លោក ​ហ៊ុន សែន ទម្លាយ​សារ​សុំទោស​របស់លោក ​សម រង្ស៊ី តាម​ហ្វេ​ស​ប៊ុ​ក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 November, 2015 ក+ ក-

​ភ្នំពេញ​៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ម៉ោង​ជិត ១២ៈ​០០​យប់ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ម្សិលមិញ​នេះ បានសម្រេច​ទម្លាយ​សារ​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ផ្ញើ​សុំទោស​លោក​នាពេល​កន្លង នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ។​

លោក ហ៊ុន សែន ធ្លាប់បាន​ព្រមាន​ម្តង​រួចមកហើយ​ថា បើសិនជា​លោក​សម រង្ស៊ី មិន​គោរព​នូវ​អ្វីដែល​បាន​សុំទោស​លោក​ទេ នោះ​លោក​នឹង​ទម្លាយ​សារ​សុំទោស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ជា​សា​ធា​រណៈ។

​ហ្វេ​ស​ប៊ុ​ក​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា ការទម្លាយ​សារ​សុំទោស​របស់លោក សម រង្ស៊ី ដែល​បាន​ផ្ញើជូន​សម្តេច​នេះ ដោយសារតែ​លោក សម រង្សី មិនបាន​គោរព​សម្តី ដែល​បាន​សរសេរ​សូមទោស សម្តេច​កាលពី​ម៉ោង​៦៖១៣ នាទី​ល្ងាច ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥​កន្លងទៅនេះ​។​

ខាងក្រោម​នេះ​ជា​សារ​សុំទោស​របស់លោក សម រង្ស៊ី ផ្ញើជូន​លោក ហ៊ុន សែន ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖

«​ជំរាបសួរ សម្តេច​ ខ្ញុំសូម​ថ្លែងអំណរគុណ​ចំពោះ​សម្តេច ដែលមាន​ទឹកចិត្ត គោរព ស្រឡាញ់ និង​ឲ្យ​តម្លៃ​ដល់​កូន​ខ្ញុំ ដូច​សម្តេច​បាន​មានប្រសាសន៍​នៅ​ទីក្រុង​ប៉ារីស ថ្មីៗ​នេះ​។ ខ្ញុំ​សូម​ជំរាប​សម្តេច​វិញ​ថា ភរិយា​ខ្ញុំ និង​រូបខ្ញុំ ក៏​គោរព​ស្រឡាញ់ និង​ឲ្យ​តម្លៃ​ដល់​បុត្រាបុត្រី​សម្តេច ដូចគ្នា​អញ្ចឹង​ដែរ​។ លើសពីនេះទៅទៀត តាំងពី​ក្រុមគ្រួសារ​យើង​ទាំង​ពីរបាន​ស្គាល់គ្នា​មក ហើយ​បានចាប់ផ្តើម​រាប់អាន​គ្នា​មក ព្រមទាំង​តាម​អ្វីដែល​សម្តេច​និង​រូបខ្ញុំ បាន​ផ្តាំផ្ញើ​កូន​យើង​ទាំងសងខាង​មក ភរិយា​ខ្ញុំ​និង​រូប​ខ្ញំ​ផ្ទាល់​បានចាប់ផ្តើម​ស្រឡាញ់​បុត្រាបុត្រី​សម្តេច ដូច​កូនបង្កើត​របស់​យើងខ្ញុំ​អញ្ចឹង​។ ដូច្នេះ​ខ្ញុំ​មានការ​សោកស្តាយ​យ៉ាងខ្លាំង បន្ទាប់ពី​មានការ​លើកឡើង​និង​ការបកស្រាយ​ខ្លះ បណ្តាលមកពី​បញ្ហា​បកប្រែ​ក៏​មិនដឹង ដែល​ខុសស្រឡះ ពី​ទឹកចិត្ត​ពិតប្រាកដ​របស់​ខ្ញំ​ចំពោះ​ក្រុម​គ្រូ​សារ​សម្តេច ដូច​បានបញ្ជាក់​ខាងលើ​។ ទោះជា​យ៉ាងណាក៏ដោយ ខ្ញុំ​សូម​អភ័យទោស ចំពោះ​សម្តេច បើ​ខ្ញុំ​បានធ្វើ​ឲ្យ​សម្តេច​អន់ចិត្ត​ឬ​ខកចិត្ត កន្លែង​ណាមួយ​ដោយ​អ​ចេតនា​។

សូម​សម្តេច​ទទួល​នូវ​សេចក្តី​គោរព​រាប់អាន​ពី​ខ្ញុំ សម រង្ស៊ី​» ។