ឯកឧត្តម គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំពិនិត្យខ្លឹមសារត្រៀមសន្និបាតបូកសរុបនិងលើកទិសដៅការងារយុវជនបក្ស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 February, 2025 ក+ ក-

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកដឹកនាំរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកការងារខ្លឹមសារសម្រាប់សន្និបាត នៅល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាវិមាន៧មករា បានដឹកនាំប្រជុំពិនិត្យលើការងារខ្លឹមសារជាមួយអនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃគណៈកម្មការចំពោះកិច្ចទទួលបន្ទុកដឹកនាំរៀបចំសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត បានពិនិត្យ និងផ្តល់យោបល់លើឯកសារខ្លឹមសារនានាដែលបម្រើឱ្យការងារសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា ដែលបានរៀបចំដោយអនុគណៈកម្មការខ្លឹមសារ និងឯកសារ សំដៅធានានូវសង្គតភាព និងភាពគ្រប់ជ្រុងជោ្រយលើឯកសារសម្រាប់ថ្នាក់ដឹកនាំ ក៏ដូចជាឯកសារពាក់ព័ន្ធនានានៃអង្គសន្និបាត ។


សូមបញ្ជាក់ថា សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា នឹងប្រពឹត្តទៅនាថ្ងៃទី ២៩-៣០ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។


សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជានេះ ក៏នឹងមានការអញ្ជើញជាអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាក្នុងពិធីបិទសន្និបាតផងដែរ ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OmiZLIwyc28