កប៉ាល់អ្នកនេសាទសមុទ្រខ្មែរជួយសង្គ្រោះជនជាតិថៃដែលលិចកប៉ាល់ក្នុង សមុទ្រខ្មែរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2024 ក+ ក-


(ខេត្តកោះកុង)-កប៉ាល់ដឹកទំនិញផ្ទុកកុងតឺណឺមួយគ្រឿង ដែលដឹកទំនិញពីប្រ ទេសថៃមកប្រទេសកម្ពុជា ជួបខ្យល់រលកធំរួចបានលិចនៅក្នុងសមុទ្រ (ចន្លោះកោះវ៉ាង និងកោះម្នាស់) ក្នុងខេត្តកោះកុង ម៉ោងប្រមាណ១២ ថ្ងៃទី០៩ ខែមិថុនា២០២៤ ។

កប៉ាល់ដែលលិចនេះបណ្ដោយ ៤៩ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ ជម្រៅទឹក ជាង៣ម៉ែត្រ។នៅលើនាវាផ្ទុកកុងតឺណឺនេះមានមនុស្សចំនួន ១០ នាក់ជាជនជាតិថៃ ត្រូវបានជួយសង្គ្រោះបានទាំងអស់ដោយទូកនេសាទនៅជិតកន្លែងកើតហេតុ និងបាននាំមកកាន់ដីគោកក្រុងព្រះសីហនុ តាមអូរប័រល្បឿនលឿនរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ដោយសុវត្ថិភាព។ដោយមានការចូលរួមពីកម្លាំងទីបញ្ជា ការជួរមុខអគ្គលេខាធិការដ្ឋានគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមនិងសមត្ថកិច្ចចំរុះ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។


អភិបាលរងខេត្តព្រះសីហនុលោកម៉ាង ស៊ីណេត ឲ្យដឹងថាក្រោយទទួលបានដំណឹងនេះអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ រួមនិងសមត្ថកិច្ចចំរុះនិងផ្នែកពាក់
ពន្ធ័បានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ ក្នុងនោះអ្នកបើកបរកប៉ាល់និងអ្នកបម្រើការសរុបចំនួន១០នាក់ ត្រូវបានជួយសង្គ្រោះនាំមកដីគោកក្រុងព្រះសីហនុដោយសុវត្ថិភាព។

ដោយសារមានការជួយសង្គ្រោះទាន់ពេលពីពលរដ្ឋអ្នកនេសាទយើងរួមនិងសមត្ថកិច្ចព្រមទាំងក្រុមសង្គ្រោះស្ម័គ្រចិត្តរបស់អ្នកឧកញ៉ាទៀ វិចិត្រ ហើយពេលនាំមកដល់ដីគោក អាជ្ញាធររដ្ឋបាលខេត្តរួមនិងខាងកំពង់ផែស្វយត័ក្រុងព្រះសីហនុផង បានចាត់ចែងបញ្ជូនជនរងគ្រោះជនជាតិថៃទាំង១០រូបទៅពិនិត្យសុខភាព រៀបកន្លែងស្នាក់នៅនិងផ្តល់ម្ហូបអាហារដោយមនុស្សធម៌។


បុរសអ្នកបើកបរកប៉ាល់ដឹកទំនិញថៃដែលរងគ្រោះនេះ បានថ្លែងអំណរគុណដល់អាជ្ញាធរប្រទេសកម្ពុជានិងអ្នកជួយសង្គ្រោះទាំងអស់ដែលបានជួយក្រុមនាវិកលើកប៉ាល់នេះ រួចផុតពីគ្រោះថ្នាក់៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/AtzJG9fnu1Q