ផ្លូវជាតិលេខ៤៨ទៅកាន់ខេត្តកោះកុងគ្រោងបញ្ចប់ការសាងសង់នាពេលឆាប់ៗ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 May, 2025 ក+ ក-

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ គម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការសាងសង់ យ៉ាងមមាញឹក ដោយសម្រេចបានលទ្ធផលជារួម ៩៦,៨៤% ហើយគ្រោងរួចរាល់នាពេលឆាប់ៗនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោមម្លប់នៃសុខសន្តិភាព។ ខ្សែផ្លូវជាតិនេះជាបណ្តាញតភ្ជាប់ប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍។

ខ្សែផ្លូវនេះដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក៏ដូចជាខេត្តកោះកុង ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹក ជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច។ នេះជាការបញ្ជាក់បន្ថែម របស់អ្នកនាំពាក្យក្រសួង។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ មានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ពីភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល-ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ជាប្រភេទបេតុងកៅស៊ូ(AC)។ គ្រប់កំណាត់ នៃការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះ កុង) កំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនាពេលឆាប់ៗខាងមុខនេះ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/RxmJKI-D4sc