កិច្ចប្រជុំផែនការពារព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 May, 2025 ក+ ក-

ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ គតិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការ មេបញ្ជាការដ្ឋានអង្គរក្ស ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ បានដឹកនាំ ប្រជុំផែនការការពារសន្តិសុខសុវត្ថិភាពក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ឆ្នាំង ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៥ ខែឧសភាឆ្នាំ ២០២៥ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទ សម្ដេច ព្រោះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់ពីចប់កិច្ចប្រជុំផែនការការពារសន្តិសុខ សុវត្ថិភាពក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លរួច។ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង , ឯកឧត្តមនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង និងឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ក៏បានអញ្ជើញ ចុះពិនិត្យទីលានព្រះស្រែ និង ស្តង់តាំងពិព័រណ៍ ផលិតផលក្នុងស្រុកដែលរៀបចំឡើងនៅបែកខាងកើត ទីលានព្រះស្រែផងដែរ។

សូមបញ្ជាក់ថា នៅតាមស្តង់តាំងពិព័រណ៍នីមួយៗមានដាក់តាំងផលិតផលក្នុងស្រុកដែលរៀបចំដោយរដ្ឋបាលស្រុក ក្រុងទាំងប្រាំបីនៃខេត្តកំពង់ឆ្នាំង រួមនិងស្តង់ពិព័រណ៍របស់មន្ទីរអង្គភាពជុំវិញខេត្តក៏ដូចជាអង្គភាព ចំណុះឲ្យរដ្ឋបាលខេត្តកំពង់ឆ្នាំងយ៉ាងច្រើនកុះករ ។

ស្តង់ពិព័រណ៍ដែលអង្គភាពនីមួយៗយកមកដាក់តាំងបង្ហាញមាន៖ វិស័យកសិកម្ម ដូចជាដំណាំស្រូវ ដំណាំហូបផ្លែ ផ្លែឈើ និងឧបករណ៍បម្រើឲ្យវិស័យកសិកម្មជាច្រើនទៀត។ ស្តង់ពិព័រណ៍បង្ហាញពីវិស័យឧស្សាហកម្ម សុខាភិបាល វប្បធម៌ វិចិត្រសិល្បៈ ស្មូនឆ្នាំង តម្បាញកន្ទេល តម្បាញក្រមា និងការចិញ្ចឹមសត្វ ជាដើម។ ព្រមទាំងមានការដាក់តាំងលម្អដោយដើមឈើ ដើមផ្កា បំពាក់ភ្លើងបំភ្លឺចម្រុះពណ៌ដ៏ប្រណិតទៀតផង ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/EYZIJEBArNg