អាវុធហត្ថខេត្តក្រចេះចុះបង្ក្រាបបទល្មើសគ្រឿងញៀន៣ទីតាំងផ្សេងគ្នារយៈពេលពេញ១ថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 May, 2025 ក+ ក-

ការចុះបង្រ្កាបបទល្មើសរក្សាទុក ជួញដូរ សារធាតុញៀនខុសច្បាប់របស់កម្លាំងអាវុធហត្ថស្រុកចិត្របុរី សហការជាមួយកម្លាំងអាវុធហត្ថខេត្តក្រចេះ បានធ្វើឡើងកាលពីថ្ងៃទី១១ខែឧសភា ក្នុងនោះ១ករណី បង្ក្រាបនៅក្នុងស្រុកចិត្របុរី ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ និង២ករណីទៀត បង្ក្រាបនៅក្នុងស្រុកឆ្លូងខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣ម្នាក់បន្ថែមទៀត។


មេបញ្ជាការអាវុធហត្ថស្រុកចិត្របុរី លោក រ៉ន សាមុត បានឱ្យដឹងថា ការចុះ
បង្ក្រាបបទល្មើសគ្រឿងញៀនទាំង៣ទីតាំងនេះ ធ្វើឡើងក្រោយពីមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ទើបកម្លាំងជំនាញស្រុកចិត្របុរី ចុះស្រាវជ្រាវ ឈានទៅដល់កំណត់មុខសញ្ញា និងធ្វើការបង្ក្រាបតែម្តង។


លោកមេបញ្ជាការអាវុធហត្ថស្រុកចិត្របុរីបានបន្តថា ករណីទី១ គឺកម្លាំងជំនាញ បានស្រាវជ្រាវបង្ក្រាបបានជនសង្ស័យចំនួន២នាក់គឺ ឈ្មោះ ឌីម ពិសី ភេទប្រុស អាយុ៤០ឆ្នាំ និងឈ្មោះឃឹម ភារុណ ភេទប្រុស អាយុ២៩ឆ្នាំ ជនសង្ស័យទាំង២នាក់មានទីលំនៅ ភូមិបុស្សលាវលើ ឃុំបុស្សលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន៦កញ្ចប់និងសម្ភារ:សំរាប់ប្រើប្រាស់មួយចំនួនទៀត។


លោកបន្តថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះ និងមានការសួរនាំ ទើបកម្លាំងជំនាញអាវុធហត្ថ បានឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត ដោយម្នាក់ឈ្មោះ ជីវ តារា (ហៅង៉ោ) ភេទប្រុស អាយុ៣០ ជនជាតិខ្មែរ និងម្នាក់ទៀតឈ្មោះ ហូ សាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម ជនសង្ស័យទាំង២នាក់ មានទីលំនៅភូមិឈើទាលភ្លោះក្រោម ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។ ក្នុងនោះកម្លាំងអាវុធហត្ថបានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន១កញ្ចប់។


លោក រ៉ន សាមុត មេបញ្ជាការអាវុធហត្ថស្រុកចិត្របុរី បានបញ្ជាក់ថា នៅថ្ងៃដដែលនេះដែរ កម្លាំងអាវុធហត្ថស្រុក សហការជាមួយកម្លាំងអាវុធហត្ថខេត្ត បានកំណត់មុខសញ្ញានិងឈានទៅដល់ការឃាត់ បានជនសង្ស័យម្នាក់បន្ថែមទៀត នៅក្នុងឃុំព្រែកសាម៉ាន់ស្រុកឆ្លូង ខេត្តក្រចេះ។


ជនសង្ស័យម្នាក់នេះឈ្មោះ សុះ រសាត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម និងបានរកឃើញម្សៅក្រោមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់។លោកបន្តថា ជនសង្ស័យទាំង ៥នាក់ រួមនិងវត្ថុតាងមានថ្នាំញៀនចំនួន៩កញ្ចប់ រួមនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត កម្លាំងអាវុធហត្ថកំពុងសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះបន្តតាមនីតិវិធី៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MYg6Glt8Vyg