លោក ហ៊ុយ សាន់ អតីត​តារា​សម្តែង​ជើងចាស់​ទទួលមរណភាព
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 October, 2015 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក ហ៊ុយ សាន់ ដែលជា​អតីត​តារា​សម្តែង និង​ជា​ចាងហ្វាង​ផលិតកម្ម​តាំងពី​សង្គម បានទទួល​មរណភាព​ហើយ ក្នុង​ជន្មាយុ​៧៧​ឆ្នាំ ដោយ​ជរាពាធ នៅឯ​ទឹកដី​សហរដ្ឋអាមេរិក​។ ដំណឹង​មរណភាព​របស់លោក ហ៊ុយ សាន់ ត្រូវបាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​សំណាក់​កូនប្រុស របស់លោក ហើយ​មានការ​ចែករំលែក​ពី​ម្នាក់​ទៅ​ម្នាក់​ផងដែរ​។​
​បើតាម​ការបញ្ជាក់​នៅក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់លោក ដេវីដ ចាន់​ណាយ​វ៉ា ដែលជា​កូនប្រុស​របស់លោក ហ៊ុយ សាន់ បាន​ឲ្យ​ដឹងថា ឪពុក​របស់លោក​បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ចន្ទ ទី​២៦ តុលា ២០១៥ ក្នុង​ជន្មាយុ​៧៧​ឆ្នាំ​។ លោក​បន្តថា ពិធី​បញ្ចុះសព​ឪពុក​របស់លោក​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែតុលា ឆ្នាំ​២០១៥​នេះ វេលា​ម៉ោង​៩​ព្រឹក នៅ DOLAN FUNERAL HOME, INC សហរដ្ឋអាមេរិក ។​
​លោក ចាន់ណា​វ៉ា បាន​ឲ្យ​ដឹងថា លោក ហ៊ុយ សាន់ កើត​នៅ​ថ្ងៃទី​១១ ធ្នូ ១៩៣៨ ។ លោក​បញ្ជាក់ថា កាលពី​ជំនាន់​សង្គមរាស្ត្រនិយម​មកដល់​សម័យ​យើង​សព្វថ្ងៃនេះ​ឪពុក​របស់លោក​ជា គ្រូ​ក្បាច់​គុនដំបង​ខ្មែរ បុរាណ ជា​កីឡាករ​ជើងឯក​ទទួល​ពានរង្វាន់​អូ​ឡាំ​ពិ​ច ជា​តារាភាពយន្ត និង​ជា​អ្នក​ផលិត​ខ្សែភាពយន្ដ​ផងដែរ​
​ទោះយ៉ាងណា​ក៏ដោយ​ព័ត៌មាន​លម្អិត​នៃ​មរណភាព​របស់​អតីត​តារា​សម្តែង​តួអង្គ​កាច រូបនេះ​មិនត្រូវ​បាន​ក្រុមគ្រួសារ​របស់លោក​បញ្ជា​ក់​ឱ្យបាន​លម្អិត​ឡើយ គ្រាន់តែ​មានការ​ជូនដំណឹង និង​បញ្ជាក់​ពី​ការធ្វើ​បុណ្យ និង​ការ​បញ្ចុះសព​តែប៉ុណ្ណោះ​៕

art20.1art20.2