ប្រវត្តិទីក្រុងភ្នំពេញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2024 ក+ ក-

 

ទីក្រុងភ្នំពេញសព្វថ្ងៃ កើតមានតាំងពីមុនពេលស្ថាបនាព្រះរាជវាំងមកម្ល៉េះ ដោយមានរឿងតំណាលថា:

សម័យកាលកន្លងទៅនាគ.ស.១៣៧២។មានដូនចាស់ម្នាក់ឈ្មោះ ” ពេញ ” ជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ មានទីលំនៅៗ ក្បែរមាត់ច្រាំងទន្លេបួនមុខ ។ ផ្ទះគាត់សង់នៅលើទួលមួយខាងកើតកូនភ្នំតូចមួយ ។


នាថ្ងៃមួយ ទីនោះមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេជន់លិចរហាចរហឹម ដូនពេញបានចុះទៅកំពង់ទឹកស្រាប់តែឃើញដើមគគីរមួយធំអណ្ដែតមកក្បែរច្រាំង។ដោយអំណាចទឹកហូរកួចវិលចុះឡើង ដើមគគីរនោះចេះតែអណ្ដែតវិលវល់ នៅក្បែរមាត់ច្រាំងនោះ ។ដូនពេញឃើញដូច្នោះ ក៏បានអំពាវនាវហៅអ្នកជិតខាងឲ្យមកជួយទាញយកដើមគគីរនោះចូលមកច្រាំង ។ អ្នកជិតខាងក៏នាំគ្នាយកខ្សែពួរទៅចងអូសរំកិលបន្តិចម្ដងៗ ទាល់តែមកដល់លើមាត់ច្រាំង ។

ពេលដែលដូនពេញ យកកំណាត់ឈើទៅកោសកៀរសំអាតភក់ចេញ គាត់បានឃើញក្នុងប្រហោងឈើគគីរនោះមានព្រះពុទ្ធរូប ៤ ព្រះអង្គតូចៗ ធ្វើអំពីសំរឹទ្ធិ នឹងទេវរូបមួយអង្គទៀត ធ្វើអំពីថ្ម។ទេវរូបនោះទ្រង់ឈរ ព្រះហស្តម្ខាងទ្រង់ដំបង ព្រះហស្តម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង ។ ដូនពេញនឹងអ្នកជិតខាងដែលទៅជួយមានសេចក្ដីត្រេកអរណាស់ ដែលរើសបានរបស់ជាទីគោរព ក៏នាំគ្នាដង្ហែរព្រះបដិមាទាំងនោះមកដល់ផ្ទះដូនពេញ ។ដូនពេញក៏បានសង់ខ្ទមមួយតូច តម្កល់ជាបណ្ដោះអាសន្នព្រះពុទ្ធរូប ៤ ព្រះអង្គ ។ លុះក្រោយមកដូនពេញអំពាវនាវឲ្យអ្នកជិតស្រុក ជួយលើកដីពូនភ្នំដែលនៅខាងលិចផ្ទះគាត់នោះឲ្យទៅភ្នំធំមែនទែន ។

បន្ទាប់ពីនោះគាត់ឲ្យអារឈើគគីរធ្វើជាសសរវិហារ ដែលគាត់បម្រុងនឹងសង់លើភ្នំនោះ ។ ក្នុង គ.ស. ១៣៧២ ដូនពេញនឹងអ្នកស្រុកជាច្រើនអ្នកស្រុះស្រួលបបួលគ្នាសាងវិហារមួយខ្នង ប្រក់ស្បូវភ្លាំង នៅលើកំពូលភ្នំនោះ ហើយគាត់ដង្ហែព្រះពុទ្ធរូបសំរឹទ្ធិ ៤ ព្រះអង្គ ទៅតម្កល់ទុកក្នុងវិហារនោះ ។ ចំណែកទេវរូបថ្ម ១ អង្គ គាត់ដង្ហែទៅតម្កល់ទុកលើអាសនៈមួយនៅជើងភ្នំខាងកើត  ដោយគាត់យល់ថា ទេវរូបនោះអណ្ដែតទឹករសាត់មកពីស្រុកលាវ នឹងមានបែបភាពដូចជាលាវ គាត់ក៏បានសន្មតនាមថា ” អ្នកតាព្រះចៅ ” ។ នាមជាប់មកដល់សព្វថ្ងៃនេះ ។

កាលសាងវិហាររួចហើយ គាត់និមន្តព្រះសង្ឃមកគង់លើជើងភ្នំនោះក្នុងទិសខាងលិច ទើបកើតមានឈ្មោះថា ” វត្តភ្នំដូនពេញ ” ដែលសព្វថ្ងៃនេះ ហៅកាត់ខ្លីថា ” វត្តភ្នំ ” ហើយទីភូមិនោះ គេហៅថា ” ភ្នំពេញ ” តាំងពីពេលនោះមក រហូតដល់សព្វថ្ងៃ ។

ឯព្រះពុទ្ធរូប ៤ ព្រះអង្គ និងអ្នកតាព្រះចៅនោះបានបញ្ចេញឥទ្ធិឫទ្ធីឲ្យឃើញពូកែស័ក្ដិសិទ្ធណាស់ អ្នកណាបន់ស្រន់អីតែក៏បានសម្រេចដូចបំណងពិត (នេះជំនឿរបស់អ្នកស្រុក ) ។

នេះហើយជាដើមកំណើតក្រុងភ្នំពេញ ដែលក្រោយពីនោះរវាង ៦០ ឆ្នាំ បានកើតជាទីក្រុងរបស់ស្ដេចខ្មែរយ៉ាងស្ដុកស្ដម្ភ ។

ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញ លើកទី ១

ព្រះរាជពង្សាវតារប្រទេសកម្ពុជា ចែងថា ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់គ្រប់គ្រងរាជសម្បត្តិគង់នៅក្នុងព្រះបរមរាជវាំង មហានគរបាន ១៥ ឆ្នាំ លុះមកដល់ឆ្នាំគម្រប់១៦ នៃរជ្ជកាលរបស់ព្រះអង្គ ទើបទ្រង់មានព្រះយោបល់ថា នឹងទ្រាំនៅក្នុងមហានគរនេះតទៅទៀតពុំបាន ក៏មានព្រះបញ្ជាឲ្យកសាងព្រះរាជ វាំងថ្មីនៅទួលបាសាណ ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃហៅថាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

នៅ គ. ស. ១៤៣២ ព្រះបាទសម្ដេចបរមរាជា (ពញាយ៉ាត) ទ្រង់ស្ដេចយាងចេញចាកមហានគរ មួយអន្លើដោយ នាហ្មឺនសព្វមុខមន្ត្រីជាដើមហែរហម។ ដោយព្រះទីន័ងនាវាតាមជលមាគ៌ាមក។ ស្ដេចគង់នៅជាសុខសាន្តក្នុងព្រះរាជវាំងទួលបាសាណនោះ បានត្រឹមតែជាង ១ ឆ្នាំប៉ុណ្ណោះ។ដោយទឹកទន្លេចេះតែឡើងលិចទីនោះរាល់ឆ្នាំ ទើបព្រះអង្គមានព្រះរាជបញ្ជាឲ្យសម្ដេចចៅពញា កែ នឹងឧកញ៉ាហោរាធិបតី ខៀវ ព្រមដោយមន្ត្រីឯទៀតខ្លះផង ដែលស្គាល់ទីដីមានជ័យភូមិ ឲ្យទៅពិនិត្យមើលទីដីនៅជិតភ្នំដូនពេញ។ឃើញថា ទីដីនៅទិសអាគ្នេយ៍ភ្នំដូនពេញមានជយភូមិល្អ ព្រះអង្គក៏មានព្រះរាជបញ្ជា ឲ្យកសាងព្រះរាជវាំងថ្មីនៅត្រង់នោះ ទៅ។នៅគ. ស. ១៤៣៤ ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ស្ដេចយាងចាកចេញព្រះបរមរាជវាំងបាសាណចូលគង់ក្នុងព្រះរាជវាំងថ្មីនាទិសអាគ្នេយ៍ ភ្នំដូនពេញ ។

 

នៅគ. ស.១៤៣៧ ព្រះអង្គក៏ប្រទានក្រុងថ្មីនេះថា ក្រុងចតុម្មុខមង្គល ។ ឯទន្លេ ៤ មុខ ដែលគេធ្លាប់ហៅថា ទន្លេច្រាបឈាម មកយូរហើយនោះ ទ្រង់ប្រទានឈ្មោះថា ទន្លេចតុមុខបូព៌ា វិញ ។ល។ ព្រះអង្គមានព្រះរាជបញ្ជាឲ្យឧកញ៉ាតេជោ ស្រីចៅហ្វាយស្រុកសំរោងទង ជាអ្នកកាន់ការលើកដីចាក់លុបបំពេញភ្នំដូនពេញឲ្យរីកធំខ្ពស់ឡើងបន្ថែមទៀត ។ ទីក្រហូងជ្រៅដែលកើតពីការជីកយកដីនោះជាប់មានឈ្មោះថា បឹងតេជោ រៀងមក គឺទីដីត្រង់ផ្សារថ្មីសព្វថ្ងៃនេះ ។ ទ្រង់មានព្រះរាជបញ្ជាឲ្យឧកញ៉ា ផ្លុង ចៅហ្វាយស្រុកបាទីកាន់ការជីកព្រែក១ នៅខាងត្បូងភ្នំដូនពេញ ដែលជាប់មានឈ្មោះថា ព្រែកឧកញ៉ាផ្លុង ហើយចំណេរកាលតមកហៅថា ព្រែកពាមផ្លុង គឺត្រង់កន្លែងសួនវែងសន្លឹមនៅខាងកើតព្រះសក្យមុនីចេតិយសព្វថ្ងៃនេះ។

ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់មានព្រះរាជបញ្ជាឲ្យកសាងវិហារលើទីដីខ្ពស់ដែលចាក់ថែមថ្មី ត្រង់កន្លែងវិហារចាស់របស់ដូនពេញ ឲ្យ
កសាងព្រះចេតិយធំៗ ពីខាងក្រោយវិហារ ។ ទ្រង់បញ្ញត្តិឲ្យហៅវត្តភ្នំដូនពេញថា វត្តព្រះចេតិយបព៌ត ដូច្នេះវិញ (លុះចំណេរកាលតមកមហាជនបែរជាហៅវត្តនេះថា វត្តភ្នំដូនពេញ អ្នកខ្លះហៅថាវត្តភ្នំពេញ ឬថា វត្តភ្នំ ជាប់តរៀងមក ) ទ្រង់មានព្រះរាជបញ្ជាឲ្យកសាងវត្ត ៦ ដទៃទៀត គឺ

១- វត្តកោះ នៅត្រង់ទិសខាងកើតឆៀងអាគ្នេយ៍ភ្នំដូនពេញ,

២- វត្តលង្កា នៅត្រង់ទិសខាងកើតឆៀងឦសានភ្នំដូនពេញ,

៣- វត្តព្រះពុទ្ធឃោសា នៅត្រង់ទិសខាងត្បូងព្រែកចិនដំដែកនាទិសខាងជើងភ្នំពេញ។

៤- វត្តពាមផ្លុង នៅត្រង់ទិសអាគ្នេយ៍ភ្នំពេញ ជិតជាប់នឹងមាត់ព្រែកឧកញ៉ាផ្លុង ឆ្ងាយបន្តិចពីវត្តកោះ ។ ព្រះពុទ្ធរូបអង្គធំដែលតម្កល់ក្នុងវិហារវត្តពាមផ្លុងនោះ មានព្រះនាមថា ព្រះស្រកាលេញ ព្រោះគេបិទមាសរំលេចមានសណ្ឋានស្រដៀងនឹងស្រកាត្រីលេញ ។

៥- វត្តឧណ្ណាលោម ដែលមាននាមនេះស្រាប់មកពីយូរហើយ ជានាមនៃព្រះចេតិយ ដែលបញ្ចុះព្រះឧណ្ណាលោម (រោមប្រជុំចិញ្ចើម) នៃព្រះអស្សជិតត្ថេរ នៅចំកណ្ដាលព្រះចេតិយទាំង ៥ ខាងលិចវិហារវត្តឧណ្ណាលោមសព្វថ្ងៃនេះ។

៦- វត្តខ្ពបតាយ៉ង ដោយយកនាមតាម្នាក់ឈ្មោះយ៉ង ដែលជាអ្នកនៅនឹងខ្ពបនោះមុនគេ លុះចំណេរកាលមក វត្តខ្ពបតាយ៉ង គឺវត្តបទុមវតីសព្វថ្ងៃនេះ ។

បន្ទាប់ពីនោះ ព្រះបរមរាជា (ពញាយ៉ាត) ព្រះអង្គមានព្រះរាជបញ្ជាឲ្យជីកព្រែកមួយទៀតនៅទិសខាងត្បូងព្រះបរមរាជវាំង ហើយឲ្យលើកកំពែងព័ទ្ធជុំវិញក្រុង ។ ព្រែកនៅខាងត្បូងនោះឲ្យឈ្មោះថា ព្រែកតាកែវ នៅខាងលិចព្រែកនោះ មានអូរ ១ ហៅថា អូរគរ ។ មានព្រែក ១ នៅខាងជើងភ្នំហៅថា ព្រែកពុំពាយ ។

 

នៅតាមមាត់ទន្លេ ៤ មុខ ព្រះរាជាទ្រង់មានព្រះរាជបញ្ជាឲ្យលើកដីជាកំពែងដើម្បីការពារទឹកទន្លេកុំឲ្យឡើងលិចទីក្រុង ។ ខាងក្នុងកំពែងទីក្រុងថ្មីនេះ ពួកអ្នករាជការនិងអ្នកស្រុកសង់ផ្ទះសម្បែងបានតាមចិត្ត ។ ឯភូមិភាគខាងលិចទីក្រុងសុទ្ធ តែជាវាលស្រែ ។

បួនឆ្នាំក្រោយមក ព្រះនារាយណ៍រាជាជាព្រះរាជបុត្រច្បងនៃព្រះបរមរាជា (ពញាយ៉ាត) បានត្រូវតាំងជាព្រះឧបរាជ ហើយទ្រង់ទៅសាងប្រាសាទគង់នៅឯជ្រោយរលួស ។ ក្នុងពេលជាមួយគ្នានោះ ព្រះស្រីរាជា ជាព្រះរាជបុត្របន្ទាប់នៃព្រះបរមរាជា (ពញាយ៉ាត) ទ្រង់ទៅគង់នៅទីខាងលិចអូរគរ លើទួលមួយដែលជាប់នាមហៅថា ទួលព្រះស្រី នៅខាងជើងវត្តព្រះពុទ្ធមានបុណ្យ ។

ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញលើកទី ២

នៅ គ. ស. ១៨៦៥ ម៉ោង ៩ ព្រឹក ព្រះបាទសម្ដេចព្រះនរោត្តម បរមរាមទេវតា (ព្រះសុវណ្ណកោដ្ឋ) ស្ដេចយាងចេញចាកព្រះបរមរាជវាំងស្រះសារពើយុត្ត ក្រុងឧត្តុង្គមានជ័យ មកគង់ក្រុងភ្នំពេញ ចតុម្មុខនគរ ។ការកសាងក្រុងភ្នំពេញ ក្នុងរជ្ជកាលព្រះករុណានរោត្តមនេះ ជាការកសាងលើកទី ២ តពីទី ១ ក្នុងរជ្ជកាលព្រះបរមរាជា (ពញាយ៉ាត) បានប្រកបដោយជោគជ័យ សិរីមង្គល រុងរឿង ចម្រើន ឋិតថេររហូតមកដល់សព្វថ្ងៃសម័យបច្ចុប្បន្ន ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rHyK90un4Vo