កម្ពុជា​នឹង​រៀបចំ​ការប្រកួត​ ONE CHAMPOINSHIP លើក​ទី​២ដើមខែ​ធ្នូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2015 ក+ ក-

ប្រដាល់​៖​ការប្រកួត​ក្បាច់គុន​ចម្រុះ​(MMA)​ដែលមាន​ឈ្មោះថា ONE: KINGDOM OF KHMER ជា​លើក​ទី​២​នឹងត្រូវ​ចាប់ផ្ដើម​បើក​ការប្រកួត នា​យប់​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៥​ខាងមុខនេះ នៅ​រោង​មហោស្រព​កោះ​ពេជ្រ ដែលមាន​កីឡាករ កីឡាការិនី​កម្ពុជា​និង​កីឡាករ​បរទេស ជួប​ប្រកួត​គ្នា​សងសឹក និង​លក្ខណៈ​មិត្តភាព​ជាតិ និង​អន្តរជាតិ​ជាច្រើន​គូ​ទៀត​។​
អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សមាគមន៍​ក្បាច់គុន​ចម្រុះ​កម្ពុជា លោក វ៉ា​ត់ ចំរើន បាន​ថ្លែង​ក្នុង​សន្និសីទកាសែត ONE: KINGDOM OF KHMER គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ក៏ដូចជា​កីឡាករ កីឡាការិនី​ទាំងអស់ ត្រូវតែ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ក្នុង​ការចាប់ គូ​ការវិនិច្ឆ័យ កាត់ក្ដី​ឲ្យ​បាន​ត្រឹមត្រូវ​ពិតប្រាកដ ហើយ​ចំពោះ​កីឡាករ កីឡាការិនី ប្រកួត​ត្រូវមាន​សេចក្ដីថ្លៃថ្នូរ គោរព​ឲ្យ​បាន​តាម​គោលការណ៍ Fair Play ពោល​បើ​ឈ្នះ គឺ​ឈ្នះ​ដោយ​ជំនាញ​បច្ចេកទេស ហើយ​បើ​ចាញ់ ក៏​ចាញ់​ដោយ​បច្ចេកទេស​ពិតៗ កុំ​ឲ្យ​គេ​មើល​ញើញ​ថា​ស៊ី​ឡាក​ខុស​ទំនង​នោះ​។​
នាយក​ប្រតិបត្តិ​របស់ ONE Championship លោក Victor Cui បាន​ថ្លែងថា ក្នុងការ​ប្រកួត​កម្រិត​ពិភពលោក​ជា​លើក​ទី​២​នៅ​កម្ពុជា​នេះ ONE នឹងធ្វើ​ការ​ផ្គូរ​ផ្គង​ឲ្យ​អ្នក​ប្រយុទ្ធ​កម្ពុជា​ប៉ះ​ជាមួយនឹង​កីឡាករ កម្ពុជា សងសឹក​ក៏ដូចជា​កីឡាការិនី​ជាច្រើន ប្រកួត​លក្ខណៈ​មិត្តភាព​ជាតិ ហើយក៏​មានការ​ប្រកួត​ដ៏​រំភើប​រវាង​កីឡាករ​បរទេស និង​បរទេស​ក្នុង​កម្រិត​គូ​ឯក និង​គូ​ឯក​រង​ក្នុង​ព្រឹត្តិការណ៍​នោះ​ផងដែរ​។​
កីឡាករ​ដែល​ត្រូវ​ជួបគ្នា​ក្នុង​ព្រឹត្តិការណ៍ ONE: KINGDOM OF KHMER នេះ​មាន ចាន់ រតនា ត្រូវ​ឡើង​ប្រកួត​សងសឹក ក៏ដូចជា​ជម្រះបញ្ជី​ក្នុង​សង្វៀន​ដាក់​ទ្រុង​ជាមួយនឹង​កីឡាករ សំអាង ឌុន ក្នុង​ទម្ងន់​៦៥,៨​គីឡូក្រាម ក្រោយពី​រូបគេ​បាន​រង​បរាជ័យ​ទាំង​ចម្រូងចម្រាស​ក្នុង​ព្រឹត្តិការណ៍ ONE: Rise of the Kingdom រដូវ​កាល​ទីមួយ​កន្លងមក​។​
ចំណែក​កីឡាករ ចាន់ ហេង នឹងត្រូវ​ជួប​ជាមួយនឹង​កីឡាករ​ជើង​ថ្មី​របស់​ឥណ្ឌូនេស៊ី Mario Satya Wirawan​។ រីឯ​កីឡាករ​មាស ម៉ើ នឹងត្រូវ​បង្ហាញខ្លួន​ជា​លើក​ទី​២ ក្នុង​សង្វៀន​ដាក់​ទ្រុង​របស់ ONE ក្នុង​ទម្ងន់​៦១,២​គីឡូក្រាម ដើម្បី​ជួប​ជាមួយនឹង​ជើង​ខ្លាំង​របស់​ម៉ាឡេស៊ី Chan Sam Art ខណៈដែល​កីឡាការិនី សំ ថា​រ័ត្ន របស់​កម្ពុជា នឹងត្រូវ​ជួប​ជាមួយ​អ្នក​ប្រយុទ្ធ​មកពី​ឥណ្ឌា Jeet Tosh​ដែល​មក​ប្រកួត​នៅ​កម្ពុជា​លើកដំបូង​។ ដោយឡែក​កីឡាការិនី វី ស្រី​ឆាយ ដែល​បាន​បង្ហាញខ្លួន​ជា​លើក​ទី​១ ក្នុង​កម្មវិធី ONE: Rise of the Kingdom កាលពី​ឆ្នាំមុន​នោះ នឹងត្រូវ​ជួប​មិត្ត​រួម​ជាតិ​របស់ខ្លួន​គឺ​កីឡាការិនី អេ យ៉ា​នុត ហើយក៏​មានការ​ប្រកួត​រវាង​កីឡាករ​បរទេស​ដូចគ្នា​ក្នុង​កម្រិត​គូ​ឯក និង​គូ​ឯក​រង​ទៀតផង​៕

181171