ជប៉ុនផ្តល់ថវិកាជាង២០ម៉ឺនដុល្លារអាមេរិក សម្រាប់ការតម្លើងម៉ាស៊ីននៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិត និងការសាងសង់កំពង់ផែក្នុងសង្កាត់កោះរ៉ុង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 February, 2025 ក+ ក-

 

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាសរុបចំនួន២០៤,៧២០ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃម្សិលម៉ិញនេះ ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និង តំណាងស្ថាប័នទទួលជំនួយទាំងពីរ ដើម្បីអនុវត្តគម្រោង។

ឯកឧត្តម ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានមានប្រសាសន៍ឱ្យដឹងថា គម្រោងតម្លើងម៉ាស៊ីនផលិតឧបករណ៍ នៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិត ក្នុងក្រុងភ្នំពេញថវិកាចំនួន៦៣,៤៧០ ដុល្លារអាមេរិកជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីតម្លើងម៉ាស៊ីនផលិតឧបករណ៍ថ្មីមួយ នៅរោងចក្រផលិតឧបករណ៍ សិប្បនិម្មិត ជំនួសឲ្យម៉ាស៊ីនផលិតចាស់ដែលមុខងារមានកម្រិត។ រោងចក្រផលិតឧបករណ៍សិប្បនិម្មិត ត្រូវចំណាយពេលវេលាច្រើនដើម្បីផលិតឧបករណ៍សិប្បនិម្មិត។ ឯកឧត្តមរំពឹងថា ម៉ាស៊ីនថ្មីនេះនឹងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវផលិតភាពនិងគុណភាពនៅក្នុងរោងចក្រផលិតឧបករណ៍សិប្បនិម្មិត។

ចំណែកឯគម្រោងសាងសង់កំពង់ផែ ក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុថវិកាចំនួន ១៤១,២៥០ ដុល្លារអាមេរិក ទទួលថវិកាដោយរដ្ឋបាលក្រុងកោះរ៉ុង។ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់កំពង់ផែថ្មីមួយ ក្នុងសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ សម្រាប់ការដឹកជញ្ជូនរវាងកោះរ៉ុងនិងដីគោក។ កំពង់ផែថ្មីនេះនឹងផ្តល់ឱ្យប្រជាជនមូលដ្ឋានប្រមាណ ៣,០០០ នាក់ នូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ លើសពីនេះទៅទៀត ផែនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ក៏ដូចជាការគាំទ្រសកម្មភាពសន្តិសុខរបស់កងទ័ពជើងទឹកក្នុងស្ថានភាពអាសន្ននានា។

សូមបញ្ជាក់ថា ជំនួយឥតសំណងគូសាណូណ៌របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍនិងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ ថវិកាជាង ៧០លាន ដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណ៌ នៅទូទាំងប្រទេសកម្ពុជា៕