ស្រឡាងបូមខ្សាច់មួយគ្រឿង ត្រូវសមត្ថកិច្ចជំនាញខេត្តកំពង់ឆ្នាំងបង្ក្រាប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 October, 2024 ក+ ក-

(ខេត្តកំពង់ឆ្នាំង)៖ សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងមន្ទីររ៉ែ និងថាមពលខេត្ត បានចុះបង្ក្រាបសកម្មភាពបូមខ្សាច់មួយកន្លែង សង្ស័យគ្មានច្បាប់អនុញ្ញាតិ។ កិច្ចសហការបង្ក្រាបនេះធ្វើនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិសាស្ត្រស្ទឹងបរិបូណ៌ ស្ថិតក្នុងភូមិដំបូកក្រហម ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

លោក អេង ខេងប្រធានការិយាល័យធនធានរ៉ែ និងប្រធានក្រុមការងារបានចុះត្រួតពិនិត្យនៅទីតាំង របស់លោកម៉ុន ប៉េង រស់នៅ ឃុំប្រឡាយមាស ស្រុកកំពង់លែង និងសាឡង់ដឹកសាច់ចំណុះ ១៥ម៉ែត្រគីប របស់លោក ឈាម សុខ រស់នៅភូមិថ្នល់តាសែង ឃុំក្រាំងដីមាស ក្រុងកំពង់ឆ្នាំង។

ដោយឡែកលោកពៅ ស៊ីម ប្រធានមន្ទីររ៉ែថាមពលខេត្តកំពង់ឆ្នាំងឲ្យដឹងថាក្រោយពីបានទទួលព័ត៌មាន ពីសារព័ត៌មានថា មានការបូមខ្សាច់នៅតំបន់ចុងស្ទឹងបរិបូរណ៍ ក្នុងឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង រួចមក មន្ទីរបានចាត់ឲ្យលោកប្រធានការិយាល័យ និងអនុប្រធានការិយាល័យធនធានរ៉ែ ចុះទៅដល់ទីតាំងដែលកំពុងធ្វើការបូមយកខ្សាច់តែម្ដង។ជាលទ្ធផលគឺ៖ មានស្រឡាង ចំនួន ២គ្រឿង និងទូកម៉ាស៊ីន ចំនួន៦ទូក។ក្នុង១ស្រឡាងចំណុះ ម៉ែត្រគីប និងមានមនុស្សចំនួន២នាក់។ឯក្នុង១ទូកមានចំណុះ៣ម៉ែត្រគីប មានមនុស្សចំនួន២នាក់ ។ ប្រភពនៅទីនោះប្រាប់ថា ពួកគាត់យកទៅប្រើប្រាស់ក្នុងការបណ្ដុះកូនម្ទេស ដោយក្រាលផ្នែកក្រោម ដាក់ជីរពីលើ ដើម្បីបណ្ដុះកូនម្ទេសសម្រាប់ដាំក្នុងរដូវកាលទឹកសម្រកខាងមុខនេះ។

ដោយយល់ឃើញថា ការបូមនេះខ្សាច់ មិនមែនជាការធ្វើពាណិជ្ជកម្ម ពោលគឺប្រើប្រាស់ផ្ទាល់ក្រុមគ្រួសារ ក្រុមការងារបានធ្វើការបញ្ឈប់សកម្មភាព ដោយធ្វើការអប់រំ ណែនាំប៉ុណ្ណោះរួចដោះលែងទូកនិងស្រឡាងទាំងនោះទៅវិញ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/a_4Gkev6HbU