ស្ត្រី​ខ្មែរ​វ័យក្មេង​៤​នាក់​ទៀត​ ដែល​ចាញ់ បោក​មេខ្យល់​ត្រូវបាន​សង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2015 ក+ ក-

ភ្នំ​ពេ​ញ៖ស្ត្រី​វ័យក្មេង​ខ្មែរ​៤​នាក់​ថ្មី​ទៀត​ជា​កូនចៅ​ប្រជាកសិករ​រស់នៅ​ខេត្តព្រៃវែង កណ្ដាល កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ ដែល​ចាញ់បោក​មេខ្យល់​ទៅធ្វើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​ជួយសង្គ្រោះ​នាំយកមក​ស្រុកកំណើត​វិញ​ហើយ​កាលពី​រសៀល​ថ្ងៃ​ពុធ​នេះ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា នៅ​ថ្ងៃទី​២៨ ខែតុលា នេះ​បាន​ឲ្យ​ដឹងថា ស្ត្រី​ខ្មែរ​ចំនួន ៤​នាក់ ដែល​ចាញ់បោក​មេខ្យល់​នាំយកទៅ​ធ្វើជា​អ្នកបម្រើ​តាម​ផ្ទះ​នៅ​ប្រទេស ម៉ាឡេស៊ី ត្រូវបាន​ជួយសង្គ្រោះ​។ ពល​ការិនី​ខ្មែរ​រងគ្រោះ​ម្នាក់​មកពី​ខេត្តព្រៃវែង បានមក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​២៨ ខែតុលា វេលា​ម៉ោង ៤​រសៀល តាម​ជើងយន្តហោះ AK ៥៣៤​។ ដោយឡែក​ពល​ការិនី​ខ្មែរ ៣​នាក់​ទៀត​ដែល​រស់នៅ​ខេត្តកណ្ដាល កំពង់ឆ្នាំង និង​ខេត្តកំពង់ធំ នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែតុលា វេលា​ម៉ោង ៧ និង ៥០​នាទី​ព្រឹក តាម​ជើងយន្តហោះ AK ៥៣៦​។​

សេចក្តីប្រកាស​ដដែល​ប​ញ្ជា​ក់ថា អំឡុង​រង់ចាំ​ការ​ត្រឡប់មក​កម្ពុជា​វិញ ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បានផ្តល់​កន្លែង​ស្នាក់នៅ និង​ហូបចុក​ជូន​ដល់​ពល​ការិនី​ទាំង ៤​នាក់​នោះ​។​

​ជាងនេះទៀត ក្រសួងការបរទេស​ក​ម្ពុ​ជា ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ជាពិសេស​នារី​ខ្មែរ​ដែលជា​ជន​ងាយ​រងគ្រោះ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆបោក​ពី​សំណាក់​មេខ្យល់ ដែល​ភូត​កុហកថា ទៅធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី នឹង​ទទួលបាន​ប្រាក់ខែ​ច្រើន​។​

ស្ត្រី​រងគ្រោះ​ទាំង ៤​នាក់​នោះ​រួមមាន​៖
១- ពល​ការិនី​ខ្មែរ​រងគ្រោះ​ឈ្មោះ អ៊ី តូច នៅ​ភូមិ​ព្រះ​ធាតុ ឃុំ​ព្រះ​ធាតុ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បាន​ទៅធ្វើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​តាមរយៈ​មេខ្យល់ កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៤ បានមក​ស្ថានទូត នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ សុំ​ជួយ​ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។ ពល​ការិនី អ៊ី តូច នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ១៦​ៈ​០០​នាទី​រសៀល តាម​ជើងយន្តហោះ AK ៥៣៤​។​

២- ពល​ការិនី​ខ្មែរ​រងគ្រោះ ៣​នាក់​ទៀត ដែល​នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ វេលា​ម៉ោង ០៧​ៈ​៥០​នាទី ព្រឹក តាម​ជើងយន្តហោះ AK ៥៣៦​មានឈ្មោះ​៖

– នៅ ស្រី​នាង អាយុ​២២​ឆ្នាំ នៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្ដាល បានមក​ស្ថានទូត នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥ សុំ​ជួយ​ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។ ពល​ការិនី​រូបនេះ​ត្រូវបាន​បងស្រី​បង្កើត​នាំយកទៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៤ ធ្វើការ​នៅ​ហាង បោកគក់​សំលៀកបំពាក់​។​

– ឌី ចាន់​ស្រ៊ូ អាយុ​២០​ឆ្នាំ នៅ​ភូមិ​កំពង់​បឹង ឃុំ​កំពង់​ហាវ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បានមក​ស្ថានទូត​នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៥ សុំ​ជួយ​ឲ្យ​បាន វិល​ត្រឡប់មក​កម្ពុជា​វិញ​។ ពល​ការិនី​រូបនេះ បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី​តាមរយៈ​មេខ្យល់ កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៤ ធ្វើការ​តាម​ផ្ទះ​។​

– សំ ស៊ីណា (​ឈ្មោះ​ពិត សំ ស៊ី​ណែ​ត​) អាយុ​២០​ឆ្នាំ នៅ​ភូមិ​តា​ញ៉ោ​ក ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្តកំពង់ធំ បានមក​ស្ថានទូត នៅ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៥ សុំ​ជួយ​ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។ ពល​ការិនី​រូបនេះ បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី តាមរយៈ​មេខ្យល់ កាលពី​ឆ្នាំ​២០១២ ធ្វើការ​នៅ​ហាង​លក់​បាយ​៕​ដោ​យ៖​គឹម បញ្ញា