ស្រុតដីបាក់ខូចខាតផ្លូវបេតុងប្រហែល៤ម៉ែត្រនៅឃុំកំពង់ភ្នំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2024 ក+ ក-

គ្រោះធម្មជាតិស្រុតដីបាក់ខូចផ្លូវបេតុងប្រវែងប្រហែល៤ម៉ែត្រនៅចំណុចផ្សារកំពង់វត្ត ជាប់ព្រំប្រទល់ភូមិអំពិលទឹក និងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។


អាជីវករផ្សារកំពង់វត្ត បានប្រាប់អ្នកសារព៌តមាន នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ផ្លូវនេះរៀងទំនាបហើយនៅពេលមេឃធ្លាក់ភ្លៀងម្តងៗទឹកចេះតែហូរមកខាងហ្នឹង។លុះដល់យប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ គេឃើញមានស្នាមស្រុតម្តងបន្តិចៗរហូតដល់យប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្រាប់តែស្រុតខ្លាំងមានស្នាមប្រេះដល់មុខផ្ទះបងប្អូនប្រជាពលរដ្ឋបណ្ដាលឲ្យពួកគាត់មានការភ័យខ្លាចនាំកូនចៅរត់ចេញមិនហ៊ានដេកនៅផ្ទះទាំងកណ្តាលយប់។

មិនតែប៉ុណ្ណោះការស្រុតបាក់ដីនេះក៏បានបង្កឲ្យបាក់ខូចខាតដល់ផ្លូវបេតុងប្រវែងប្រហែល៤ម ទៅ៥ម៉ែត្រ។បានធ្វើឲ្យបងប្អូនអាជីវករពិបាកក្នុងការប្រកបមុខរបរលក់ដូរនិងពិបាកក្នុងការធ្វើដំណើរ។ពីព្រោះផ្លូវបេតុងនេះបានបាក់ស្រុតអស់មួយចំហៀងហើយ មធ្យោបាយឆ្លងកាត់បានតែម៉ូតូនិងថ្មើរជើងប៉ុណ្ណោះ រថយន្តទៅមិនរួច
ឡើយ។អាជីវករបន្តថា នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរមូលដ្ឋានមានថ្នាក់ស្រុក ឃុំ ភូមិបានចុះមកពិនិត្យមើលនិងបានចាក់ខ្សាច់លុបឈួសឆាយឲ្យស្មើ ដើម្បីឲ្យបងប្អូនអាជីវករបានអាស្រ័យផលនិងធ្វើដំណើរបណ្តោះអាសន្នសិន។

 
តាមការសន្និដ្ឋានពីមហាជននិយាយពីមាត់មួយទៅមាត់មួយថា ចំណុចនេះពីដើមឡើយ គឺជាប្រឡាយទឹក តែក្រោយមកអាជ្ញាធរបានធ្វើការអភិវឌ្ឍន៍ដោយចាក់ដីលុបប្រឡាយរួចចាក់ធ្វើផ្លូវបេតុង និងមានរៀបចំដាក់ប្រព័ន្ធលូនៅចិញ្ចើមក្រោមផ្លូវបេតុង ហេតុដូច្នេះប្រហែលជាបែកលូ ទើបស្រុតបាក់ដល់ផ្លូវបេតុងយ៉ាងនេះ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/rlnhKsNhHtg