ស្ត្រីជាដៃគូក្នុងការពង្រឹងសហគមន៍ វឌ្ឍនភាព ជំរុញសេដ្ឋកិច្ចនិងលើកកម្ពស់សុខមាលភាពសង្គម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2025 ក+ ក-


ថ្លែងនៅក្នុងពិធីអបអរសាទរ ខួបលើកទី១១៤ ទីវាអន្ដរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្ដ្រីនិងក្មេងស្រីគ្រប់រូប» និងពិធីបិទសន្និបាតប្រចាំឆ្នាំ២០២៤និងទិសដៅការងារបន្តឆ្នាំ២០២៥របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលបានប្រារព នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម ប្រាក់ សុខុន បានមានប្រសាសន៍ថា “ការលើកកម្ពស់សិទ្ធិស្ត្រីនិងសកម្មភាពការងាររបស់ស្ត្រីក្នុងវិស័យការបរទេស ដោយមានការគាំទ្ររបស់រាជរដ្ឋាភិបាល ដែលដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចនូវវឌ្ឍនភាពគួរជាទីមោទនៈ ក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងភាពអង់អាចក្លាហានរបស់ស្ត្រីនិងក្មេងស្រី តាមរយៈការដាក់ចេញនិងអនុវត្តគោលនយោបាយ ផែនការ សកម្ម ភាព កម្មវិធីជាតិ តាមវិស័យនៅគ្រប់កម្រិត និងការដាក់ចេញនូវវិធានការជាវិជ្ជមាននានា”។


ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងរបៀបវារៈកិច្ចអភិវឌ្ឍន៍ជាតិ បានធ្វើឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ផ្នែកសុខភាព ការអប់រំ ឱកាសការងារនិងភាពជាអ្នកដឹកនាំរបស់ស្ត្រីនឹងគាំទ្រយ៉ាងពេញទំហឹងចំពោះប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ដែលជាការគូសបញ្ជាក់ភាពចាំបាច់ ក្នុងការបន្តសកម្មភាព ការចូលរួមចំណែកឲ្យបានកាន់តែច្រើនរបស់ស្ត្រីលើគ្រប់ទិដ្ឋភាព នៃដំណើរការកសាងសង្គមជាតិ ហើយកម្ពុជានិងកុមារីទាំង ឡាយត្រៀមខ្លួនបានល្អសម្រាប់អនាគតភ្លឺស្វាង។


នៅចំពោះមុខនេះ ត្រូវទទួលស្គាល់ថា ទាំងក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក ស្ត្រីជាដៃគូមិនអាចខ្វះបាន ក្នុងការពង្រឹងសហគមន៍និងវឌ្ឍនភាពសង្គម ជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់សុខមាលភាពសង្គម ដូចសុភាសិតមួយរបស់ខ្មែរបានពោលថា “សំណាបយោងដី ស្រីយោងប្រុស”។

រាជរដ្ឋាភិបាលអាណិតទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចរបស់ស្ត្រីនិងក្មេងស្រី នៅគ្រប់វិស័យ ជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោ បាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល តាម
រយៈការពង្រឹងប្រសិទ្ធភាពប្រជាពលរដ្ឋនៅក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលស្ត្រីគឺជាស្នូលដ៏សំខាន់ និងជាធនធានដែលមិនអាចខ្វះបាន។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការកំណត់ផែនការយុទ្ធសាស្ត្រ នារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ដោយបានដាក់ចេញនូវអភិក្រមបរិវត្តកម្មយេនឌ័រ ក្នុងបំណងបង្កើនសមត្ថភាពដល់ស្ត្រីនិងក្មេងស្រីក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខាភិបាលនិងការដឹកនាំសាធារណៈ។ ការពង្រឹងភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រីគឺជាកិច្ចការដែលត្រូវធ្វើជាចាំបាច់និងជាប្រចាំ ព្រោះថាតួនាទីនៅក្នុងការបង្កើតឡើងជាកម្លាំងចលករស្នូលយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីចូលរួមចំណែកដឹកនាំប្រទេសកម្ពុជាឲ្យឈានទៅរកចក្ខុវិស័យ ជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ស្របតាមទិសស្លោក “ស្ត្រីជាមាតាពិភពលោក នឹងជួយស្ត្រី គឺជួយខ្លួនឯង”៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9EDvupzU4Jc