លោក សម រង្ស៊ី ប្រឈម​នឹង​ការចាប់ ខ្លួន​ពាក់ព័ន្ធ​សំណុំរឿង​លោក ហុង សុខ​ហួរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 October, 2015 ក+ ក-

​ភ្នំពេញ​៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី អាច​ប្រឈម​នឹង​ការចាប់ខ្លួន​ពាក់ព័ន្ធ​សំណុំរឿង​លោក ហុង សុខ​ហួរ គ្រា​ដែល​លោក​សមរង្ស៊ី​បាន​ឲ្យ​លោក ហុង សុខ​ហួរ បង្ហោះ​ឯកសារ​ក្លែងក្លាយ​នៅក្នុង​Facebook របស់ខ្លួន​។ នេះ​បើ​យោងតាម​ការ​ថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​និស្សិត​នៅ​ប្រទេស​បារាំង កាលពី​ថ្ងៃទី​២៥ ខែតុលា​នេះ ។

​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា ករណី​លោក ហុង សុខ​ហួរ គឺជា​បទល្មើស​ជាក់ស្តែង​ដែល​សមត្ថកិច្ច​ត្រូវ​ចាប់ខ្លួន​ដោយ​មិនចាំបាច់​មានការ​ដក​អភ័យឯកសិទ្ធិ​នោះឡើយ ។ ចំណែក​លោក សម រង្ស៊ី អាច​នឹងមាន​ទោស​ដោយ​សារ​តែ​បានផ្តល់​កន្លែង​ចែកចាយ​ឯកសារ​ក្លែងក្លាយ ។

​លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា លើក​នេះ​ឈប់​លើកលែងទោស​ឲ្យ​ហើយ ព្រោះ​លោក​ធ្លាប់បាន​លើកលែងទោស​ឲ្យ​ម្នាក់នេះ​២​ដង​រួចមកហើយ ហើយ​គុក​ព្រៃ​ស អត់​មាន​ទទួលស្គាល់ថា អ្នកណា​ជា​ស្អី​នោះទេ ។ លោក ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា លោក​និយាយ​ដូច្នេះ មិនមែន​អាង គុក អាង​ច្រ​វ៉ា​ក់ អាង​ទាហាន អាង​ប៉ូលីស អាង​អំណាច​នោះទេ ប៉ុន្តែ​គឺ​សំអាង​លើផ្លូវ​ច្បាប់ ។

​គួរ​បញ្ជាក់ថា លោក ហុង សុខ​ហួរ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស តាម​បទចោទប្រកាន់​៣​ករណី ទី​១/ ក្លែង​ឯកសារ​សា​ធារ​ណះ ទី​២/ ប្រើប្រាស់​ឯកសារ​សា​ធា​រណះ​ក្លែងក្លាយ ទី​៣/ ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ ដល់​សន្តិសុខ​ជាតិ​៕