ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ លោក រស់ សុខ បានឲ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា អាជ្ញាធរខេត្តកំពង់ស្ពឺ បានរៀបចំមហាព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំអស្ចារ្យចាប់ពីថ្ងៃទី១៥-១៦ខែកុម្ភៈ ឆ្នាំ២០២៥ ដោយចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង២ទៀបភ្លឺ (រយៈពេល២យប់២ថ្ងៃពេញ)នៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ព្រឹត្តិការណ៍មហោស្រពទេសចរណ៍ដ៏ធំអស្ចារ្យនេះបានធ្វើការផ្សព្វផ្សាយពីរមណីយដ្ឋានគោលដៅទេសចរណ៍នានា វប្បធម៌ តន្ត្រី និងកីឡាដែលគ្មានថង់ប្លាស្ទិក “បុណ្យភ្នំ” នឹងនាំមកនូវព្រឹត្តិការណ៍កម្សាន្តសប្បាយ ការប្រកួតកីឡា ម្ហូបអាហារ និងការតុបតែងជាច្រើនរាប់មិនអស់លើបណ្តោយដងផ្លូវដ៏ស្រស់ស្អាតជិត៤គីឡូម៉ែត្រ ចាប់ពីរង្វង់មូលនាគព័ន្ធ ដល់អតីតព្រះរាជដំណាក់។
លោកបន្ថែមថា ជុំវិញមហាព្រឹត្តិការណ៍នេះអាជ្ញាធរបានបើកឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិចូលរួមកម្សាន្តសប្បាយរីករាយដោយសេរី និងច្រើនកុះករ ដើម្បីលើកស្ទួយវិស័យដល់ទេសចរណ៍ និងអភិរក្សវប្បធម៌ បរិស្ថានធម្មជាតិរបស់កម្ពុជា ដែលក្នុងព្រឹត្តិការណ៍២ថ្ងៃនេះមានភ្ញៀវទេសចរណ៍ជាងប្រាំមួយម៉ឺនប្រាំពាន់នាក់( ៦៥,២៨០នាក់) បានចូលរួមលេងកម្សាន្តក្នុងនោះមានភ្ញៀវអន្តរជាតិ ៥៣០នាក់ផងដែរ។
ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ ក៏បានឱ្យដឹងដែរថា មហាព្រឹត្តិការណ៍ដ៏កម្រ និងជាលើកទី១នេះ បាននាំមកនូវកម្មវិធីជាច្រើន ដូចជា ឆៃយ៉ាំ ស្វាគមន៍ របាំសែនដី គុនល្បុក្កតោ ការប្រគំតន្ត្រីសម័យ ក្ងោកប៉ៃលិន របាំក្រមា របាំជូនពរ ល្ខោនខោលឈុតកំហឹងនាអាតុរី របាំគោះត្រឡោក របាំត្លយសួយ ក្ងោកពោធិ៍ សាត់ ល្ខោនព្រះរាជទ្រព្យរឿងទិព្វសូដាចន្ទ គុនខ្មែរ រួមនឹងព្រឹត្តិការណ៍កីឡា និងប្រពៃណីជាច្រើនទៀត។ ក្នុងមហាព្រឹត្តិការណ៍នេះដែរ បានបញ្ចប់ទៅដោយរលូន ក្រោមការការពារសន្តិសុខ សណ្តាប់ធ្នាប់ យ៉ាងយកចិត្តទុកដាក់បំផុតពីកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្ត។ ចំពោះកន្លែងស្នាក់នៅ និងអាហារហូបចុក គ្មានការឡើងថ្លៃនោះទេ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/UaTv8d7VfME