មណ្ឌលគិរី៖ការអះអាងរបស់លោកឧកញ៉ា ទ្រី ភាព ថាឈប់ដឹក និងធ្វើអាជីវកម្មរកស៊ីឈើ កាលកន្លងទៅនេះ មិនរំពឹងថា ជាការពិតឡើយ ខណៈគេសង្កេតឃើញនៅតែមានក្រុមមេ ការខ្លះលេចមុខប្រមូលទិញឈើដដែល។ ជាមួយគ្នានេះដែរ ឧកញ៉ា ទ្រី ភាព ក៏បានប្រកាសចាប់ខ្លួនចំពោះអ្នកដែលយកឈ្មោះក្រុមហ៊ុន ទ្រី ភាព ទៅរកស៊ីឈើទៀតផង។
ក្រុមឈ្មួញរកស៊ីឈើ នៅខេត្តមណ្ឌលគិរី បាននិយាយថា លោក ម៉ុត វិសាល ដែលជាមេការប្រមូលទិញឈើអោយក្រុមហ៊ុន លោកឧកញ៉ា ទ្រី ភាព ប្រចាំខេត្តរតនគិរីនោះ ឥឡូវបានទទួលការចាត់តាំងធ្វើជាមេការប្រមូលទិញ ឈើ ប្រចាំខេត្តមណ្ឌលគិរីបន្ថែមទៀត។
ប្រភពដដែលបានរាយការណ៍ថា ការលេចមុខរបស់លោក ម៉ុត វិសាល មេការប្រមូលទិញឈើឱ្យក្រុមហ៊ុនឧកញ៉ា ទ្រី ភាព នៅខេត្តមណ្ឌលគិរីក្នុងពេលនេះ គឺបន្ទាប់ពីឈើប្រណីតនៅខេត្តរតនគិរី ត្រូវបានកាប់បំផ្លាញ ស្ទើរតែរលាយហិនហោចអស់ទៅហើយ។ ម្យ៉ាងវិញទៀត គេមិនច្បាស់ទេថា តើការលេចមុខលោក ម៉ុត វិសាល ប្រមូលទិញឈើនៅខេត្តមណ្ឌលគិរី លើកនេះ ជាការចាត់តាំងរបស់ក្រុមហ៊ុន ឬយ៉ាងណានោះឡើយ ព្រោះថា បើតាមការអះអាងរបស់ឧកញ៉ា ទ្រី ភាព នាពេលកន្លងទៅ គឺក្រុមហ៊ុនមួយនេះមិនជាប់ពាក់ព័ន្ធក្នុងការរកស៊ីឈើនោះទេ ប៉ុន្តែទោះជាយ៉ាងណាឧកញ៉ា ទ្រី ភាព មិនអាចធ្វើការទំនាក់ទំនងសុំការពន្យល់បាន ទេពីបញ្ហានេះ ព្រោះគ្មានលេខទូរស័ព្ទ។
ប្រភពខាងលើបន្តទៀតថា បច្ចុប្បន្នព្រៃឈើនៅក្នុងតំបន់ជីវះចម្រុះសីមា ស្ថិតនៅក្នុងស្រុកកែវសីម ខេត្តមណ្ឌលគិរី ជាប់ព្រំប្រទល់នឹងខេត្តក្រចេះ កំពុងរងការកាប់បំផ្លាញយ៉ាងរង្គាលពុំមានការទប់ស្កាត់។ ក្រុមមេការឧកញ៉ា ទ្រី ភាព ឈ្មោះ ម៉ុត វិសាល ដែលគេដឹងថា ជាមេខ្លោង ប្រមូលទិញឈើល្មើសច្បាប់យ៉ាងសកម្មនោះ កំពុងធ្វើការសម្រុកដឹកជញ្ជូនយ៉ាងមមាញឹកចេញពីតំបន់ទឹកដី ខេត្តមណ្ឌលគិរី មកស្តុកទុកក្នុងឃ្លាំងមួយកន្លែង ក្នុងដីសម្បទានរបស់ក្រុមហ៊ុន តុងមិន (TONGMIN) ដែលមាន ទីតាំងស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់មកទៀត ទើបពួកគេដឹកជញ្ជូនបន្តទៅកាន់គោលដៅ។ រីឯមន្ត្រីជំនាញបរិស្ថាន មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត រួមទាំងសមត្ថកិច្ចមួយចំនួន ត្រូវបានគេគិតថា មានការឃុបឃិតគ្នាជាមួយក្រុមមេការខាងលើ បើកដៃអោយមានការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ជីវះចម្រុះសីមាយ៉ាងអនាធិបតេយ្យជា រៀងរាល់ថ្ងៃ។ ចំណែកអភិបាល ខេត្តមណ្ឌលគិរី លោក អេង ប៊ុនហៀង ក៏ដូចជាលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើត្រូវតែ ទទួលខុសត្រូវធំជាងគេ ចំពោះសោកនាដនាកម្មកាប់បំផ្លាញព្រៃឈើ នៅក្នុងខេត្តមណ្ឌលគិរីទាំងមូល។
លោក ម៉ុត វិសាល បានថ្លែងប្រាប់តាមទូរស័ព្ទថា លោកពិតជាចុះប្រមូលទិញឈើនៅក្នុង ខេត្តមណ្ឌលគិរីប្រាកដមែន ប៉ុន្តែលោកមិនបានប្រាប់ទេថា ការប្រមូលទិញឈើនេះ គឺទទួលការចាត់តាំងពីក្រុមហ៊ុន ឬយ៉ាងណានោះទេ លោកគ្រាន់តែបញ្ជាក់ថា ការងារនេះលោកមិនបានចុះផ្ទាល់ទេ គឺប្រគល់អោយឈ្មោះ ធី រួចក៏បិទទូរស័ព្ទតែម្តងទៅ។
ចំណែកឈ្មោះ ធី ក៏បានអះអាងថា លោកពិតជាកូនដៃទិញឈើឲ្យឈ្មោះ ម៉ុត វិសាល ប្រាកដមែន ហើយគាត់គ្រាន់តែជាអ្នកប្រមូលទិញប៉ុណ្ណោះមិនដឹងថា ឈើទាំងអស់នោះទិញឲ្យក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ឬយ៉ាងណានោះឡើយ៕