ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនឹងប្រព្រឹត្តទៅនៅខេត្តកំពង់ឆ្នាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 April, 2025 ក+ ក-


ព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតាំងពិព័រណ៍ផលិតផល កសិកម្ម សិប្បកម្ម ក្នុងស្រុក នឹងប្រព្រឹត្តក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។


សូមរំលឹកថារយៈពេលប៉ុន្មានថ្ងៃមកនេះគេសង្កេតឃើញ សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ រួមនឹង ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យទីតាំងទីលានព្រះស្រែ មុខសាលាខេត្តកំពង់ឆ្នាំង ដែលក្រុមការងារកំពុងតែរៀបចំ ទីលានព្រះស្រែ ក៏ដូចជាពិនិត្យស្ថានភាព សាកល្បង គោឧសភរាជ្យ ដែលនឹងត្រៀមគោរពព្រះរាជពិធី នាពេលខាងមុខនេះ។

 
ជាមួយនឹងសកម្មភាពពិនិត្យការងារដែលគ្រោងរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល និងតាំងពិព័រណ៍ផលិតផលកសិកម្មសិប្បកម្មក្នុងស្រុក គេក៏សង្កេតឃើញមានកិច្ចប្រជុំ ជាញឹកញាប់ ស្ដីពីការងារលម្អិតដែលត្រូវរៀបចំ ក្នុងព្រះរាជពិធីនេះ ដើម្បីឲ្យប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ និងយ៉ាងឧត្តុងឧត្តមផងដែរ។សូមរំលេចថាព្រះរាជពិធីបុណ្យនេះគឺជាសារដាស់តឿនក្រើរលឹកដល់បងប្អូនខ្មែរប្រជាកសិករ ព្រោះរដូវវស្សាមកដល់ ត្រូវត្រៀមខ្លួន រដូវធ្វើស្រែចម្ការមកដល់ហើយ ត្រូវត្រៀមឧបករណ៍ គ្រាប់ពូជ កម្លាំងអូសទាញ ដើម្បីធ្វើស្រែចម្ការរដូវវស្សាឲ្យទាន់ពេលវេលា៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/ELI20FzaJZ0