ទីតាំងបណ្ដុះបណ្ដាលលួចលាក់ប្រព័ន្ធបច្ចេកវិទ្យាដែលគេសង្ស័យថាបង្កើតក្រុមហ៊ុនកម្ចីអនឡាញ មួយកន្លែងត្រូវបានព្រះរាជអាជ្ញារងខេត្តកំពង់ឆ្នាំងដឹកនាំសមត្ថកិច្ចចុះបង្ក្រាប រយៈពេលពេញមួយព្រឹកនិងរហូតដល់ម៉ោង២និង៣០រសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅមិនទាន់បញ្ចប់ការសាកសួរនៅឡើយ។ ទីតាំងសង្ស័យបើកបង្រៀន កម្ចីអនឡាញនេះស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលដែលកំពុងតែមមាញឹកដឹកនាំការបង្ក្រាបទីតាំងដែលសង្ស័យថា កំពុងបង្រៀនបុគ្គលិក ឲ្យចេះប្រើវិធី កម្ចីអនឡាញ នេះមិនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា តើការបង្ក្រាប ទីតាំងអ្វីឲ្យប្រាកដនោះទេ។ ប៉ុន្តែតាមស្ដាប់ការសាកសួរពីសមត្ថកិច្ច ត្រូវបានបុគ្គលិកក្រុមហ៊ុន បញ្ជាក់ថា ជាកន្លែងបង្រៀនដល់សិស្សឲ្យចេះប្រតិបត្តិការ រកអតិថិជនឲ្យខ្ចីប្រាក់ពីក្រុមហ៊ុន តាម online ។ ហើយបានឲ្យដឹងទៀតថា ទុនកម្ចីមានថៅកែនៅប្រទេសវៀតណាម ចំណែកអតិថិជនអ្នកខ្ចីក៏ជាជនជាតិវៀតណាមដែរ មិនមែននៅប្រទេសកម្ពុជាទេ។ បើតាមការពិនិត្យក្នុងកុំព្យូទ័រមានអ្នកខ្ចីពីប្រទេសវៀតណាមមែន។
ចំពោះវត្ថុតាងដែលត្រូវបានត្រួតពិនិត្យនិងត្រៀមដកហូតរួមមាន៖ តុចំនួន ២២ កៅអីចំនួន៥៦កុំព្យូទ័រលើតុ(DeskTop )១គ្រឿងកុំព្យូទ័រយួរដៃ (LapTop)២គ្រឿង។ ប្រភពដែលទទួលបានបញ្ជាក់ថាទីតាំងសង្ស័យបង្រៀនបើកកម្ចីអនឡាញទើបតែបើកបានរយៈពេល ២ ថ្ងៃប៉ុណ្ណោះ។
ដូចអ្វីដែលម្ចាស់ផ្ទះជួលឱ្យក្រុមហ៊ុនគឺលោក វ៉ាត វុទ្ធី ជាម្ចាស់ផ្ទះឲ្យជួលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ពេលមកជួលក្រុមហ៊ុន បានបញ្ជាក់ថាក្រុមហ៊ុនខ្លួនមានច្បាប់អនុញ្ញាតត្រឹមត្រូវទើបគាត់ព្រមជួលឱ្យ ។ប៉ុន្តែពេលសមត្ថកិច្ចមកឃាត់សួរនាំពុំមានលិខិតស្របច្បាប់អ្វីទាំងអស់ ហើយការជួលនេះទើបតែដាក់បានតែ ២ ថ្ងៃប៉ុណ្ណោះ។
ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោក ប៉ុល វុទ្ធី បានបញ្ជាក់តាមទូរស័ព្ទថារហូតដល់ម៉ោង ៣ រសៀលនេះ មិនទាន់ដឹងច្បាស់ថាជាក្រុមហ៊ុនអ្វីឲ្យពិតប្រាកដនោះទេ មិនអាចនិយាយថាជាក្រុមហ៊ុនកម្ចីអនឡាញនោះដែរ ។អាចថាក្រុមហ៊ុនកំពុងតែបង្រៀនបុគ្គលិកឲ្យចេះទាក់ទងអតិថិជនខ្ចីលុយពីក្រុមហ៊ុនតែប៉ុណ្ណោះ។យ៉ាងនេះក្តីតាមប្រភពក្រៅផ្លូវការបញ្ជាក់ថាក្រុមហ៊ុននេះពិតជាបើកបង្រៀនរបៀបផ្ដល់កម្ចីតាមអនឡាញពិតមែន៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/JY8DKh64KIM