ពលរដ្ឋ​ស្រុក​ស្អាង​ផ្ទុះ​កំហឹងតវ៉ា​ករណី​លោក វិត ធា​រិ​ទ្ធ រំលោភ​យក​ដី​បឹង​អាង​ស្តុ​ប​ទឹក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2015 ក+ ក-

​កណ្តាល​៖កាលពី​ព្រឹក​ថ្ងៃទី ២៣ ខែតុលា នេះ តំណាង​ប្រជាពលរដ្ឋ​ស្រុក​ស្អាង​ចំនួន​៣​ឃុំ ផ្ទុះ​ការតវ៉ា​លើក​ទី​៤ ក្នុងករណី​លោកវិត​ធា​រិ​ទ្ធ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកណ្តាល បាន​បំពាន​ជីក​ទំនប់​ព័ទ្ធ​យក​ដី​បឹង​បុរាណ​មួយ​ដែលជា​អាង​ស្តុ​ប​ទឹក​យ៉ាងសំខាន់​សម្រាប់​ពួកគាត់​ស្រោចស្រព​ដំណាំ បន្ទាប់ពី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​កាលពី​ថ្ងៃទី ១ ខែតុលា ឆ្នាំ​២០១៥ កន្លងទៅ ហើយ​ហាក់​ព្រងើយកន្តើយ មិន​គិតគូរ​ដោះស្រាយ​និង​បាន​ពន្យារពេល​អស់​ជិត​មួយខែ​មក​នោះ ។

​គួរ​បញ្ជាក់ថា ដី​បឹង​បុរាណ​មួយ​នេះ មាន​ឈ្មោះថា បឹង​អួ​ក ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ខ្សេវ ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ដែលមាន​ទំហំ ១៨​ហិកតា ហើយ​បច្ចុប្បន្ន​ត្រូវបាន លោក វិត ធា​រិ​ទ្ធ រំលោភ​យក​ជិត​អស់​ទៅហើយ គឺ​នៅសល់តែ​ប្រមាណ​ជា​៣​ទៅ​៤​ហិកតា តែប៉ុណ្ណោះ ។ បឹង​បុរាណ​មួយ​នេះ អាច​ស្តុ​ប​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ចំនួន​៣​ឃុំ គឺ​ឃុំ​រការ​ខ្ពស់ ឃុំ​ព្រែក​គយ និង​ឃុំ​ស្អាង​ភ្នំ ស្រោចស្រព​ដំណាំ​ស្រែចម្ការ និង​ជា​បឹង​មួយ​សម្រាប់​ពួកគាត់​កាប់​អុស​ដុត នេសាទ​ត្រី​រក​ទទួលទាន​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ទាំង​រដូវប្រាំង និង​រដូវវស្សា ។

ការតវ៉ា​នេះ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​អាជ្ញាធរ ជួយ​ដោះស្រាយ ធ្វើយ៉ាងណា​ឲ្យ​លោកវិត ធា​រិ​ទ្ធ ប្រគល់​ដី​បឹង​ដែល​ខ្លួន​រំលោភ​យក​នោះ ឲ្យ​ពួកគាត់​វិញ មិនត្រូវ​ចេះតែ​ពន្យា​ពេល យក​លេស​នេះ លេស​នោះ ហើយ​មិន​ដោះស្រាយ​ជូន​ពួកគាត់​នោះទេ ។ ប្រជាពលរដ្ឋ​និយាយថា បើ​អាជ្ញាធរ​មិន​ដោះស្រាយ​តាម​ការទាមទារ​របស់​ពួកគាត់​នោះទេ ពួកគាត់​នឹងធ្វើ​ការតវ៉ារ​ហូតថ្នាក់​ខេត្ត​បន្តទៀត ៕​ដកស្រង់​ដោ​យ៖ សួង សាម​