រន្ទះបាញ់ងាប់សត្វគោញី២ក្បាលនៅវាលខាងលិចភូមិរំពាក់
សត្វគោ២ក្បាលបានងាប់ភ្លាមៗដោយសាររន្ទះបាញ់ ។ បាតុភូតដ៏អាក្រក់នេះបានកើតឡើងនៅម៉ោង៣និង១០នាទីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ត្រង់ចំណុចវាលខាងលិចភូមិរំពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ប្រហែល១០០០ម៉ែត្រ ។
នគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា សត្វគោញីទាំង២ក្បាលដែលមានម្ចាស់ឈ្មោះ ជា ប៉ក់ អាយុ៦៥ឆ្នាំ ប្រពន្ធឈ្មោះ ប៉ិ លីនអាយុ៦៧ឆ្នាំ អ្នកភូមិរំពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានចងឲ្យវាស៊ីស្មៅនៅឯវាលស្រែចម្ងាយប្រហែល១០០ម៉ែត្រខាងលិចភូមិ ស្របពេលនោះក៏មានភ្លៀងធ្លាក់លាយឡំជាមួយនិងផ្គររន្ទះយ៉ាងខ្លាំង។ហើយភ្លាមនោះរន្ទះបានបាញ់ចំសត្វគោញីទាំង២ក្បាលនោះងាប់ភ្លាមៗមួយរំពេចនៅនឹងកន្លែង ៕
ផ្ទះប្រជាពលរដ្ឋចំនួន១៥ខ្នងនិងសាលារៀន១ខ្នង ក្នុងក្រុងសិរីសោភ័ណ រងការខូចខាតដោយខ្យល់កន្ត្រាក់
យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋចំនួន១៥ខ្នងនិងសាលាបឋមសិក្សា១ខ្នង បានរងការខូចខាតដោយខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅសង្កាត់ចំនួន២ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា៖ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់លាយលាយឡំជាមួយខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បង្កឲ្យផ្ទះប្រជាពលរដ្ឋចំនួន២សង្កាត់ បានរង ការខូចខាត ក្នុងនោះសង្កាត់កំពង់ស្វាយ ខូចខាតចំនួន២ខ្នងនិងសង្កាត់ម្កាក់ចំនួន១៣ខ្នង សាលាបឋមសិក្សាម្កាក់១ខ្នងផងដែរ ៕
ខ្សល់កន្ត្រាក់បានបង្កឲ្យផ្ទះប្រជាពលរដ្ឋនៅស្រុកមង្គលបូរីនិងស្រុកម៉ាឡៃចំនួន២៩ខ្នងរងនូវការខូចខាតធ្ងន់ស្រាល
ផ្ទះប្រជាពលរដ្ឋនៅស្រុកចំនួន២ គឺ ស្រុកមង្គលបូរី និង ស្រុកម៉ាឡៃ នៃខេត្តបន្ទាយមានជ័យ បានរងការខូចខាតដោយខ្យល់កន្ត្រាក់ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។
យោងតាមរបាយការណ៍របស់នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖នៅវេលាម៉ោង២រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្នុងស្រុកមង្គលបូរី មានភ្លៀងធ្លាក់លាយឡំជាមួយខ្សល់កន្ត្រាក់បានបក់បោកខ្លាំងបង្កឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២ភូមិនៅឃុំស្រះរាំង គឺភូមិតាអ៊ិន ចំនួន១៣ខ្នងនិងភូមិក្រូចចំនួន៩ខ្នង ។ ករណីគ្រោះធម្មជាតិនេះ មិនបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់នោះឡើយ ។
ដោយឡែកនៅក្នុងស្រុកម៉ាឡៃ ក៏មានខ្យល់កន្ត្រាក់កើតឡើងផងដែរ នៅពេលមានភ្លៀងធ្លាក់នៅល្ងាចមិញនេះ ។ បើយោងតាមរបាយការណ៍របស់នគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖នៅវេលាម៉ោង៣និង៥៨នាទីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់លាយឡំជាមួយខ្សល់កន្ត្រាក់ ដែលបង្កឲ្យផ្ទះប្រជាពលរដ្ឋចំនួន២ភូមិក្នុងឃុំទួលពង្រ រងនូវការខូចខាត សរុបចំនួន៧ខ្នង ក្នុងនោះភូមិអភិវឌ្ឍន៍ចំនួន ១ ខ្នងនិងភូមិភ្នំដូនសម ចំនួន ០៦ ខ្នង ។ កណីនេះមិនបង្កឲ្យមានមនុស្សឬសត្វរងគ្រោះថ្នាក់នោះទេ ៕
ចុចបើកLink ដើម្បីទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/mCWsCudLF48