណ្ឋាគារ​ដ៏​ទំនើប​នៅ​ខាងកើត​រាជធានី​ភ្នំពេញ​មួយ​នេះ មាន​មនុស្ស​ស្លាប់​ដោយ​អាថ៌កំបាំង​ជា​បន្តបន្ទាប់ គិត​ចាប់តាំងពី​ថ្ងៃ​សាងសង់​មក​។ ប៉ុន្តែ​ហេតុការណ៍​ខ្លះ ត្រូវបាន​បិទបាំង​មិនឱ្យ​មហាជន​បានដឹង សូម្បីតែ​សមត្ថកិច្ច​ខ្លះ​ក៏​មិនត្រូវ​អ្នកទទួលខុសត្រូវ​នៃ​សណ្ឋាគារ​នោះ​ផ្តល់នូវ​សេចក្តីរាយការណ៍​លម្អិត​ឲ្យ​បានដឹង​ដែរ ។​បើ​ចំពោះ​អ្នកកាសែត​វិញ គឺ​រឹតតែ​តានតឹង​ជាងនេះទៅទៀត​។​

​គេហទំព័រ​នគរបាល​ជាតិ បាន​ចុះផ្សាយ​កាល​ម្សិល​ម៉ិ​ញ​ដោយ​ដកស្រង់​សំដី​មន្ត្រីនគរបាល​ខណ្ឌ​ជ្រោយចង្វា ថា នៅ​ម៉ោង​១០​ព្រឹក ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥ មានការ​ភ្ញាក់ផ្អើល​មួយ បាន​កើតឡើង​នៅមុខ​សណ្ឋាគារ សុខា ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ស្រប​ដង​ទន្លេសាប ក្នុងភូមិ​-​សង្កាត់​-​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ក្រោយពី​មាន​ជនជាតិ​អាមេរិកកាំង​ម្នាក់ ធ្លាក់​ពីលើ​សណ្ឋាគារ សុខា កំពស់ ២០​ជាន់​។​

​ជុំវិញ​ករណីនេះ មេគង្គ​ប៉ិ​ស្តិ៍ មិនអាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​អ្នកទទួលខុសត្រូវ​នៅ​សណ្ឋាគារ សុខា បានទេ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៦ ខែតុលា នេះ​។​

​ប្រភព​ដដែល​បញ្ជាក់ថា ជនរងគ្រោះ​ជា​ជនជាតិ​អាមេរិក ឈ្មោះ Harris charles frederick ភេទ​ប្រុស អាយុ ៦៦​ឆ្នាំ មក​ស្នាក់​នៅក្នុង​សណ្ឋាគារ​សុខា ក្នុង​បន្ទប់​លេខ​៧២៨ ជាន់​ទី​៧​តាំងពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥ មកម្ល៉េះ​។ មុនពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​គេ​ប្រាប់ថា បាន​ឡើងទៅ​អាគារ​ជាន់​លើ​កំពស់​២០ ជាន់ ដើម្បី​លំហែកាយ បន្ទាប់មក​ស្រាប់តែ​ធ្លាក់​ចុះក្រោម​បែកក្បាល​ស្លាប់​មួយ​រំពេច​។ ប្រភព​ផ្សេងទៀត​បាន​សន្និដ្ឋានថា ការធ្លាក់​ស្លាប់​នេះ​ជា​អំពើ​ឃាតកម្ម​។ រីឯ​អ្នក​ខ្លះទៀត​សង្ស័យថា ជាការ​លោត​សម្លាប់ខ្លួន​។​

​បើទោះបីជា​សមត្ថកិច្ច​បា​ន​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សាកសព និង​បន្ត​ស៊ើបអង្កេត​លើ​ព័ត៌មាន​ដែល​ផ្តល់​ដោយ​សាក្សី និង​ពី​កាមេរ៉ា​សុវត្ថិភាព​រួចហើយ​ក្តី ក៏​មកទល់ពេលនេះ​គ្មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​អាច​ប្រាប់​ពី​មូលហេតុ​ពិត​នៃ​ការស្លាប់​ជនជាតិ​អាមេរិក​នេះ​ទេ ខណ​:​មជ្ឈដ្ឋាន​មួយចំនួន​ផ្តោតការសង្ស័យថា ជា​អំពើ​ឃាតកម្ម​៕ដោយ៖រដ្ឋា

drfddd

frdeee