ឆេះរោងចក្រកាត់ដេរសំលៀកបំពាក់យីហោ ហ្វ័រម៉ាត ខេមបូឌាខូអិលធីឌី នៅខណ្ឌដង្កោ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 February, 2025 ក+ ក-

រោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។ ហេតុការណ៍នេះបាន កើតឡើងនៅវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ រោងចក្រនេះមានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍មកថា មានករណីអគ្គីភ័យកំពុងឆាបឆេះរោងចក្រ មួយកន្លែងយ៉ាងសន្ធោរសន្ធៅ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ​ រាជធានីភ្នំពេញ។ លោកបានបញ្ជាទៅសមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យដែលប្រចាំការនៅគោលដៅទាំង៧ ក្នុងរាជធានីភ្នំពេញ ឲ្យបញ្ចេញរថយន្តពន្លត់អគ្គីភ័យ មកកាន់ទីតាំងកើតហេតុ ដើម្បីអន្តរា គមន៍ បាញ់ទឹកពន្លត់ជាបន្ទាន់។នៅក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤១គ្រឿង និងប្រើទឹកអស់២០១ឡាន គិតជាទឹកអស់៩១៤ម៉ែត្រគីប។ដោយឡែកចំពោះរោងចក្រកាត់ដេរសម្លៀកបំពាក់ នេះធ្វើពីថ្មប្រក់ស័ង្កសី ទំហំ (១ម៉ឺនម៉ែត្រការ៉េ) បណ្តាលឲ្យសម្ភារៈក្នុងរោងចក្រឆេះអស់ទាំងស្រុង។ ចំពោះករណីអគ្គីភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង១១ ព្រឹកថ្ងៃទី១២​ ខែ ឆ្នាំដដែល។នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ មិនបណ្តាលឲ្យមានអ្នករងរបួសឬស្លាប់ឡើយ ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/U0EkngqYD5c