ប្រវត្តិនៃការកកើត វត្តបាឡាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 April, 2024 ក+ ក-

(ខេត្តបាត់ដំបង)៖នៅក្នុងខេត្តបាត់ដំបង មានវត្តអារាមជាច្រើនដែលបានកសាងឡើងតាំងពីរាប់រយឆ្នាំមកហើយ។វត្តអារាមទាំងនោះបានក្លាយទៅជាទីតាំងទេសចរណ៍បែបពុទ្ធសាសនាដ៏ពេញនិយមសម្រាប់អ្នកទេសចរណ៍ជាតិ និងអន្តរជាតិគ្រប់រូបដែលបានមកទស្សនាខេត្តបាត់ដំបង ។
ក្នុងចំណោមអារាមទាំងនោះវត្តបាឡាត់ក៏ជាវត្តដ៏មានវ័យចំណាស់មួយក្នុងខេត្ត បាត់ដំបងផងដែរ។លោកអ្នកចង់ដឹងទេពីប្រវត្តិដើមដែលនាំឲ្យវត្តមួយនេះមានឈ្មោះថា វត្តបាឡាត់ នោះ។

វត្តបាឡាត់ មានទីតាំង​ស្ថិត​នៅ​មាត់​ច្រាំង​ដង​ស្ទឹង​សង្កែ​ត្រើយ​ខាង​កើត និងមានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីទីក្រុងបាត់ដំបង។ តាមឯកសារសៀវភៅប្រវត្តិខេត្តបាត់ដំបងសម័យលោកម្ចាស់របស់លោក តូច ឈួង បានសរសេរថាអ្នក​ផ្តើម​កសាង​វត្ត​បាឡាត់​ គឺជាមន្រ្តី​ក្រមការនៅ​ក្រុង​បាត់​ដំបងមួយ​រូប ឈ្មោះលោកបាឡាត់ រស់។​លោក​កសាង​វត្តនេះ​​​​ឡើង​ដើម្បី​លា​បំណន់​ ក្នុង​គ្រា​ដែលពួក​អាណ្ណា​មចាប់​ខ្លួន​លោក និង​ក្រុម​គ្រួសារ​ យក​ទៅ​ឃុំទុក​នៅ​ក្រុង​វ៉េ ​អស់​រយៈ​ពេល​ ១០ឆ្នាំនោះ។ នៅក្រុងវ៉េ លោកបាឡាត់រស់ បានបន់ស្រន់ព្រះរតនត្រៃសូមជួយលោកនិងក្រុមគ្រួសារឲ្យបានត្រលប់មកស្រុកខ្មែរវិញ។ លោកបាឡាត់បានបន់ស្រន់ថា នឹងកសាងវត្តមួយដើម្បីតបស្នងសងគុណព្រះរតនត្រៃ។

ក្រោយ​ពេល​ដែល​មាន​សេរីភាព និង​បាន​​វិល​ត្រឡប់​ទៅ​ដល់​ទឹក​ដី​កំណើត​វិញ, លោក​បាឡាត់​ រស់ ក៏បាន​​កសាង​​អារាម​បាឡាត់​​នេះ​ឡើង។ហើយ​អ្នក​ស្រុក​ក៏​ហៅ​វត្តនេះ​ថា វត្តបាឡាត់ៗ ជាប់​រហូត​មក។ ឯ​កាល​បរិច្ឆេទ​នៃ​ការ​កកើត​ទី​អារាម​នេះ ក្នុង​ឯកសារ​របស់​លោក ​តូច ឈួង មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ទេ​។ ប៉ុន្តែ បើយោងតាមឯកសារ​ប្រវត្តិសាស្ត្រ ព្រឹត្តិការណ៍ពួក​អាណ្ណាម​ចាប់​លោក​បាឡាត់ រស់ ទៅ​ឃុំ​ទុក​នៅ​ក្រុងវ៉េ ​កើត​ឡើង​ក្នុង​រវាង​ទសវត្សរ៍​ឆ្នាំ​មួយ​ពាន់​ប្រាំ​បី​រយប្លាយ ។តែបើតាមឯកសារដែលបានចារទុកនៅក្នុងវត្តបាឡាត់នោះបង្ហាញថា វត្តបាឡាត់ត្រូវបានកសាងឡើងឆ្នាំ ១៨៤៥ ដោយលោកបាឡាត់ឈ្មោះ រស់ ។

អ្នកយកព័ត៌មាន មេគង្គប៉ុស្ដ បានទៅដល់អារាមនេះផ្ទាល់ ឃើញព្រះវិហារ​វត្ត ​បាឡាត់ សង់​​នៅ​លើ​ខឿន​ថ្ម និង​មាន​រាង​រៅ​ស្រដៀង​គ្នា​នឹង​ព្រះ​វិហារ​ចាស់​នៅ​វត្តកែវ​ដែរ។ នៅ​​ពាក់​កណ្តាល​ជញ្ជាំង​ព្រះវិហារ​​​ប៉ែក​ខាង​លិច មាន​ព្រះ​ពុទ្ធ​បដិមា​មួយ​អង្គដ៏ស្អាតសោភាតំកល់​នៅ​លើ​ទី​ខ្ពស់​មួយ។ នៅ​ជាប់​នឹង​ខឿន​ព្រះវិហារ​ប៉ែក​ខាង​លិច​ គឺ​ជា​សាលា​បុណ្យ ដែល​បានសង់​​ថ្មីជំនួសសាលាបុណ្យចាស់ដែលសង់ទាប និង​ចាស់​ណាស់​ទៅហើយនោះ។
ព្រះគ្រូចៅអធិការវត្តបាឡាត់ជំនាន់ទី១២ ព្រះនាម សៀន សាន បានមានថេរដិកា ប្រាប់អ្នកយកព័ត៌មានមេគង្គប៉ុស្ដិ៍ថា បច្ចុប្បន្ន ព្រះវិហារវត្តបាឡាត់កំពុងទទួលការជួសជុលកែលម្អឡើងវិញនូវចំណុចខ្លះដែលរងការខូខាតដោយ សារអាយុកាលដ៏យូរលង់របស់ព្រះវិហារនេះ។ ព្រះអង្គមានថេរដិកាបញ្ជាក់ថា នៅហោជាងខាងលិចមានបញ្ជាក់ប្រាប់ពី គ.ស១៩៣៤ នោះគឺជាពេលវេលានៃការ
កសាងព្រះវិហារទី២។គឺព្រះវិហារសព្វថ្ងៃដែលបានកសាងជំនាន់លោកគ្រូចៅ អធិការទី៦ ព្រះនាម ហ៊ីង ។តាមពិតវត្តបាឡាត់ចាប់ពីកសាង១៨៤៥ ដែលមកទល់នឹងសព្វថ្ងៃនេះគឺមានអាយុកាល១៧៩ឆ្នាំមកហើយ។

សូមបញ្ជាក់ថា មកទល់បច្ចុប្បន្ន វត្តបាឡាត់មានចៅអធិការចំនួន១២ អង្គបានបន្តវេនគ្រប់គ្រងអារាមមួយនេះ៕សូមចុចបើកLink ដើម្បីទស្សនាព័ត៌មានពិស្ដារ( https://youtu.be/tLWVtd7KIgw)