ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. ត្រូវបានរកឃើញពុំទាន់មានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2025 ក+ ក-

រោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង របស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. នៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងារក្រសួងបរិស្ថាន សហការជាមួយតំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មន្ទីរឧស្សា ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋបាលស្រុកគងពិសី និងអាជ្ញាធរឃុំជង្រុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ រកឃើញថាបានបង្កឱ្យមានការបំពុល ដោយផ្សែង និងខ្លិន ដល់ខ្យល់បរិយាកាស និងដល់ការរស់នៅប្រជាពលរដ្ឋ ប្រមាណ៤០គ្រួសារនៅក្នុងមូលដ្ឋានក្បែររោងចក្រ។

នៅលើទីតាំងជាក់ស្តែង ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនមានឡចំហាយមានចំនួន ០១គ្រឿង ដំណើរ ការដោយប្រើអុស លាយកម្ទេចជ័រដើម្បីដុត និងពុំមានប្រព័ន្ធសម្អាតផ្សែងត្រឹមត្រូវទេ។ ដូចគ្នាដែរក្រុមហ៊ុន មានឡដុតរំលាយជ័រ ចេញជាគ្រាប់ ដោយពុំមានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ទេ។ លើសពីនេះ ក្រុមហ៊ុនពុំមានការគ្រប់គ្រងសំណល់ប្លាស្ទិក និងជ័រ ប្រមូលពីរោងចក្រក្នុងស្រុកសម្រាបកែឆ្នៃ ឱ្យបានត្រឹមត្រូវផងដែរ។ ក្នុងពេលចុះពិនិត្យ ក្រុមការងារ បានធ្វើតេស្តសារធាតុបំពុលខ្យល ចំនួនពីរទីតាំងផ្សេងគ្នា នឹងបានរកឃើញថាសារធាតុក្នុងខ្យល់លើសកម្រិតស្តង់ដារ។

ចំពោះមុខ ក្រុមការងារបានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុន ដែលបានល្មើសនឹងលិខិតបទដ្ឋានគតិយុត្តបរិស្ថាន និងដែលបានបង្កការបំពុលបរិស្ថាន ដោយផ្សែង និងក្លិន ដែលល្មើសនឹងមាត្រា ១៥៦, ១៧៣ ,១៧៦, ៣១២, ៣១៣,៣១៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការផ្អាកដំណើរការឡចំហាយជាបណ្តោះអាសន្ន រហូតដល់ក្រុមហ៊ុន បានអនុវត្តកែសម្រួលប្រព័ន្ធសម្អាតសាធារធាតុបំពុលខ្យល់ និងក្លិនរួចរាល់ និងរហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន និងពិន័យអន្តរការណ៍ទៅតាមច្បាប់កំណត់។

ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនត្រូវធ្វើការកែតម្រូវវិធានការបច្ចេកទេសលើការទុកដាក់វត្ថុធាតុដើម ទីតាំងទុកដាក់សំណល់ផេះ និងសំណល់រឹងគ្រប់ប្រភេទ ដោយអនុលោមការគោល ការណ៍បច្ចេកទេសនិងច្បាប់ជាធរមាន ក្នុងករណីក្រុម ហ៊ុនមិនអនុវត្តតាមវិធានការខាងលើ ក្រុមហ៊ុននឹងប្រឈមនឹងការបិទអាជីវកម្មទាំងស្រុង៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/DceRRyF0h5c