ភ្លើង​ឆេះ​រោងចក្រ​កាត់ដេរ គង់ គង់ នៅ​សង្កាត់​ភ្នំពេញ​ថ្មី ស្ទើរ​ទាំងស្រុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 October, 2015 ក+ ក-

​ភ្នំពេញ​៖​អគ្គិភ័យ​ដ៏​កាច​សាហាវ​មួយ​បាន​ឆាបឆេះ​រោងចក្រ​កាត់ដេរ គង់ គង់ ស្ថិតនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ យ៉ាង​សន្ធោសន្ធៅ​ស្ទើរ​ទាំងស្រុង បើទោះបី​ជាមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ និង​ទប់ស្កាត់​កុំ​ឲ្យ​ភ្លើង​ឆេះ​រាយ​ដាល​បន្តទៀត​យ៉ាងណាក៏ដោយ​។​

​លោក ជុំ សា​រ៉ា​យ ប្រធាន​សង្កាត់​ភ្នំពេញ​ថ្មី បាន​ប្រាប់​ឲ្យ​ដឹងថា អគ្គិភ័យ​នេះ​បានចាប់ផ្ដើម​ឆាបឆេះ​នៅ​ម៉ោង​ប្រមាណ​៦ និង​៣០​នាទី​ល្ងាច ដោយ​ផ្តើមចេញពី​អាគារ​កាត់ដេរ​របស់​រោង​ចក្រ រួច​ក៏​រាល​ទៅ​អាគារ​ឃ្លាំង​ផ្ទុក​កំណាត់ និង​ការិយាល័យ​របស់​រោងចក្រ​។

លោក​ចៅសង្កាត់ ជុំ សា​រ៉ា​យ បន្តថា អាគារ​កាត់ដេរ​របស់​រោងចក្រ​ត្រូវបាន​ឆេះ​ស្ទើរតែ​ទាំងស្រុង បើទោះបីជា​មេឃ​មាន និង​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​សម្រុក​អន្តរាគមន៍​បែបណាក៏ដោយ​។ មិនមាន​របាយការណ៍​ពី​អ្នករងគ្រោះ​នៅក្នុង​អគ្គិភ័យ​នេះនោះ​ទេ ប៉ុន្តែ​លោក​ចៅសង្កាត់​បាន​សមត្ថ​កិច្ច​សន្និដ្ឋានថា អគ្គិភ័យ​នេះ​អាច​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី ដោយសារ​វា​កើតឡើង​ក្រោយពេល​កម្មករ​ចេញពី​ធ្វើការ ៕​ដោយ ៖ រដ្ឋា