ឯកឧត្តម គឹម សន្តិភាព អញ្ជើញចូលរួមពិធីប្រកាសសមាសភាពប្រធានក្រុមការងារយុវជនគណបក្សខេត្តតាកែវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 February, 2025 ក+ ក-

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពប្រធានក្រុមការងារយុវជនគណបក្សខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នាទីស្នាក់ការគណបក្សខេត្តតាកែវ។


ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ក៏បានផ្តល់បទអន្តរាគមន៍ពាក់ព័ន្ធនឹងការពង្រឹងការងារសម្របសម្រួលព័ត៌មាននៃយុវជនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាប្រសិទ្ធិភាពក្នុងការប្រយុទ្ធប្រឆាំង និងបន្សាបនូវព័ត៌មានប្រឌិត បំភ្លើស បំភ្លៃ ពីសំណាក់ក្រុមជ្រុលនិយម។ជាមួយគ្នានេះត្រូវពង្រឹងការផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីភាពវិជ្ជមានពីកម្ពុជា មានជាអាទិ៍ សកម្មភាពថ្នាក់ដឹកនាំ ការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា ព្រមទាំងតំបន់ទេសចរណ៍នានា ផងដែរ ។


សូមបញ្ជាក់ជូនថា ឯកឧត្តម លឺ សាវ៉េត ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សម្រេចចាត់តាំងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តតាកែវ និងត្រូវបានរៀបចំពិធីប្រកាសនាពេលនេះ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/5dIHbQLx7sQ