ជំនន់ទឹកភ្លៀងបុកផ្តាច់ផ្លូវចូលវត្តត្រពាំងខ្ចៅ៣កន្លែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 October, 2024 ក+ ក-

(ខេត្តកំពង់ឆ្នាំង)៖ ផ្លូវគ្រួសក្រហម ៣កន្លែង ឆ្លងកាត់ទៅវត្តសិរីគង្គាហៅវត្តត្រពាំងខ្ចៅ ស្ថិតក្នុងភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានជំនន់ទឹកភ្លៀងបុកផ្តាច់ ខណៈមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា។ យ៉ាងនេះក្តីអាជ្ញាធរ មូលដ្ឋាន បានចុះសម្រួលជួសជុលវិញហើយ។

លោក អ៊ុក សារ៉ុម មេឃុំថ្មឥដ្ឋបញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងមកនេះដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា បង្កឲ្យមានទឹកជន់ខ្លាំង  លិចផ្ទះប្រជាពលរដ្ឋផង ហើយនិងលិចនៅតាមដងផ្លូវ ជាពិសេសនៅលើផ្លូវចូលទៅវត្តសិរីគង្គាហៅវត្តត្រពាំងខ្ចៅ ហើយទឹកក៏បានបុកផ្តាច់ផ្លូវចំនួន៣កន្លែងផងដែរ។លោកបញ្ជាក់ថា ផ្លូវមួយខ្សែនេះ បានជួយសម្រួលដល់ប្រជាពលរដ្ឋមួយចំនួនធំដែលនៅជិតវត្តធ្វើដំណើរឆ្លងកាត់ ដឹកកសិផលផ្សេងៗ  និងជាពិសេសមានតួនាទីសំខាន់ណាស់សម្រាប់ សិស្សសាលាដែលធ្វើដំណើរទៅរៀននៅក្នុងសាលារៀនក្នុងវត្តនេះ។

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោក វន ស៊ីផា អភិបាលស្រុកកំពង់ត្រឡាច រួមជាមួយអាជ្ញាធរភូមិ ឃុំ បានចុះមកចាក់ដីលុបជួសជុលទីតាំងកន្លែងដែលខូចខាត ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋពុទ្ធបរិស័ទ ក្នុងជំហានទីមួយសិនដោយសារតែអង្គកឋិនទាននិងហែរចូលក្នុងវត្តនេះនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤នេះ។ អាជ្ញាធរមូលដ្ឋាន នឹងសិក្សាពីផលប៉ះពាល់ផ្សេងៗ ដើម្បីកំណត់ថាអាចដាក់លូបានឬយ៉ាងណា ដើម្បីរកដំណោះស្រាយបញ្ជៀសការលិចទឹកជាថ្មីម្ដងទៀត។

ក្នុងនាមអាជ្ញាធរឃុំ សូមអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមជាមួយអាជ្ញាធរ ក្នុងការទុកដាក់សម្រាមឲ្យមានរបៀបរៀបរយ ចៀសវាងការចោលផ្តេសផ្តាសនាំឲ្យមានការកកស្ទះលូ។ម៉្យាងវិញទៀតសូមមានការយោគយល់ សហកាល្អ ជា មួយកម្លាំងជំនាញចុះអន្តរាគមន៍ កាយប្រព័ន្ធលូជាដើម ដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/df8ZPPyPrm0