MC:ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានធ្វើការលែងកូនត្រីចម្រុះប្រមាណ ៣ម៉ឺន ក្បាលចូលក្នុងបឹងទំនប់អាងទឹកវារីអគ្គិសនីអូរជុំទី១។ការប្រារព្ធពិធីនេះឡើងគឺដើម្បីអបអរសាទរ ទិវាមច្ឆាជាតិ ១កក្កដា។
ពិធីលែងកូនត្រីប្រមាណ៣ម៉ឺនក្បាលនេះ ក្រោមអធិបតីភាព ឯកឧត្តម ជា ថាវរិទ្ធសមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ។ អង្គពិធីបានធ្វើការលែងកូនត្រីចម្រុះប្រមាណ ៣ម៉ឺនក្បាលចូលក្នុងបឹងទំនប់អាងទឹកវារីអគ្គិសនីអូរជុំទី១ និងត្រីមេពូជមួយចំនួនទៀតដូចជា ត្រីរ៉ស់ ត្រីក្រាញ់ ត្រីកន្ធរ ត្រីអណ្តែង ដើម្បីធ្វើឲ្យអាងទឹកនេះសំបូរត្រី ទុកជាតំបន់ទេសចរណ៍ ទាក់ទាញសម្រាប់ការនេសាទត្រីកំសាន្ត ផង និងបម្រើសេចក្តីត្រូវការហូបចុក របស់ពលរដ្ឋក្នុងតំបន់នេះ ផងដែរ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថា ការប្រារព្ធពិធីនេះ ក្នុងគោលបំណងបំផុសប្រជាពលរដ្ឋ ចូលរួមចំណែកការពារ អភិរក្ស និងអភិវឌ្ឍន៍វិស័យជលផលដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាព ធនធានជលផល ដែលជាផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងបរិស្ថាន។
ឯកឧត្តម អភិបាលខេត្តបន្តថា សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគាំទ្រសកម្មភាព ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និង ការអភិវឌ្ឍធនធានជលផលប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយ និងបំផុសស្មារតី ចូលរួមតាមរយៈទិវាមច្ឆជាតិ ១កក្កដា រៀងរាល់ឆ្នាំ ។
ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ សហគមន៍នេសាទ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ទ្ធបន្តយកចិត្តទុកដាក់ពង្រឹងការអភិរក្សអន្លង់ត្រីមេពូជនៅតាមសហគមន៍នេសាទ និងស្រះជម្រកត្រីបឹងធម្មជាតិ និងបន្តលែងកូនត្រី ត្រីមេពូជទៅបឹងជម្រកត្រីធម្មជាតិ។ ជាមួយគ្នានេះស្នើអាជ្ញាធរមាន សមត្ថកិច្ចពាក់ព័ន្ធនៅក្រុងបានលុង ពិសេសសង្កាត់បឹងកន្សែង ត្រូវបន្តផ្សព្វ ផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋហាមមិនឱ្យនេសាទត្រី និងការប្រមាញ់សត្វព្រៃដែលមាននៅបឹងកន្សែងដែលជាបឹងទេសចរណ៍របស់ខេត្ត ។
ត្រូវពង្រឹងសមត្ថភាពសហគមន៍នេសាទក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ស្របតាមទិសស្លោក សហគមន៍នេសាទគ្មានបទល្មើសជលផល។ជំរុញវារីវប្បកម្មដល់សហគមន៍នេសាទ និងកសិករដែលមានស្រះទឹកអាចចិញ្ចឹមត្រីទាំងប្រាំង និងវស្សា ដើម្បីលើកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នេសាទ។ ដៃគូអភិវឌ្ឍន៍ត្រូវបន្តចូលរួមគាំទ្រទាំងបច្ចេកទេស និងថវិកាដល់សហគមន៍នេសាទ និងវារីវប្បកម្ម។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តរតនគិរី បានឲ្យដឹងថា នៅក្នុងខេត្តរតនគិរី មានសហគមន៍នេសាទចំនួន ១៤សហគមន៍ ដែលរស់នៅតាមដងទន្លេសេសាន្ត និងទន្លេស្រែពក គ្រប់គ្រងអន្លង់អភិរក្សត្រីមេពូជចំនួន ៣៤អន្លង់ មានផ្ទៃក្រឡា ៣២៤ហិកតានិង៦៤អារ ៕ គឹមសាន៖ ខេត្តរតនគិរី
ទិវាមច្ឆាជាតិ១កក្កដា២០២៤នេះរដ្ឋបាលខេត្តរតនគិរីលែងកូនត្រីចម្រុះប្រមាណ ៣ម៉ឺន ក្បាល