អភិបាលរងខេត្តកំពង់ឆ្នាំង លោក យិន សាវ៉េន មានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុក “វប្បធម៌ គឺជាព្រលឹងជាតិ និងជាអត្តសញ្ញាណជាតិខ្មែរ មានតម្លៃខ្ពស់មិនអាចកាត់ថ្លៃបាន” ។ មានប្រសាសបែបនេះ នៅក្នុងពិធី ប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ រៀបចំឡើងដោយ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងមានការគាំទ្រពីរដ្ឋបាលខេត្តកំពង់ឆ្នាំង។ពីធីប្រព្រឹត្តឡើង នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី តំណាងកងកម្លាំងទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុ ប្រធានមន្ទីរជុំវិញខេត្ត អង្គការសមាគម តំណាងធនាគារមីក្រូហិរញ្ញវត្ថុ យុវជនកាយឫទ្ធិខេត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណ៣៥០នាក់។អភិបាលរងខេត្តបានបន្តថា៖ រាជរដ្ឋាភិបាលចាស់ អណត្តិទី៦ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលថ្មីអណត្តិទី៧ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ តែងតែគាំទ្រ លើកទឹកចិត្ត ផ្តល់អាទិភាពខ្ពស់ និងជាមូលដ្ឋានគ្រឹះក្នុងការផ្សះផ្សាសង្គម ឱ្យចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា និងគ្មានការរើសអើង ។ យើងទាំងអស់គ្នាបានដឹងហើយថាកម្ពុជាជាប្រទេសមួយដែល សម្បូណ៍ទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំង រូបី និងអរូបី ដែលបុព្វបុរសរបស់យើងបានកសាង និងបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយ។
នៅក្នុងឱកាសនោះ លោក អភិបាលរងខេត្តក៍ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី សិស្ស និស្សិត ដែលតែងតែចូលរួមគាំទ្រដល់កិច្ចការអភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍វប្បធម៌ជាតិ។ ជាពិសេសក្នុងឱកាសនៃការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ក្រោម ប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” បានរៀបចំដំណើរការប្រកបដោយភាពរលូន និងអធិកអធមក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ។ការរៀបចំប្រារព្ឋទិវាវប្បធម៌ជាតិ ៣មីនា គឺបានចាប់ផ្តើមពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន ក្នុងគោលបំណងជំរុញឱ្យប្រជាជន មហាជនទូទៅ ជាពិសេសយុវជនដែលជាសសរទ្រូងរបស់ជាតិ និងជាអ្នកបន្តវេនបង្កើនការស្រឡាញ់ និងការទទួលយកនូវចំណេះ សំដៅលើកកម្ពស់ការអភិរក្ស បំផុសស្មារតីចូលរួមក្នុងការផ្ទេរ ជំនាញបច្ចេកទេសសិល្បៈ វប្បធម៌ និងការអភិវឌ្ឍវប្បធម៌ជាតិ ដែលជាមូលដ្ឋាននៃសាមគ្គីភាព និង ភាពសុខដុមរបស់សង្គមជាតិ។ ម្យ៉ាងវិញទៀតតម្លៃមហាសាលនៃវប្បធម៌ជាតិ គឺជាប្រភពធនធានមិនចេះរីងស្ងួតប្រកបដោយសក្តានុពលខ្ពស់ក្នុងការរួមចំណែកតាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ ផ្នែកសេដ្ឋកិច្ចសង្គម៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/foOXC9caZUw