ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយើង ដែលមានតាំងពីបុរាណកាលមក, រដ្ឋបាលខេត្តពោធិ៍សាត់ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្ដម ខូយ រីដា អភិបាលខេត្ត បានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី៥ ដែលមានរយៈពេល២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី០៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេទិកា មាត់ស្ទឹងពោធិ៍សាត់ នឹងបានបញ្ចប់ដោយជោគជ័យ ព្រមទាំងបង្កលក្ខណៈឱ្យមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដល់បងប្អូនប្រជាពល រដ្ឋមកពីគ្រប់ទិសទីព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនា និងដើរលេងកម្សាន្ត។
(ខេត្តពោធិ៍សាត់)៖ក្នុងពិធីបិទព្រឹត្តការណ៍នេះ គេសង្កេតឃើញមានវត្តមាន ឯក ឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិ
បាល ចុះជួយមូលដ្ឋានខេត្តធិ៍សាត់,ឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ, ឯកឧត្ដម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
ថ្លែងក្នុងពិធីបិទការប្រគួតនាល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ឯកឧត្ដម អភិ
បាលខេត្ត បានឱ្យដឹងថា ពិធីបុណ្យអុំទូក គឺមានតាំងពីដូនតាមកម្ល៉េះ យើងអាចធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
លោកបានបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានរៀបចំពិធីប្រណាំងទូកនេះឡើង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបម្រើភាពសប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចភ្ញៀវជាតិ និងអន្តរជាតិនាពេលនេះ។
ប្រភពពីមន្ត្រីជំនាញ នៃមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ពិធីប្រណាំងទូក «ង» ខ្នាតអន្តរជាតិ នៅខេត្តពោធិ៍សាត់ ឆ្នាំនេះ មានរបៀបរៀបរយល្អជាងឆ្នាំមុនៗ ទាំងសន្តិសុខ សណ្ដាប់ធ្នាប់ ទាំងកីឡាករអុំទូក និងការអនាម័យបរិស្ថាន ជាពិសេសមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមទស្សនាកំសាន្តជាង២៧ម៉ឺននាក់( ២៧២,០០០នាក់) ក្នុងនោះមានទេសចរបរទេស៣២នាក់ បើប្រៀបធៀបនឹងឆ្នាំ២០២៣មានតែជាង២៤ម៉ឺននាក់ប៉ុណ្ណោះ។ ជាមួយគ្នានោះ ឆ្នាំនេះយើងមានការដាក់តាំងពិព័រណ៍លក់ផលិតផលនានា និងទំនិញផ្សេងៗ និងពេលរាត្រី មានបាញ់កាំជ្រួចព្រោងព្រាត មានតន្ត្រីខ្នាតយក្ស ខ្នាតមធ្យម ប្រគុំរាំលេងកំសាន្ត ដែលញ៉ាំងឱ្យភ្ញៀវមកទស្សនាកាន់តែពុះកញ្ជ្រោលផងដែរ។
គណៈកម្មការបច្ចេកទេស បានឱ្យដឹងថា ទូក«ង» ដែលចូលរួមប្រកួតប្រជែងមានចំនួន៣១ទូក ស្មើនឹង១៦គូ មកពីបណ្ដាមន្ទីរអង្គភាពនានាជុំវិញខេត្ត វត្តអារាម
វិស័យឯកជន និងក្រុងស្រុកទាំង៧ ក្នុងខេត្តពោធិ៍សាត់ ដែលមានឯកសណ្ឋានចម្រុះពណ៌។
ឯលទ្ធផលនៃការប្រណាំងទូក «ង» រយៈពេល២ថ្ងៃនេះ យើងបានរកឃើញទូក ដែលទទួលបានផែនពិសេស លេខ១ ចំនួន២ទូក «កម្លាំងសាមគ្គីនារីមានជ័យ និងរាំងទិលតេជៈសែនជ័យបារមីទន្លេសាប» ក្នុងមួយទូកទទួលបាន ពានរង្វាន់១ ទង់១ ប័ណ្ណសរសើរ១ ថវិកា៤លានរៀល។លេខ២ ចំនួន៦ទូក ក្នុងមួយទូកទទួលបានទង់១ ប័ណ្ណសរសើរ១ និងថវិកា៣លាន៥សែនរៀល, លេខ៣ ចំនួន៦ទូក ក្នុងមួយទូកទទួលបានទង់១ ប័ណ្ណសរសើរ១ និងថវិកា២លាន៥សែនរៀល និងលេខ៤ ចំនួន២ទូក ទទួលបានទង់១ ប័ណ្ណសរសើរ១ និងថវិកា១លាន៥សែនរៀល៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1SDaO_bXQrY