ខេត្តក្រចេះត្រៀមខ្លួនរួចស្រេចដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក្នុងឱកាសចូលឆ្នាំថ្មី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 April, 2025 ក+ ក-

(ខេត្តក្រចេះ)៖ អាជ្ញាធរខេត្តក្រចេះ បានរៀបចំលំអនៅតាមទីតាំងសាធារណៈនានា ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនា លេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់
ឆាប់ៗនេះ។

ក្នុងសកម្មភាពដ៏មមាញឹកពីសំណាក់ក្រុមការងារដែលកំពុងចុះរៀបចំ គេពិនិត្យឃើញថានៅតាមដងវិថីសំខាន់ៗក្នុងក្រុងក្រចេះ អគាររដ្ឋ សួនច្បារ ទីអារាម និងតំបន់ទេសចរណ៍សំខាន់ៗ បានរៀបចំតុបតែងកែល្អដោយបំពាក់ទង់ជាតិ​ ទង់សាសនា​ ភ្លើងចម្រុះពណ៌ និងបដារដោយសរសេរពាក្យថាសួស្ដី! ស្វាគមន៍ឆ្នាំថ្មី គ្រប់កន្លែង​ គ្រប់តំបន់។

សូមជម្រាបថា ឆ្នាំនេះអាជ្ញាធរខេត្ត បានរៀបចំទីតាំងបរិវេណបឹងកាឡូ សួនច្បារមុខវិមានឯករាជ្យ សម្រាប់ធ្វើសង្ក្រាន្តដ៏ធំមួយដើម្បីឱ្យបងប្អូនចូលលេងកម្សាន្តតាមបែបប្រពៃណីខ្មែរយ៉ាងសប្បាយរីករាយ។

ដោយឡែកនៅទីតាំងសង្ក្រាន្ត និងតាមរមនីយដ្ឋានសំខាន់នានារបស់ខេត្ត​ អាជ្ញាធរនិងដាក់កម្លាំងសមត្ថកិច្ច យាមកាមការពារសណ្តាប់ធ្នាប់យ៉ាងយកចិត្តទុក
ដាក់។ដើម្បីបង្កាការកើតមានអំពើហិង្សា ឬសកម្មភាពអនាធិបតេយ្យ ក្នុងនោះមានកងកម្លាំងរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថចំនួន២០១នាក់ កម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តជាង១ពាន់នាក់ និងប្រជាការពារភូមិជាង៥ពាន់នាក់

នាឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ គេរំពឹងថានឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងខេត្តក្រចេះយ៉ាងច្រើនកុះករជាងឆ្នាំមុនៗ​ ។អ្វីដែលអាជ្ញាធរ បានរំពឹងទុកប្រកបដោយមោទនភាព​ ព្រោះបច្ចុប្បន្នអាជ្ញាធរខេត្តក្រោមការដឹកនាំរបស់​ ឯ.ឧ វ៉ា ថន អភិបាលខេត្ត បានរៀបចំតុបតែងកែលម្អ​ខេត្ត​ ប្រកបដោយសោភ័ណភាពស្រស់ស្អាត។ ម្យ៉ាងវិញទៀតផ្លូវឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានដ៏មានប្រជាប្រិយភាពរបស់ខេត្ត គឺព្រែកកាំពី និងវិហារធំសសរ ១០០ ទើបតែសាងសង់ រួចរាល់ជាស្ថាពរ១០០ភាគរយហើយ៕
ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Xb1kA6LZ-80