ខេត្តកោះកុង ៖ក្នុងមួយថ្ងៃៗមានជង្គង់ និងស្លាបមាន់ ខូចគុណភាពមិនតិចជាង៦តោនឡើយត្រូវបានឈ្មួញឈ្មោះហៅក្រៅថា ម៉ែអាម៉េង នាំចូលផ្តាច់មុខពីប្រទេសថៃចូលមកកម្ពុជាតាមច្រកខេត្តកោះកុង។
មន្ត្រីអាជ្ញាធរមូលដ្ឋានបានរាយការណ៍ថា ជង្គង់ និងស្លាបមាន់ រាប់តោនត្រូវបាននាំចូលមកឡើងផែនៅតំបន់កែវផុស ក្នុងនោះមានមួយចំនួនខូចគុណភាព។ទំនិញនេះត្រូវគេនាំចូលដោយលួចបង្កប់ជាមួយទំនិញផ្សេងៗទៀតដឹកតាមទូកមកឡើងនៅតំបន់ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។ មានពេលខ្លះឈ្មួញរូបនេះបានធ្វើការដឹកជញ្ជូនចល័តទៅឡើងនៅតំបន់ កែវផុស ឬអណ្តូងទឹក ស្រែអំបិល និងថ្មរូងផងដែរ ដើម្បីបង្វែរដានភ្នែកសមត្ថកិច្ច បន្ទាប់មកទើបគេលើកដាក់ដឹកតាមរថយន្តចូលមកកាន់រាជធានីភ្នំពេញឆ្លងកាត់ តាមផ្លូវជាតិលេខ ៤៨ និងផ្លូវជាតិលេខ ៤ យកមកចែកចាយតាមទីផ្សារនៅក្នុងខេត្ត និងចេញទៅតាមតំបន់ផ្សេងទៀត។
អ្នកស្រុកខេត្តកោះកុងបាននាំគ្នាលើកឡើងថា ទោះជាជង្គងមាន់ និង ស្លាបមាន់ ត្រូវបានហាមឃាត់មិនអនុញ្ញាតអោយនាំចូលព្រោះវាខូចគុណភាពប៉ះពាល់ដល់សុខភាពអ្នកបរិភោគបែបណាក៏ដោយ ក៏មន្ត្រីជំនាញខិលខូចមួយចំនួននៅតែឃុបឃិតឲ្យ ម៉ែអាម៉េង លួចនាំចូលយ៉ាងសន្ធឹកសន្ធាប់ដែរ ។ករណីស៊ុមគ្រលំគ្នានេះរឹតតែធ្វើឲ្យឈ្មួញស្រីជើងខ្លាំងហៅ ម៉ែអាម៉េង ម្នាក់នេះ នៅតែមានឥទ្ធិពលកាន់តែខ្លាំង ម្យ៉ាងទៀតក៏មានឧត្តមសេនីយ៍ប៉ូលិសពាក់ផ្កាយលើស្មាម្នាក់ជាអ្នករត់ការកាងឲ្យ ម៉ែអាម៉េង ថែមទៀតផង។
ទោះជាយ៉ាងណាពួកគាត់ពុំបានបង្ហាញពីអត្តសញ្ញាណ និងតួនាទីពិតប្រាកដរបស់ ឧត្តមសេនីយ៍ប៉ូលិសរូបនោះឡើយ ប៉ុន្តែសន្យាថា នៅលេខផ្សាយបន្ទាប់ពួកគាត់នឹងធ្វើការ លាតត្រដាងពីឈ្មោះ អត្តលេខ និងមុខតំណែងរបស់លោកឧត្តមសេនីយ៍រូបនោះ ដើម្បីឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជ្រាប ប្រយោជន៍ ចាត់វិធានការទៅតាមបទបញ្ជាផ្ទៃក្នុងរបស់អគ្គស្នងការនគរបាលជាតិ។ ម្យ៉ាងទៀត ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ កុំអោយចេះតែនាំគ្នាយកអំណាចបុណ្យស័ក្តិ និងតួនាទីទៅកាង អោយឈ្មួញរកស៊ីខុសច្បាប់ ដែលជាកត្តាបណ្តាលអោយរដ្ឋមានការខាតបង់ចំណូលពន្ធយ៉ាងច្រើន សន្ធឹកសន្ធាប់ក្នុងមួយខែៗ។
គួរបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានធ្វើការព្រមានចំពោះកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទណា ដែលយកតួនាទី និងអំណាចទៅរកស៊ីខុសច្បាប់ ឬធ្វើជាខ្នងបង្អែកអោយឈ្មួញរកស៊ីខុស ច្បាប់ត្រូវតែដកខ្លួនថយជាបន្ទាន់។
ជាក់ស្តែងដូចជា លោកឧត្តមសេនីយ៍ប៉ូលិសម្នាក់នេះមិនត្រឹមតែមិនដកថយបញ្ឈប់ធ្វើជា ខ្នងបង្អែកអោយឈ្មួញរកស៊ីខុសច្បាប់ប៉ុណ្ណោះទេ តែថែមទាំងបាន គឃ្លើន និងកំពុងប្រឆាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលថែម ទៀតផង ដែលថ្នាក់លើគួរតែចាត់វិធានការដាក់ពិន័យតាមបទបញ្ជាផ្ទៃក្នុងជាបន្ទាន់ ៕