ពិធីនេះប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ ឯកឧត្តម ស៊ុយ សែម អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា ព្រមទាំងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី ជាប្រតិភូអមដំណើរ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពុទ្ធបរិស័ទ្ធយ៉ាងច្រើនកុះករ។
សម្រាប់ពិធីបុណ្យអភិសេកឆ្លង និងប្រគេនចង្ហាន់ព្រះសង្ឃ ទូទាំងខេត្តពោធិ៍ សាត់នេះ ត្រូវបានប្រារព្ធធ្វើអមជាមួយពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដែលមាន
រយៈពេល១៩ថ្ងៃពេញ ពោលគឺចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។
សូមជម្រាបជូនថា ព្រះពុទ្ធបដិមាអភយមុទ្រ «ព្រះពុទ្ធទ្រង់ប្រទានអភ័យ ដល់មនុស្ស និងសត្វ» ក្នុងវត្តកែវវិជ័យ ស្ថិតក្នុងភូមិកែវជ័យ ឃុំកណ្តៀង ស្រុក
កណ្តៀង ខេត្តពោធិ៍សាត់ ដែលប្រារព្ធពិធីបុណ្យអភិសេកឆ្លងនាថ្ងៃនេះ គឺជា គំនិតផ្តួចផ្តើមដោយ ព្រះព្រហ្មាភិរ័ត កែវ កន (រតនបញ្ញោ) ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត ព្រះចៅអធិការវត្តកែវវិជ័យ និងជានាយកពុទ្ធិកៈវិទ្យាល័យពោធិ៍សាត់។
ព្រះអង្គបានផ្តួចផ្តើម កសាង ដោយចាប់ផ្តើមពីថ្ងៃសៅរ៏ ៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃអង្គារ ១៤រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ អស់រយៈពេល២ឆ្នាំ ដោយចំណាយថវិកា សរុបចំនួន៤៥ម៉ឺនដុល្លារ (សែសិបប្រាំម៉ឺនដុល្លារសហរដ្ឋអាមេរិក) ដែលបានមកពីការចូលរួម ពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី មន្ត្រីរាជការ អាជីវករ សប្បុរសជន និងពុទ្ធបរិស័ទ ក្នុងខេត្ត និងក្រៅខេត្ត។
សម្រាប់ដំណើរការនៃការកសាង ក៏មានការចូលរួមឧបត្ថម្ភថវិកាពី ឯកឧត្តម
ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់,ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្ត ពោធិ៍សាត់ ព្រមទាំងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ផងដែរ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LRDHxx-Tb48