ស្ពានទួលធាតុចាស់ទ្រុឌទ្រោមអាជ្ញាធរហាមមិនឱ្យយានយន្តគ្រប់ប្រភេទបើកឆ្លងកាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2025 ក+ ក-

(ខេត្តកំពង់ចាម)៖ ស្ពានបេតុងទួលធាតុ  ស្ថិតក្នុងភូមិទួលធាតុ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលមានសភាពចាស់ទ្រុឌទ្រោមកន្លែងខ្លះមានបេតុងបាក់ជ្រុះប្រហោងមើលឃើញដល់ក្រោមគួរឱ្យព្រួយបារម្ភ។ អាជ្ញាធរមូលដ្ឋានរួមទាំងរដ្ឋបាលស្រុកកោះសូទិន បានចេញបម្រាមមិនឱ្យយានយន្តគ្រប់ប្រភេទបើកបរឆ្លងកាត់ទៅវិញទៅមកទៀតទេ ព្រោះខ្លាចគ្រោះថ្នាក់បាក់ស្រុតជាយថាហេតុ។

អភិបាលស្រុកកោះសូទិន លោក យី វណ្ណៈ បានឲ្យដឹងនារសៀលថ្ងៃទី២៨មេសា ឆ្នាំ ២០២៥ថា: ដើមឡើយនៅតំបន់នេះជាប្រភេទផ្លូវដីហុយនៅរដូវប្រាំងនិងបែកភក់នៅរដូវវស្សា ហើយបងប្អូនប្រជាពលរដ្ឋពិបាកនឹងការធ្វើដំណើរដោយនៅត្រង់ចំណុចនេះមានអូរមួយ ដែលមានទឹកហូរកាត់ក្នុងរដូវវស្សា។ដោយមានចិត្តជ្រះថ្លាព្រះសង្ឃបានរៃអង្គាសបច្ច័យពីគ្រប់ទិសទីកសាងស្ពានបេតុងទួលធាតុដែលមានប្រវែងប្រមាណ៥០ម៉ែត្រ សម្រាប់បង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។


អភិបាលស្រុកកោះសូទិនបានបន្តឲ្យដឹងទៀតថា រហូតមកដល់សព្វថ្ងៃនេះស្ពានបេតុងនេះមានអាយុកាលជាច្រើនឆ្នាំ,ហើយមានសភាពទ្រុឌទ្រោមទៀតផង។ដោយមើលឃើញខ្លាចគ្រោះថ្នាក់សម្រាប់យានយន្តគ្រប់ប្រភេទបើកឆ្លងកាត់ អាជ្ញាធរមូលដ្ឋានចាក់ដីស្របតាមបណ្ដោយស្ពានដើម្បីឲ្យម៉ូតូរថយន្តបើកឆ្លងកាត់ទៅវិញទៅមក។ ជាមួយនោះរដ្ឋបាលស្រុកកោះសូទិន ក៏បានធ្វើលិខិតស្នើសុំមករដ្ឋបាលខេត្តកំពង់ចាម ហើយកញ្ចប់ថវិកាក៏បានធ្លាក់មកតាមរយៈក្រសួងអភិវឌ្ឍន៍និងជនបទ ដែលជាអ្នកស្ថាបនា។បច្ចុប្បន្ន ផ្លូវបេតុងត្រូវបានស្ថាបនាលាតសន្ធឹងកាត់ពីភូមិមួយទៅភូមិមួយរួចរាល់ហើយ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋស្រួលធ្វើដំណើរដឹកកសិផលមកកាន់ទីផ្សារបានឆាប់រហ័ស។ប៉ុន្តែអ្វីដែលជាក្ដីកង្វល់របស់ប្រជាពលរដ្ឋនោះ គឺនៅរដូវវស្សាខាងមុខពេលដែលទឹកទន្លេ
មេគង្គឡើងមកលិចសង្ខាងផ្លូវនោះ ស្ពានដែលមានសភាពចាស់ទ្រុឌទ្រោមនេះនឹងបង្កផលវិបាកដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កន្លងទៅ អភិបាលខេត្តកំពង់ចាម ឯកឧត្តមអ៊ុនចាន់ដាអមដំណើរដោយមន្ត្រីពាក់ព័ន្ធធ្លាប់ចុះពិនិត្យស្ពាននេះម្ដងហើយ។បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាននាំគ្នាសាទរក្រោយពីបានផ្លូវបេតុងជំនួសឲ្យផ្លូវដីនេះបង្ហាញពីការយកចិត្តទុកដាក់របស់ស្ថាប័នអាជ្ញាធរមូលដ្ឋានរហូតដល់ថ្នាក់ខេត្តរួមទាំងក្រសួងអភិវឌ្ឍន៍ជនបទ។ប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា ស្ពានបេតុងទួលធាតុ នឹង ត្រូវបានកសាងទាន់ពេលវេលាមុនរដូវវស្សាចូលមកដល់ដើម្បីបង្កលក្ខណៈងាយ ស្រួលជូនប្រជាពលរដ្ឋជាមិនខាន៕
https://youtu.be/dGyAmoSekRs