សៀមរាប៖ អតីតនិស្សិតដែលគំរាៀមបោកគ្រាប់បែកសម្លាប់ឧបនាយករដ្ឋមន្ត្រី ស ខេង ត្រូវបានតុលាការសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៥ខែ តែអនុវត្តទោសក្នុងពន្ធនាគារតែរយៈពេល ១ខែប៉ុណ្ណោះ។ ជននេះនឹងត្រូវចេញពីពន្ធនាគារនៅថ្ងៃទី២៨ ខែតុលា ខាងមុខ។
លោកឈុន ចន្ទ័សីហា ជាចៅក្រមជំនុំជម្រះលោកបានសារភាពថាគ្មានចេតនាហើយនឹងបានធ្វើលិខិតសុំទោសឧបកនាយរដ្ឋមន្ត្រីហើយដូចតុលាការសម្រេចជាប់ពន្ធនាគារយះពេល១៥ខែតែអនុវត្តទោសក្នុងពន្ធនាគារតែរយះពេលមួយខែ។
ជនសង្ស័យឈ្មោះ តៅ សាវឿន ត្រូវបាននាំខ្លួន មកជំនុំជម្រះ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ដោយមានលោក ឈុន ចន្ទ័សីហា ជាចៅក្រមជំនុំជម្រះ លោក សំរិទ្ធ សុខុន ជាតំណាងអយ្យការ និងលោក យ៉ែម ពិតណ្ណា ជាក្រឡាបញ្ជីសវនាការ និងមេធាវីការពារជនជាប់ចោទ ២រូប គឺកញ្ញា ថា រ័ត្នថុន និងលោក កុយ កិត្យា បន្ទាប់ពីចប់សវនាការភ្លាម ចៅក្រមជំនុំជម្រះ បានប្រកាសសាលក្រមផ្តន្ទាទោសឈ្មោះ តៅ សាវឿន ដាក់ពន្ធនាគាររយៈពេល១៥ខែ តែទោសត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល១ខែ។
សូមបញ្ចាក់ថា ជននេះត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅក្នុងសាលកវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បន្ទាប់ពីរូបគេបានចូលមកទទួលសញ្ញាប័ត្របញ្ចប់ការសិក្សា នៅសាលកលវិទ្យានេះ ដែលផ្តល់ជូនដោយសម្តេចក្រឡាហោម ស ខេងហើយទណ្ឌិតរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពេលនោះ ពីបទគម្រាមសម្លាប់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅនេះ។ ទណ្ឌិតរូបនេះដែរ មានមុខរបរមុនពេលចាប់ខ្លួនជាអ្នកគ្រប់គ្រងភោជនីយដ្ឋាន នៅសណ្ឋាគារសុខារ័ត្ន នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
បើគិតពីថ្ងៃឃុំខ្លួន ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ គឺទណ្ឌិត តៅ សាវឿន នឹងត្រូវចេញពីពន្ធនាគារនៅ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ខាងមុខ ហើយគេនឹងមានសេរីភាពធម្មតាវិញ។ យុវជននេះ ត្រូវបានចាប់ខ្លួន ដោយសារតែរូបគេ បានសរសេរលើហ្វេសប៊ុក ថា នឹងដាក់គ្រាប់បែកឲ្យស្លាប់តែម្តង នៅពេលសម្តេច ស ខេង ទៅចែកសញ្ញាប័ត្រព្រោះសាលានោះ លើកពេលចែកសញ្ញាបត្រដោយសារបញ្ហាអាកាសធាតុមិនអាចឲ្យសម្តេចក្រឡាហោម ស ខេង ធ្វើដំណើរតាមជើងយន្តហោះបាន៕